ជាតិ
ក្រុមសិប្បករអង្គរស្នើឱ្យក្រុមហ៊ុនពន្លឿនដំណោះស្រាយឱ្យបានឆាប់
18, Mar 2023 , 7:00 pm        
រូបភាព
លោក ប៉ាវ ស៊ីណា ប្រជុំជាមួយសហជីពក្រុមហ៊ុនអាទីហ្សង់អង្គរនាពេលកន្លងមក។ រូបភាពផ្តល់ជូនដោយ លោក ប៉ាវ ស៊ីណា
លោក ប៉ាវ ស៊ីណា ប្រជុំជាមួយសហជីពក្រុមហ៊ុនអាទីហ្សង់អង្គរនាពេលកន្លងមក។ រូបភាពផ្តល់ជូនដោយ លោក ប៉ាវ ស៊ីណា
សៀមរាប៖ ក្រុមសិប្បករ នៃក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) ស្នើឱ្យក្រុមហ៊ុន ពន្លឿនដំណោះស្រាយជូនពួកគេ និងបញ្ឈប់ការព្យួរការងារបន្តទៀត ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។
 
 
ប្រធានសហជីពក្នុងក្រុមហ៊ុនសិប្បករអង្គរ អ្នកស្រី លឹម វិច បានឱ្យដឹងថា កិច្ចប្រជុំចុងក្រោយ​តំណាងក្រុមហ៊ុនសិប្បកម្មដ៏ធំនេះ ស្នើសុំបន្តព្យួរការងាររយៈពេល២ខែទៀត តែខាងសិប្បករឬបុគ្គលិក បដិសេធ។ អ្នកស្រីថា ក្រុមសិប្បករនឹងទុកពេលការព្យួរការងារចុងក្រោយនៅត្រឹមខែ មេសា ប៉ុណ្ណោះ និងមិនយល់ព្រមចំពោះសំណើរព្យួរបន្តទៀតឡើយ។
 
អ្នកស្រី លឹម វិច ប្រាប់ថា៖« យើងចង់ឱ្យក្រុមហ៊ុនមានដំណោះស្រាយ ទោះបីគាត់បិទ​ក៏ត្រូវគិតគូរ​អតីតភាពការងារដល់សិប្បករឱ្យបានឆាប់»។
 
ក្រុមហ៊ុនអាទីហ្សង់អង្គរ បានសម្រេចព្យួរការងារបុគ្គលិកពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០មក ក្រោយគ្មាន ទេសចរដោយសារបញ្ហាកូវីដ១៩។ តាមតំណាងកម្មករ ពេលព្យួរការងារដំបូង ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន៣០ដុល្លារក្នុងមួយខែ ខណៈដែលរដ្ឋាភិបាលផ្ដល់ជូន ៤០ដុល្លារ។ ក្រោយមក ទាំងក្រុមហ៊ុន និងរដ្ឋ បានផ្ដាច់ប្រាក់ឧបត្ថម្ភនេះ​ ដែលធ្វើឱ្យពួកគេលែងមានចំណូលបន្តទៀត។ 
 
ជុំវិញបញ្ហានេះ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានឱ្យដឹងថា ការព្យាយាមចង់ បន្តព្យួរការងាររបស់ក្រុមហ៊ុនអាទីហ្សង់ កំពុងបង្កការលំបាកដល់កម្មករ ឬសិប្បករ។ លោកស្នើឱ្យក្រុមហ៊ុន ធ្វើយ៉ាងណាបញ្ជាក់ឱ្យច្បាស់លាស់ពីដំណើរការទៅមុខឬយ៉ាងណា។​ លោក ស៊ីណា៖« បើបន្តព្យួរការងារ ក្រុមហ៊ុនត្រូវដោះស្រាយប្រាក់ឧបត្ថម្ភប្រចាំខែ តែបើមិនបន្ត សិប្បករសំណូមពរឱ្យក្រុមហ៊ុន ទូទាត់ប្រាក់អតីតភាពតាំងពីធ្វើដំបូងទាំងអស់»។
 
តាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណា លោកបានលើកករណីនេះទៅពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែរ។ លោកស្រី ភឿង សកុណា ប្រាប់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿន​ដោះស្រាយករណីនេះហើយ។ ក្នុងនោះ លោកស្រីស្នើឱ្យកម្មកររក្សាភាពអត់ធ្មត់ និងទុកលទ្ធភាពដល់​ក្រសួងធ្វើការ។
 
ថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសពីការផ្តល់ប្រាក់ឧបត្ថម្ភជំនួយសង្គមដល់កម្មករលើវិស័យកាត់ដេរ កាបូប និងស្បែកជើង ខណៈដែលរោងចក្របានបិទទ្វារ។ លោក ប៉ាវ ស៊ីណា ស្នើឱ្យរដ្ឋគួរផ្តល់ប្រាក់ជំនួយ សង្គមនេះដល់កម្មករគ្រប់វិស័យ។ លោកលើកឡើងដូច្នេះថា៖« ស្នើដល់រដ្ឋាភិបាល ក្រសួងការងារ ក្រសួងហិរញ្ញវត្ថុ ក្នុងការពិនិត្យផ្តល់ជំនួយមូលនិធិសង្គមនេះ បានទៅដល់កម្មករគ្រប់វិស័យទាំងអស់ មិនផ្តោតលើវិស័យកាត់ដេរ កាបូប ស្បែកជើងទេ តែគ្រប់វិស័យ ទាំងអស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករងផលប៉ះពាល់ សិប្បករអាទីហ្សង់ ដែលប៉ះពាល់ប្រាក់ចំណូល សូមឱ្យដូចៗគ្នាទាំងអស់ ដើម្បីឱ្យគាត់មានលទ្ធភាពដោះស្រាយជីវភាព»។ 
 
តាមការបញ្ជាក់ពីអ្នកស្រី លឹម វិច សិប្បករ និងបុគ្គលិក​ ដែលរងផលប៉ះពាល់នៅក្រុមហ៊ុនអាទីហ្សង់អង្គរ មានចំនួនជាងមួយពាន់នាក់។ ពួកគេភាគច្រើនពុំទាន់មានការងារធ្វើឡើងនៅ ក្រោយក្រុមហ៊ុន​ព្យួរការងារជិត៣ឆ្នាំមកនេះ៕

Tag:
 សិប្បករ
  Artisans Angkor
© រក្សាសិទ្ធិដោយ thmeythmey.com