ជាតិ
សេដ្ឋកិច្ច
អង្ករ បន្លែ ស្វាយចន្ទី ម្រេច ទុរេន...របស់កម្ពុជានឹងត្រូវនាំទៅលក់នៅអេមីរ៉ាតអារ៉ាប់រួម
17, Mar 2023 , 10:00 pm        
រូបភាព
Front លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​រួមគ្នាអំពី​ការបញ្ចប់​ការចរចា​ផ្លូវការនៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២៣។ រូបថត ៖ MoC។.jpg
Front លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​រួមគ្នាអំពី​ការបញ្ចប់​ការចរចា​ផ្លូវការនៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២៣។ រូបថត ៖ MoC។.jpg
កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេចប្រកាស​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​(Cambodia-UAE CEPA)ជាផ្លូវការ នាថ្ងៃទី១៦មីនា។ ការសម្រចនូវកិច្ចចរចានេះ​ បានបើកផ្លូវទីផ្សាររបស់កម្ពុជាតែធំក្នុងការចេញទំនិញផ្នែកវាយនភ័ណ្ឌ​​ ជាពិសេសគឺផលិតផលកសិកម្ម រួមទាំងផ្នែកសេវាកម្មមួយចំនួនផងដែរ។
 
លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​រួមគ្នាអំពី​ការបញ្ចប់​ការចរចា​ផ្លូវការនៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។  
 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍ក្នុងពិធីប្រកាសបញ្ចប់ការចរចាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតាមប្រព័ន្ធអនឡាញ នាថ្ងៃទី១៦មីនា ឆ្នាំ២០២៣។ រូបថត៖  MoC

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងនេះ ទាំងកម្ពុជា ទាំងអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍បានជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ និងកិច្ចសម្រួលពាណិជ្ជកម្ម។ លើសពីនេះ​ កិច្ចព្រមព្រៀងក៏ជំរុញការវិនិយោគទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ផងដែរ។​
 
លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើងថា ការបញ្ចប់កិច្ចចរចានៃការបើកទីផ្សារដោយជោគជ័យនៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួមនេះ ជាសមិទ្ធផលដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និង បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក។  បើតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ គឺគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ, វិធានដើមកំណើតទំនិញ, នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម, អនាម័យនិងភូតគាមអនាម័យ, របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។
 
លោកបន្តរៀបរាប់យ៉ាងដូច្នេះ៖ « ក្នុងនោះ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ទុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម។-ល-។»    ជាមួយគ្នានេះទីផ្សារសេវាដែលកម្ពុជាទទួលបានផងដែរនោះ រួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-។
 
បើតាមក្រសួងពាណិជ្ជកម្ម បន្ទាប់ពីពិធីប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្តដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​នាពេលខាងមុខ។
 
 
សូមជម្រាបថា កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួមបានប្រកាសបើកការចរចាជុំទីមួយនៃកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងនេះនៅរដ្ឋធានីអាប៊ុយដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២។ ការចរចាជុំទីពីរត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ និងការសម្រាប់ករាចរចាជុំទីបីដែលជាជុំចុងក្រោយត្រូវបានធ្វើឡើងនៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣៕ 

Tag:
 ពាណិជ្ជកម្ម
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com