កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimović ក្លាយជាកីឡាករវ័យចាស់ជាងគេក្នុងអ៊ីតាលី Serie A ដែលរកគ្រាប់បាល់បាន
19, Mar 2023 , 4:20 pm        
រូបភាព
Zlatan Ibrahimovic កីឡាករវ័យចាស់ជាងគេ ក្នុង Italy Serie Aរកគ្រាប់បាល់បាន រូបពី Livescores
Zlatan Ibrahimovic កីឡាករវ័យចាស់ជាងគេ ក្នុង Italy Serie Aរកគ្រាប់បាល់បាន រូបពី Livescores
កីឡាករ Zlatan Ibrahimović បាននិយាយប្រាបថា រូបលោកមានមោទកភាពជាខ្លាំង ដែលបានជាប់ជាប្រវត្តិសាស្ដ្រ នៃក្លិប AC Milan ដោយធ្លាប់មានកីឡាករល្អៗជាច្រើន ធ្លាប់ចូលរួមក្នុងក្លិបនេះ។ អ្វីដែលមានន័យសំខាន់បំផុត សម្រាប់កីឡាករវ័យ៤១ឆ្នាំរូបនេះ គឺខ្លួនលោក បានជាប់ជាកីឡាករចាស់ជាងគេ ក្នុងក្របខណ្ឌ Italy Serie A ដែលរកគ្រាប់បាល់ ក្នុងការប្រកួតបាន។

 
គ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដ៏ជោគជ័យ របស់ AC Milan ក្នុងជំនួបជាមួយ Udinese ដែលរ៉ាប់រងដោយ Zlatan Ibrahimovic នៅនាទី៤៥+៤ នាតង់ទី១ បានធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ ជាប់ជាកីឡាករវ័យចាស់រកបាល់បាន។ កីឡាករវ័យ ៤១ឆ្នាំ រូបនេះ បានប្រាប់ទៅកាន់ទូរទស្សន៍ Sky Sport Italia បន្ទាប់ពីចប់ការប្រកួតដូច្នេះថា៖ «ខ្ញុំមានមោទកភាព ដែលបានចូលប្រវតិ្តសាស្រ្តនៃក្លិបនេះ ដែលជាក្លិបដ៏អស្ចារ្យមួយដែលមានកីឡាករល្អៗ ជាច្រើនបានឆ្លងកាត់ ហើយនោះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។»។
បើទោះជាកីឡាករវ័យចាស់មួយរូបនេះ រកគ្រាប់បាល់សម្រាប់ក្រុមខ្លួនបានក៏ពិតមែន ប៉ុន្ដែ AC Milan នៅតែរបូត៣ពិន្ទុ ដោយចាញ់ Udinese ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
 
«គ្រាប់បាល់នេះមិនបាននាំមកនូវ ៣ពិន្ទុ ក្នុងនាមជាប្រធានក្រុមដំបូងឡើយ ហើយជាអកុសលការប្រកួតមិនបានដូចដែលយើងចង់បានទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ខ្ញុំមិនបានលេងក្នុងជម្រើសដំបូង អស់រយៈពេល១៤ខែមកហើយ។ ដើម្បីមានអារម្មណ៍ល្អ ហើយប្រសិនបើខ្ញុំល្អដូចថ្ងៃនេះ ខ្ញុំអាចលេងបាន ខ្ញុំមិនមានការសង្ស័យអំពីរឿងនោះទេ។»។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះ បាននិយាយបែបនេះ។
 
គួរបញ្ជាក់ផងដែរថា AC Milan កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមនៅលើកំពូលតារាង ក្នុងក្របខណ្ឌ Italy Serie A ខណៈ Napoli ឈរលេខ១ បណ្ដោះអាសន្ន មាន ៦៨ពិន្ទុ តាមពីក្រោយដោយ Inter មាន៥០ពិន្ទុ និងលេខ៣ Lazio ៤៩ពិន្ទុ។ ចំណែក AC Milan ក្រុមលេខ៤នេះ មាន៤៨ពិន្ទុ។ ដោយឡែក Roma មាន៤៧ពិន្ទុ និង Atalanta ៤៥ពិន្ទុ កំពុងប្រជែងគ្នា ឡើងមកកំពូលក្រុមទាំង៤ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន។ លទ្ធផលនេះ មិនល្អទេ ប្រសិនជា AC Milan បន្ដបរាជ័យម្ដងហើយម្ដងទៀត៕

Tag:
 (បាល់ទាត់
  Zlatan Ibrahimović)
© រក្សាសិទ្ធិដោយ thmeythmey.com