កីឡាអន្តរជាតិ
អន្តរជាតិ
លោក Deschamps បដិសេធមិនឆ្លើយឆ្លងរឿងទំនាស់ជាមួយ ​Benzema
20, Mar 2023 , 8:29 pm        
រូបភាព
​លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង នៅថ្ងៃទី១៩ ខែមីនា ចេញមុខបដិសេធមិនឆ្លើយឆ្លងរឿងរ៉ាវទំនាស់ជាមួយខ្សែប្រយុទ្ធ Karim Benzema។ Deschamps និង  Benzema មានញ្ហាជម្លោះនឹងគ្នាបន្ទាប់ពី World Cup ឆ្នាំ២០២២នៅកាតា បានបញ្ចប់។ គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បដិសេធមិនលើកយកបញ្ហាមកបកស្រាយ ដោយចាត់ទុកជារឿងហួសទៅហើយ។


លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានបាត់បង់ខ្សែប្រយុទ្ធ Benzema ពីក្រុមខ្លួននៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ក្រោមហេតុផលរបួសសាច់ដុំភ្លៅអំឡុងហ្វឹកហាត់។ បន្ទាប់ពីទទួលដំណឹងពីបញ្ហារបួសម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ ក៏បានចាកចេញពីក្រុមជម្រើសជាតិមុនពេលក្រុមត្រូវធ្វើបេសកកម្មប្រជែងការពារពានរង្វាន់ World Cup របស់ខ្លួន។
 
មុនពេលក្រុមជម្រើសជាតិបារាំងកាលនោះឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតទល់ក្រុមម៉ារ៉ុក Benzema ដែលមានបញ្ហារបួសក៏បានវិលចូលហ្វឹកហាត់ជាមួយក្រុម ​Real Madrid វិញ ខុសពីការបញ្ជាក់របស់លោក Deschamps ដែលថាកីឡាករវ័យ ៣៤ឆ្នាំមិនអាចប្រកួតឱ្យក្រុមបាន។ បារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ក្រុមអាហ្សង់ទីនដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-២។ ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា ខ្សែប្រយុទ្ធ Real Madrid ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងដោយក្តីខឹងសម្បារចំពោះលោក Deschamps។
 
កាលពីដើមខែមីនា លោក Deschamps បាននិយាយនៅក្នុងកិច្ចសម្ភាសជាមួយកាសែត Le Parisien ថាបន្ទាប់ពី Benzema បានស្កេនពិនិត្យរបួសរួចមក ខ្សែប្រយុទ្ធរូបនោះបានអះអាងថាក្តីសង្ឃឹមលេង World Cup ខ្លួនបានបញ្ចប់។ គ្រូបង្វឹកវ័យ ៥៤ឆ្នាំអះអាងថា Benzema បានចាកចេញពីសណ្ឋាគាដែលក្រុមស្នាក់នៅ នៅពាក់កណ្តាលយប់បន្ទាប់ពីការពិនិត្យរួច ដោយលោកមិនបានជួបជជែកអ្វីឡើយជាមួយខ្សែប្រយុទ្ធរបស់ក្រុម Real Madrid។
 
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Deschamps តារាបាល់ទាត់ម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២២ បានសរសេរបង្ហោះសារលើ Instagram ដោយចោទប្រកាន់ Deschamps ថានិយាយកុហក និងគ្មានភាពក្លាហានក្នុងការនិយាយការពិត។
 
យ៉ាងណានាថ្ងៃទី១៩ មីនា ក្នុងកម្មវិធីទូរទស្សន៍ TF1 Show Telefoot គ្រូបង្វឹកបារាំងបានបដិសេធមិននិយាយបកស្រាយបន្ថែមទៀតឡើយចំពោះរឿងអាស្រូវជាមួយ ​Benzema។
«ខ្ញុំមិនមែនមនុស្សស្ថិតនៅក្នុងភាពចម្រូងចម្រាសទេ ខ្ញុំត្រូវនិយាយអ្វីដែលជាការពិត និងដែលបានកើតឡើង ប៉ុន្តែមកដល់ពេលនេះវាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះសម្រាប់ខ្ញុំ។»។ លោក Dechamps បាននិយាយបែបនេះ។
 
បារាំង ក្រុមជើងឯករង World Cup 2022 នឹងត្រូវជួបប្រកួតជាមួយក្រុមហូឡង់វគ្គជម្រុះពានរង្វាន់ Euro 2024 នៅថ្ងៃទី២៤ ខែមីនា៕
 

Tag:
 Karim Benzema
  France
© រក្សាសិទ្ធិដោយ thmeythmey.com