ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តំហែទាំ​សុខភាព​សម្រាប់​អ្នកជំងឺ​រលាក​ក្រពះ និង ពោះវៀន
21, Mar 2023 , 6:59 am        
រូបភាព

ការ​រលាក​ក្រពះ និង ពោះវៀន គឺជា​ការ​លាក​ដោយសារ វា​មាន​ការបង្ក​រោគ នៅក្នុង​ក្រពះ និង ពោះវៀន របស់​អ្នក​។ មូលហេតុ​ជាទូទៅ​មានដូចជា ៖
  • ពពួក​វីរុស​។​
  • ប្រភេទ​អហារ និង ទឹក​ដែល​មាន​ផ្ទុក នូវ​ពពួក​បាក់តេរី និង ប៉ារ៉ាស៊ីត​។​
  • ការ​មាន​ប្រតិកម្ម​ចំពោះ អាហារ​ប្រភេទ​ថ្មី​។ កុមារ​ក្មេងៗ អាច​នឹង​មាន​ការវិវត្ត​ន៍ នូវ​សញ្ញា និង រោគសញ្ញា នូវ​មូលហេតុ​នេះ ។ កុមារ​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ ក៏​អាច​នឹង​មាន​ប្រតិកម្ម ទៅនឹង ការផ្លាស់ប្តូរ នូវ​របប​អាហារ​របស់​ម្តាយ ពួកគេ​បាន​ផងដែរ​។​
​សញ្ញា និង រោគសញ្ញា​នៃ​ជំងឺ​នេះ រួមមាន​ដូចជា​៖
  • ចង្អោ​រ ឬ ក្អួត​។​
  • រាគ​។​
  • ឈឺ​រមួល ក្នុង​ពោះ ។​
  • ​មាន​គ្រុនក្តៅ ក្នុង​កម្រិត​ទាប ( ពេលខ្លះ ) ។​
  • ដោយ​អាស្រ័យ​ទៅលើ មូលហេតុ​នៃ​ការ​រលាក រោគសញ្ញា អាច​នឹង​មាន​រយៈពេល​យូរ​ចាប់​ពី​មួយថ្ងៃ ឬ ច្រើន​ជាង​មួយ​សប្តាហ៍ ។​
​ប្រសិនបើ​អ្នក មាន​ការសង្ស័យថា ខ្លួន​អ្នក​មាន​ជំងឺ​នៃ​ការ​រលាក​ក្រពះ និង ពោះវៀន​នេះ អ្នក​ត្រូវ​៖
  • បញ្ឈប់​ការ​ទទួលទាន​អាហារ ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ដើម្បី​អនុញ្ញាត​អោយ ក្រពះ​អ្នក​នៅ​នឹង​។​
  • ផឹក​សារធាតុ​រាវ អោយបាន​ច្រើន មានដូចជា​៖ ភេ​ស​ជ្ជះ​សម្រាប់​អ្នក​ហាត់​កីឡា ឬ ទឹក​ធម្មតា ដើម្បី ការពារ​នូវ ការបាត់បង់​ជាតិ​ទឹក​។ ប្រសិនបើ​អ្នក​មាន​ការពិបាក មិន​អាច​ធ្វើ​ការទទួល​យកជាតិ​ទឹក បាន នោះ​ព្យាយាម​ក្រេប​វា អោយបាន​ជា​ញឹកញាប់​។ ចូរ​ប្រាកដថា អ្នកធ្វើការ​បត់ជើងតូច បាន​ដូច ធម្មតា និង ទឹកនោម​របស់​អ្នក មាន​ពណ៌​ថ្លា​ច្បាស់ និង មិន​មាន​ពណ៌​ចាស់​។ ការ​បត់ជើង​តូច​មក មិន​ញឹកញាប់ និង​មាន​ពណ៌​លឿង​ចាស់ គឺជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​។ ប្រសិនបើ​មាន​រោគ សញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង​ចំពោះ​អ្នក ហើយ​អ្នក​មិន​អាច​ធ្វើការ​ផឹក​ទឹកបាន នោះ​អ្នក​ត្រូវ ស្វែងរក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់​។​
  • ធ្វើការ​ទទួលទាន​អាហារ អោយ​បាន​ដូច​ធម្មតា​វិញ​។ ចាប់ផ្តើម ធ្វើ​ការបរិភោគ​អាហារ​ដែល​មាន រសជាតិ​សាប និង អាហារ​ដែល​ងាយស្រួល​នឹង​រំលាយ បន្តិច​ម្តងៗ មានដូចជា នំ​បុ័ង​ដុត​, ចេក​, អង្ករ និង សាច់មាន់​។ ត្រូវ​បញ្ឈប់​កា​រញុំា​វិញ ប្រសិនបើ​ការ​ក្អួត​របស់​អ្នក ចាប់ផ្តើម​រើ មកវិញ​។ ជៀសវាង​នូវ​ទឹកដោះគោ និង ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​, សារជាតិ​កាហ្វេ​អ៊ី​ន​,​ស្រា នីកូទីន និង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ខ្ពស់ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​
