ចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ។តែបច្ចុប្បន្នមានអត្រាបង្កកំណើតទាបបំផុត។ តើបាតុភូតនេះប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែរទេ?
ចំនួនប្រជាជនចិនធ្លាក់ចុះជាលើកដំបូងកាលពីខែមករា ស្ថិតិពីអាជ្ញាធរចិនបានបង្ហាញថានៅឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះចំនួន ៨៥០ពាន់នាក់ ដែលជាការថយចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១។ នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយនៅក្នុងប្រជាសាស្រ្តចិន។ ជាប្រទេសមួយដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មដ៏ច្រើន ការកាត់បន្ថយ ឬភាពចាស់នៃចំនួនប្រជាជន គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់សេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ។
បើតាមអ្នកជំនាញបានបង្ហាញពីមូលហេតុមួយចំនួន នោះក៏ដោយសារតែតម្លៃនៃការរស់នៅខ្ពស់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យុវជនជាច្រើនបានកាត់បន្ថយប្រាក់ចំណូល ឬបាត់បង់ការងារ ខណៈនៅក្នុងគ្រួសារ ដែលមានកូនតូចៗត្រូវការចំណាយច្រើន។
សាស្ត្រាចារ្យ Kent Deng មកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានឱ្យដឹងថា ការទិញផ្ទះក្នុងទីក្រុងត្រូវចំណាយពេល ៣០ឆ្នាំ ដើម្បីដោះបំណុលរួចទៅវិញ ។ នោះមិនទាន់និយាយពីលុយឱ្យកូនទៅរៀនមធ្យមសិក្សា និងមហាវិទ្យាល័យទេ។ ការចំណាយទាំងអស់នេះឡើងថ្លៃជាលើកទីដំបូង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍។ អត្រានៃការបង្កកំណើតធ្លាក់ចុះបណ្តាលមកពីការស្ទាក់ស្ទើររបស់មនុស្សវ័យក្មេងក្នុងការមានកូន។
នៅអាស៊ី ការចំណាយផ្សេងៗក្នុងការចិញ្ចឹមកូននៅប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីកូរ៉េ។ ទំនោរខ្លាចមានកូននឹងនាំឲ្យមានផលវិបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសង្គម។ ចំនួនប្រជាជនកាន់តែចាស់ ខណៈកម្មករវ័យក្មេងកាន់តែថយចុះ ដែលបង្ខំមនុស្សចាស់ឲ្យធ្វើការ។ ទន្ទឹមនឹងនោះ ចំនួនយុវជនដែលបង់ពន្ធក៏មានការថយចុះផងដែរ ដែលដាក់សម្ពាធលើមូលនិធិសោធននិវត្តន៍ និងប្រព័ន្ធសន្តិសុខសង្គម។
ការថយចុះចំនួនប្រជាជនប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្រៅពីសម្ពាធលើសេដ្ឋកិច្ចក្នុងស្រុក ការកាត់បន្ថយកម្លាំងពលកម្មរបស់ប្រទេសចិនក៏នឹងប៉ះពាល់ដល់ពាណិជ្ជកម្មជាច្រើនជាមួយប្រទេសផ្សេងទៀតផងដែរ។ ដោយសារតែប្រទេសចិនបច្ចុប្បន្នបានផ្តល់វិភាគទានដល់កម្មករជិត ៨០០ លាននាក់ដល់កម្លាំងពលកម្មពិភពលោក។
ចិនគឺជារោងចក្រនៃពិភពលោក កម្លាំងពលកម្មថោកនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ដូច្នេះនៅពេលដែលកម្លាំងទាំងនេះត្រូវបានកាត់បន្ថយ វានឹងនាំឱ្យមានបញ្ហាជាច្រើនប៉ះពាល់ដល់ផលិតផលជាច្រើន។
ជាច្រើនឆ្នាំមកនេះ ចិនបានពឹងផ្អែកយ៉ាងខ្លាំងលើសេដ្ឋកិច្ចផលិតកម្ម ដោយកម្លាំងពលកម្មមនុស្សដើរតួយ៉ាងសំខាន់។ តួយ៉ាងដូចជាងគ្រឿងអេឡិចត្រូនិច ទូរស័ព្ទ គ្រឿងបន្លាស់រថយន្ត ឬបន្ទះស្រូបពន្លឺព្រះអាទិត្យ ប្រសិនបើត្រូវបានផលិតនៅក្នុងប្រទេសចិន នឹងរួមចំណែកកាត់បន្ថយការចំណាយជាច្រើន។
សាស្ត្រាចារ្យ Kent Deng បានសង្កត់ធ្ងន់ថា ៖« កម្លាំងពលកម្មដ៏ច្រើនដែលមកពីតំបន់ជនបទរបស់ប្រទេសចិន គឺជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍ឧស្សាហកម្មផលិត និងដំឡើងរបស់ប្រទេសនេះ។ ប្រសិនបើបើបាត់បង់កម្លាំងពើកម្មទាំងនេះ វាប្រាកដជានឹងនាំទៅរកការធ្លាក់ចុះនៃវិស័យផលិតកម្មដោយផ្អែកលើថាមពលមនុស្ស នោះទំនិញជាច្រើននឹងមិនថោកដូចពេលនេះទេ»។
ជុំវិញរឿងនេះដែរមានការព្យាករជាច្រើនថា ឆ្នាំនេះឥណ្ឌានឹងវ៉ាដាច់ចិន ហើយក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ហើយឥណ្ឌាក៏ទំនងនឹងជំនួសចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកផងដែរ ប៉ុន្តែអ្នកជំនាញនិយាយថាអ្វីៗមិនសាមញ្ញដូចការគិតនោះទេ។
អ្នកជំនាញជាច្រើនបានឱ្យដឹងថា ទីក្រុងប៉េកាំងគ្រាន់តែលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូនច្រើនគឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះការរង់ចាំដល់កូនធំឡើងដើម្បីអាចធ្វើការ និងបង់ពន្ធបានត្រូវចំណាយរយៈពេលយូរណាស់។ អ្វីដែលរដ្ឋាភិបាលគួរធ្វើនោះគឺ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសន្តិសុខសង្គម និងលើកកំពស់គុណភាព និងគុណវុឌ្ឍិរបស់កម្មរ ដើម្បីធានាថាមនុស្សតិចពិតមែន តែអាចធ្វើការបានក្នុងទំហំច្រើនជាង និងមានប្រសិទ្ធភាពជាងមុន៕