ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី៖​ ខ្មែរត្រូវរក្សាសាមគ្គី ឯកភាពជាតិ និង​ដោះស្រាយបញ្ហាផ្ទៃក្នុង​​ដោយខ្លួនឯ​ង
19, Mar 2023 , 11:30 am        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី១៨ មីនា ឆ្នាំ២០២៣ ជាខួប៥៣ឆ្នាំ នៃរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល​ដឹកនាំដោយសេនាប្រមុខ លន់ នល់។ លោក ហ៊ុន ម៉ានី ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​​បានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៣នេះ​ ដោយ​​ចាត់ទុករដ្ឋប្រហារដែលមានការគាំទ្រពីបរទេសនេះ ជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ហើយបន្ត​​រុញច្រានប្រជាជនកម្ពុជាឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
 
ដោយទាញមេរៀនចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ លោក ហ៊ុន ម៉ានី ចង់ឱ្យកូនខ្មែរគ្រប់ជំនាន់ចងចាំថា ការជ្រៀតជ្រែកពីបរទេស អាចនាំឲ្យកម្ពុជាឆ្លងកាត់​ភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតជាសោដនាកម្មដូចអតីតកាល។ ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចបំបែកបំបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូលផងដែរ។ ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាបញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា៖ «កូនខ្មែរគ្រប់រូប ត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឲ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះកើតឡើងវិញ»។
 
​​លោក ហ៊ុន ម៉ានី ​ បានទទូចឱ្យពលរដ្ឋខ្មែរ ថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងរបស់​​កម្ពុជាឲ្យបានដាច់ខាត ដោយដោះស្រាយបញ្ហាផ្ទៃក្នុង​នានាដោយខ្លួនឯង។ ទន្ទឹមនឹងនេះ ប្រជាជាតិខ្មែរ  ត្រូវជួយជំរុញការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ដោយផ្អែកលើផលប្រយោជន៍របស់​ម្ពុជា។ លោក ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្រជាជនខ្មែរ អះអាងប្រាប់​មិត្តបរទេស​ឱ្យគោរព អធិប​តេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់​កម្ពុជា ​៕
 

Tag:
 ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com