  • ពិចារណា​ពី​ការប្រើប្រាស់​ថ្នាំ អា​សេ​តា​មី​ណូ​ហ្វែ​ន ( ទី​ឡេ​ណុល និង ប្រភេទ​ផ្សេងៗ​ទៀត​) ដើម្បី ជួយ​កាត់បន្ថយ​ភាពឈឺចាប់ លុះត្រាតែ​អ្នក​មិន​មាន​ជំងឺថ្លើម ។
  • ធ្វើការ​សម្រាក​អោយបាន​ច្រើន​។ ស្ថានភាព​ជំងឺ និង ការបាត់បង់​ជាតិ​ទឹក​នេះ អាច​ធ្វើអោយ​អ្នក ចុះខ្សោយ និង អស់កំលាំង ។​
​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ប្រសិនបើ ៖
  • បន្ត​មាន​ការ​ក្អួត ច្រើន​ជាង​រយៈពេល​ពីរ​ថ្ងៃ​។​
  • រាគ​ជាប់​រហូត ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​។​
  • រាគ​មាន​លាយ​ឈាម​។​
  • មាន​គ្រុនក្តៅ ៣៨, ៣​អង្សា​សេ ឬ ខ្ពស់​ជាង​នេះ ។​
  • មាន​សភាព​វិលមុខ ឬ សន្លប់​កើតមាន ក្នុងពេល​កំពុង​ឈរ​។​
  • មាន​ការវិវត្តន៍ នូវ​អារម្មណ៍​វង្វេងវង្វាន់​។​
  • មាន​ការវិវត្តន៍ នូវ​ការឈឺចាប់​ក្នុង​ពោះ ដែល​មាន​លក្ខណៈ​គួរ​អោយ​បារម្ភ​ជាខ្លាំង ។​
​ប្រសិនបើ​អ្នក សង្ស័យថា កូន​របស់​អ្នកមាន​ជំងឺ​រលាក​ក្រពះ និង ពោះវៀន នោះ​អ្នក​ត្រូវ​៖
  • ​អនុញ្ញាត​អោយ​កូន​របស់​អ្នក ធ្វើការ​សម្រាក​។​
  • នៅពេល​ដែល​កូន​អ្នក​ឈប់​ក្អួត ចាប់ផ្តើម​ធ្វើ​ការផ្តល់​សូល្យុយស្យុង​តាមមាត់​ដើម្បី ជួយ​បង្គ្រប់​ជាតិ ទឹក​ដែល​បាន​បាត់បង់​។ អ្នក​មិន​ត្រូវ​ប្រើ​តែ​ទឹក​ធម្មតា ឬ ទឹក​ប៉ម​ប៉ុណ្ណោះ​ទេ​។​
  • ចាប់ផ្តើម​អោយ​ពួកគេ ទទួល​អាហារ​ដែល​មាន​រសជាតិ​សាប និង ងាយ​ក្នុង​ការរំលាយ មានដូចជា នំ​បុ័ង​, ចេក និង ដំឡូង​បារាំង​។ ជៀសវាង​ធ្វើ​ការផ្តល់​អោយ​កូន​អ្នក​នូវ ផលិតផល​ដែល​មាន​ជាតិ ខ្លាញ់ មានដូចជា​ទឹកដោះគោឆៅ និង ការ៉េម និង អាហារ​ដែល​មាន​ជាតិ​ស្ករ ។ ពីព្រោះ​ពួក​វា​ទាំង នេះ អាច​ធ្វើអោយ​ស្ថានភាព​ជំងឺរាគ ពួកគេ​កាន់តែ​មាន​សភាព​អាក្រក់​ជាង​មុន​។​
  • អ្នក​អាច​ផ្តល់អោយ​ពួកគេ នូវ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វែ​ន ដើម្បី​បំបាត់​ភាព​មិន​សុខ​ស្រួល ក្នុងករណី ដែល​ពួកគេ​មិន​មាន​ជំងឺថ្លើម​។ តែ​អ្នក​មិនត្រូវ ផ្តល់​ថ្នាំ​អាស្ពីរីន​អោយ​ពួកគេ​នោះ​ទេ​។​
  • ប្រសិនបើ​អ្នក​បំបៅ​ដោះដល់​ពួកគេ នោះ​ត្រូវ​អោយ​ពួកគេ​បៅ​អោយបាន​ច្រើន​។ តែ​ប្រសិនបើ​គេ បៅ​ទឹកដោះគោ នោះ​អ្នក​ត្រូវ​ផ្តល់​នូវ​សូលុយស្យុង ដើម្បី​បង្គ្រប់​ជាតិ​ទឹក​បន្ថែម ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com