អន្តរជាតិ
សារធាតុអ៊ុយរ៉ាញ៉ូម ២,៥ តោនដែលបាត់នៅលីប៊ី ត្រូវបានរកឃើញវិញ
18, Mar 2023 , 9:40 pm        
រូបភាព
រូបភាព AP
រូបភាព AP
ធុងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួន ដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ​​ត្រូវបានរាយការណ៍ថាបាត់ពីកន្លែងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ត្រូវបានរកឃើញវិញហើយ។ នេះបើតាម​មេបញ្ជាការផ្នែកទំនាក់ទំនងភាគខាងកើតលីប៊ី ឧត្តមសេនីយ៍ Khaled al-Mahjoub។
 
កាលពីថ្ងៃទី១៥ ខែមីនា IAEA បានរាយការណ៍ថា សារធាតុអ៊ុយរ៉ាញ៉ូមធម្មជាតិ ត្រូវបានបាត់ពីទីកន្លែងដែលបានទុកពីមុន ហើយការណ៍នេះបានបង្កជាហានិភ័យនុយក្លេអ៊ែរ និងការបង្កើត​ជាអាវុធផ្សេងៗ។
 
យ៉ាងណាមិញ ឧត្តមសេនីយ៍ Khaled al-Mahjoub បានលើកឡើងលើគេហទំព័រ Facebook របស់លោកថា ធុងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានរកឃើញវិញ នៅប្រមាណចម្ងាយ៥គីឡូម៉ែត្រ ពីកន្លែងដែលបានរក្សាទុកនៅតំបន់ Sabha ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ «ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។ IAEA ក៏ត្រូវបានជម្រាបផងដែរ»។​​ លោក Mahjoub ប្រាប់ទីភ្នាក់ងារ AFP បែបនេះ។ លោក​ Mahjoub ក៏បានបង្ហោះវីដេអូដែលបង្ហាញ ពីបុរសម្នាក់នៅក្នុងឈុតការពាររាប់ធុងពណ៌ខៀវចំនួន១៨ ដែលជាចំនួនសរុបដែលរក្សាទុក នៅកន្លែងដើម។ ឧត្តមសេនីយរូបនេះបានណែនាំថា ធុងទាំងនោះត្រូវបានលួច ហើយបន្ទាប់មកត្រូវបានបោះបង់ចោលដោយបក្សពួកឆាដ ដែលពួកគេគិតថាវាជាអាវុធ ឬគ្រាប់រំសេវ។
 
ការរកឃើញខាងនេះ ជាលទ្ធផលនៃការត្រួតពិនិត្យដែលបានគ្រោងទុកដំបូងសម្រាប់ឆ្នាំមុន ដែលត្រូវពន្យារពេលដោយសារតែស្ថានភាពសន្តិសុខក្នុងតំបន់ហើយទីបំផុត ត្រូវបានអនុវត្ត នៅថ្ងៃទី១៤ ខែមីនា។ IAEA បានបញ្ជាក់ថា ពួកគេបានត្រួតពិនិត្យទីតាំងជាប្រចាំតាមរយៈរូបភាពផ្កាយរណបពាណិជ្ជកម្ម និងព័ត៌មានប្រភពបើកចំហផ្សេងទៀត។
 
នៅលើបណ្ដាញសង្គម Facebook លោក Mahjoub បាននិយាយថា បន្ទាប់ពីការត្រួតពិនិត្យ បង្ហាញពីការបាត់សារធាតុអ៊ុយរ៉ាញ៉ូម កងកម្លាំងពាក់ព័ន្ធ Haftar ក៏បានរកឃើញធុងទាំង នោះ។ គួរបញ្ជាក់ថា លីប៊ី បានជាប់គាំងក្នុងវិបត្តិចាប់តាំងពីការផ្តួលរំលំរបស់មេដឹកនាំផ្តាច់ការ លោក Moamer Kadhafi នៅក្នុងការបះបោរដែលគាំទ្រដោយសម្ព័ន្ធយោធាណាតូ ក្នុងឆ្នាំ២០១១ ជាមួយនឹងកងជីវពលជាច្រើន បង្កើតសម្ព័ន្ធភាពប្រឆាំងដែលគាំទ្រដោយមហាអំណាចបរទេស។ ប្រទេសអាហ្វ្រិក​ខាង​ជើង​មួយនេះ នៅ​តែ​បែក​គ្នា​រវាង​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន នៅ​ក្នុង​រដ្ឋ ធានី Tripoli នៅ​ភាគ​ខាង​លិច និង​មួយ​ទៀត ​នៅ​ភាគ​ខាង​កើត​ដែល​គាំទ្រ​ដោយក្រុម Haft៕

Tag:
 លីប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com