ជាតិ
នៅបារាំង រថយន្តចាស់ៗមួយចំនួនត្រូវចតទុកចោល ព្រោះថ្លៃដឹករថយន្តនោះទៅលក់ខ្ពស់ 21, Mar 2023 , 8:59 am

×![]()
ប្រទេសបារាំង៖ តាមធម្មតានៅប្រទេសបារាំង មិនសូវមានរថយន្ដកញ្ចាស់ដែលគេទុកចោលច្រើនប៉ុន្មានទេ ពីព្រោះសម្បូរកន្លែងដែលទិញឡានចាស់ជិះមិនកើត យកទៅកាប់សាច់ យកគ្រឿងបន្លាស់លក់បន្ត។ ប៉ុន្តែបើសិនជាតម្លៃដឹករថយន្ដទៅក្រុមហ៊ុនអេតចាយនោះ វាថ្លៃជាងតម្លៃលក់ឡានខូចៗទៀត នោះមានម្ចាស់រថយន្ដខ្លះ ក៏សម្រេចចិត្តទុកចោលឡានរបស់ខ្លួនវិញ។ ពួកគេរស់នៅជនបទ ហើយមានដីទំនេរបន្តិច។ នាយ យ៉ាន បានរកឃើញរថយន្ដបុរាណទុកចោល ១គ្រឿង នៅខេត្តកំណើតរបស់គាត់។ គឺជាម៉ាក RENAULT ប្រភេទ 4 ម៉ូឌែល Savane ពណ៌ស ផលិតឆ្នាំ១៩៨៦ ១៩៨៧ ឬ១៩៨៨។ ម្ចាស់ឡាននេះ បានចតវាចោលប្រហែល៤ឆ្នាំហើយ។ វាជិះមិនកើតទេ។ វាមានគ្រឿងពីដើមច្រើន ប៉ុន្តែច្រែះស៊ីដែកច្រើនដែរ។ ខាងក្នុង នៅខ្វះតែកៅអីក្រោយប៉ុណ្ណោះ។ ម្ចាស់រថយន្ដនេះ ប្រើផ្នែកខាងក្រោយទុកដប ប៊ីដុង និងធុងថ្នាំផ្សេងៗ ប្រើមួយដងមួយកាល។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
RENAULT 4 Savane ត្រូវបានផលិតពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២។ ពាក្យបារាំង savane មានន័យថា វាលស្មៅ នៅដែនដីអាកាសធាតុក្ដៅ។ RENAULT 4 គ្រប់ម៉ូឌែលត្រូវបានផលិតឡើងសរុប ៨ ១៣៥ ៤២៤គ្រឿង ពីឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៩២ (១៩៩៤ នៅប្រទេសអេស្ប៉ាញ) ក្នុងរោងចក្រ៩កន្លែង ក្នុងនោះមានរោងចក្រចំនួន៧ នៅទ្វីបអឺរ៉ុប និង២នៅអាម៉េរិកខាងត្បូង។ នៅប្រទេសកម្ពុជា ទំនងជាមានរថយន្តម៉ាក RENAULT 4 នេះ មួយ ឬក៏ពីរគ្រឿងដែរ។
បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕




Tag:
រថយន្ត
យានយន្ត
រថយន្តបុរាណ
ឡានបុរាណ
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com