អន្តរជាតិ
ការ​ចរចា​កំពុង​ធ្វើ​ឡើង​ ដើម្បី​បន្ត​​នូវ​ការ​សាងសង់​ផ្លូវ​ដែក​នៅ​មីយ៉ាន់ម៉ា​ភ្ជាប់​ចិន​ទៅ​ឆក​សមុទ្រ Bengal
20, Mar 2023 , 7:29 pm        
រូបភាព
រូប​ឯកសារ៖ កម្មករ​ម្នាក់​ដើរ​កាត់​រថភ្លើង​ដឹក​ប្រេង​នៅ​ក្រុង Suining ខេត្ត Sichuan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​ឆ្នាំ​២០០៩។
រូប​ឯកសារ៖ កម្មករ​ម្នាក់​ដើរ​កាត់​រថភ្លើង​ដឹក​ប្រេង​នៅ​ក្រុង Suining ខេត្ត Sichuan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​ឆ្នាំ​២០០៩។
ដោយ: VOA
រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​មាន​ការ​ពន្យារ​ពេល​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ការ​ពិភាក្សា​កំពុង​ធ្វើ​ឡើង​អំពី​ការ​បន្ត​ឡើង​វិញ​នូវ​កិច្ចការ​នៃ​គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​នឹង​ភ្ជាប់​ខេត្ត Yunnan នៃ​ប្រទេស​ចិន​ជាមួយ​ឆក​សមុទ្រ Bengal។
 
គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​ដែល​រួម​មាន​ការ​កសាង​បណ្ដាញ​ផ្លូវ​រថភ្លើង Pan-Asian Railway Networkឆ្លងកាត់​តំបន់​អាស៊ី​ដែល​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា វៀតណាម ថៃ និង​កម្ពុជា។
 
គម្រោង​ផ្លូវ​រថភ្លើង​នេះ​មាន​ប្រវែង​ប្រមាណ ១.០០០ គីឡូម៉ែត្រ ហើយ​បែងចែក​ជា​ពីរ​ផ្នែក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ផ្នែក​ទី​មួយ​ពី​ក្រុង Muse ទៅ​កាន់​ក្រុង Mandalay ហើយ​ផ្នែក​ទី​ពីរ​ភ្ជាប់​ក្រុង Mandalay ជាមួយ​ក្រុង​កំពង់ផែ Kyaukphyu នៅឆកសមុទ្រ Bengal។ នៅ​ពេល​ស្ថាបនា​ចប់ ផ្លូវ​ដែក​នេះ​នឹង​ផ្ដល់​ឱ្យ​ប្រទេស​ចិន​នូវ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ ដោយមិន​ចាំបាច់​ត្រូវដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់ឆ្លង​កាត់​ច្រក​សមុទ្រ Malacca នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ឥណ្ឌូណេស៊ី​នោះ​ឡើយ។
 
លោក​ឧត្ដមសេនីយ៍​ទោ Zaw Min Tun អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា បាន​ប្រាប់​វីអូអេ​ភាសា​ភូមា​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ជាមួយ​ប្រទេស​ចិន​សម្រាប់​គម្រោងអភិវឌ្ឍន៍​នានា។ គម្រោង​ផ្លូវ​ដែក​ទៅកាន់​ក្រុង Kyaukphyu គឺ​មាន​បញ្ចូល​នៅ​ក្នុងកិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​ទាំង​នោះ។ ...អធិការកិច្ច​នៅ​នឹង​កន្លែង​និង​របាយការណ៍​នានា​បាន​ធ្វើ​ចប់​សព្វ​គ្រប់​ហើយ។ ការ​អនុវត្តបន្ត​គម្រោង​ទាំង​នេះ​ឡើង​វិញ​នៅ​កំពុង​ពិភាក្សា​គ្នា​នៅ​ឡើយ»។
 
ផ្នែកផ្សាយ​ជា​ភាសា​ភូមានៃ​វីអូអេ​បាន​ផ្ញើ​អ៊ីមែល​ទៅ​ស្ថានទូត​ចិនប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​អត្ថាធិប្បាយអំពី​គម្រោង​ផ្លូវ​ដែក​នេះ ប៉ុន្តែមិន​បាន​ទទួលការ​ឆ្លើយតប​ណា​មួយ​ទេ។
 
