ជាតិ
ផ្សោតឈ្មោលអាយុប្រមាណ២០ឆ្នាំ ទម្ងន់១៦០គីឡូក្រាម ងាប់ដោយសារជាប់មង
20, Mar 2023 , 11:09 am        
រូបភាព
ផ្សោត០៥៦ជាផ្សោតដំបូងងាប់នៅក្នុងឆ្នាំ២០២៣
ផ្សោត០៥៦ជាផ្សោតដំបូងងាប់នៅក្នុងឆ្នាំ២០២៣
ដោយ:
ភ្នំពេញ៖ សពសត្វផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ២០ឆ្នាំ និងមានទម្ងន់១៦០គីឡូក្រាម ត្រូវបានប្រទះឃើញអណ្ដែតនៅភូមិសាស្ត្រឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះជាផ្សោតដំបូងគេដែលងាប់ក្នុងឆ្នាំ២០២៣។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ផ្សោតនេះ អាចងាប់ដោយសារជាប់មង ព្រោះមានស្លាកស្នាមនៅត្រង់ពោះ គល់កន្ទុយនិងព្រុយចំហៀង។


សត្វផ្សោតឈ្មោលនេះ មានលេខសម្គាល់ ០៥៦ អាយុប្រមាណ២០ឆ្នាំ ប្រវែង២,៣៨ម៉ែត្រ ត្រូវបានប្រទះឃើញស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុមសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងែទី១៩ ខែមីនា ​ឆ្នាំ២០២៣​ វេលាម៉ោង ៦កន្លះ។
 
ដំណឹងនៃការបាត់បង់រតនសម្បត្តិមួយក្បាលនេះ បានធ្វើឱ្យអ្នកអភិរក្ស និងអ្នកស្រឡាញ់សត្វ រួមជាមួយអាជ្ញាធរជាប់ពាក់ព័ន្ធសោកស្ដាយ និងជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងបន្ថែម លើសកម្មភាពការពារអភិរក្សសត្វទាំងនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ និងអភិរក្សសត្វផ្សោត ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិរក្ស និងធនធានធម្មជាតិក្នុងទឹករបស់កម្ពុជា។

ចាប់តាំងពីរដ្ឋាភិបាល កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានកូនផ្សោតទម្ងន់ ប្រហែល១០គីឡូក្រាម បានកើតកាលពីខែកុម្ភៈ ឆ្នាំ២០២៣៕ 
 
 

Tag:
 សត្វផ្សោត
  ងាប់
  មង
© រក្សាសិទ្ធិដោយ thmeythmey.com