រដ្ឋាភិបាល​ចិន​ដែល​ពឹងពាក់​លើ​ប្រេង​ឥន្ធនៈ​របស់​តំបន់​មជ្ឈិម​បូព៌ា ចង់​បញ្ចៀស​មិន​ឱ្យ​ប្រទេស​មហា​អំណាច​បរទេស​ណា​មួយ​បង្អាក់​ដល់​ការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​ពី​តំបន់​មជ្ឈិម​បូព៌ា​តាម​រយៈ​ការ​រាំង​ខ្ទប់​ច្រក​សមុទ្រ​នានា។
 
នៅ​ក្នុង​សមាជ​គណបក្ស​លើក​ទី ២០ កាលពី​ខែ​តុលា​ឆ្នាំ​មុន ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​សង្កត់​ធ្ងន់​ថា សន្តិសុខ​ថាមពល​ជា​កង្វល់​ចម្បង​មួយ​របស់​រដ្ឋាភិបាល​ចិន។ ចិន​បាន​នាំចូល​ប្រេង​ឆៅ​ប្រហែល ៧០% នៃ​ចំនួន​ដែល​ខ្លួន​ត្រូវការ ហើយ​ភាគ​ច្រើន​នៃ​ប្រេង​ឆៅ​នេះ​គឺ​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត ទោះ​ជា​ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​ច្រើន​ឱ្យ​ប្រទេស​ចិន​ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​លុកលុយ​ប្រទេស​អ៊ុយក្រែន​មក​ក៏ដោយ។ 
 
មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ដឹក​ជញ្ជូន​មីយ៉ាន់ម៉ា​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជាមួយ​អ្នក​កាសែត បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បញ្ជាក់​ថា​ពិតជា​មាន​ការ​ប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​ជាមួយ​សមភាគី​ចិន​ពិត​ប្រាកដ​មែន​ដើម្បី​បន្ត​ឡើង​វិញ​នូវ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្នែក​ផ្លូវ​ដែក​របស់​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​ក្រុមហ៊ុន China Railway Eryuan Engineering Group (CREEG)។
 
ការ​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទ្វេ​ភាគី​សម្រាប់​គម្រោង​ផ្លូវ​ដែក​រវាង​ទីក្រុង Kunming នៃ​ប្រទេស​ចិន​និង​ទីក្រុង Kyaukphyu នៃ​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​ចំណាយ​អស់​ប្រមាណ ៩ ពាន់​លាន​ដុល្លារ ត្រូវ​បាន​អនុវត្ត​កាលពី​ឆ្នាំ ២០១៩។ គម្រោង​ផ្លូវ​រថភ្លើង​នេះ​ឋិត​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ចំនួន ៣៣ ដែល​លោក Xi បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​មករា​ឆ្នាំ ២០២០។
 
ប្រទេស​ចិន​និង​ប្រទេស​មីយ៉ាន់ម៉ា​បាន​យល់ព្រម​ឱ្យ​មាន​ការ​សាងសង់​ផ្នែក​ទីមួយ​នៃ​ផ្លូវ​រថភ្លើង​នេះ​កាលពី​ឆ្នាំ ២០១៩។
 
នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ អ្នក​វិទ្យាសាស្ត្រ​មីយ៉ាន់ម៉ា​និង​ចិន​បាន​ធ្វើការ​វាយតម្លៃ​ខាង​បរិស្ថាន​សម្រាប់​ផ្នែក​ទី​មួយ​នៃ​គម្រោង​ផ្លូវ​ដែក​នេះ ដែល​ត្រូវ​បាន​យល់ព្រម​កាលពី​ឆ្នាំ ២០២២។ សម្រាប់​ផ្នែកទី​ពីរនៃ​គម្រោង​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​កាលពី​ចុង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​វេបសាយ​ព័ត៌មាន Frontier Myanmar និង​ការ​បញ្ជាក់​របស់​លោក Zaw Min Tun។
 
បើ​តាម​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា​កន្លង​ទៅ​នេះ ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​ប្រទេស​ថៃ​កាត់​តាម​ប្រទេស​ឡាវ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com