កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ អគ្គិ សំខាន់ក្នុងកីឡា និងប្រើតាំងពីអូឡាំពិកសម័យបុរាណ ២០០០ឆ្នាំមុនគ្រិស្តសករាជ
21, Mar 2023 , 12:00 pm        
រូបភាព
អត្ដពលិកកម្ពុជា រត់ភ្លើងគប់ ជុំវិញប្រសាទអង្គរវត្តវង់តូច
អត្ដពលិកកម្ពុជា រត់ភ្លើងគប់ ជុំវិញប្រសាទអង្គរវត្តវង់តូច
ភ្លើងជានិមិត្តរូប ដ៏សំខាន់ក្នុងវិស័យកីឡា និងការប្រកួតព្រឹត្តិការណ៍កីឡាធំៗកម្រិតអន្ដរជាតិ។ ពិធីទទួលព្រះអគ្គិកីឡា មានប្រវត្តិយូណាស់មកហើយចាប់តាំងពីអូឡាំពិកសម័យបុរាណ ២០០០ឆ្នាំ មុនគ្រិស្ដសករាជ រហូតទល់ពេលបច្ចុប្បន្ន។ នេះជាការពន្យល់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។


កម្ពុជា បានធ្វើពិធីទទួលព្រះអគ្គិកីឡា នាថ្ងៃទី២១ ខែមីនា ដែលប្រោសព្រះរាជប្រទានដោយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បន្ទាប់ពីទទួលភ្លើងនោះតាមរយៈការដុតដោយកម្ដៅព្រះអាទិត្យ។ 
  

អត្ដពលិកកម្ពុជា រត់ភ្លើងគប់ជុំវិញប្រាសាទអង្គរវត្ត វង់តូច
 
លោក វ៉ាត់ ចំរើន បានពន្យល់ប្រាប់អត្ថន័យ នៃពិធីនេះដូច្នេះថា ព្រះអគ្គិកីឡាជានិមិត្តរូប ​នៃការប្រកួតកីឡាជាអន្ដរជាតិ ដែលមានប្រវត្តិតាំងពីអូឡាំពិកសម័យបុរាណ នៅប្រទេសក្រិក ទាំងអូឡាំពិកសម័យបុរាណ ២០០០ឆ្នាំមុនគ្រិស្ដសករាជ និងការប្រកួតអូឡាំពិកសម័យទំនើប។ ការរៀបចំសុំភ្លើងអាទិទេពកីឡា ដើម្បីជានិមិត្តរូប នៃសេចក្ដីសុខ សេចក្ដីចំរើន និងជានិមិត្តរូបនៃថាមពលរបស់ជីវិតមនុស្ស នៅលើភពផែនដី ហើយក៏ដើម្បីគោលការណ៍ នៃចលនារួមក្នុងវិស័យកីឡា អូឡាំពិកផងដែរ។ ​
 
«ភ្លើង ជានិមិត្តរូបមួយ ដែលបញ្ជាក់ថា ប្រជាជនមានថាមពល សក្ដានុពលកីឡា ឬគុណតម្លៃ អូឡាំពិក។ ភ្លើង ជានិមិត្តរូប នៃមិត្តភាព សាមគ្គីភាព និងនិមិត្តរូប នៃសុខសន្ដិភាព និងនិមិត្តរូបនៃសុភមង្គល របស់ប្រជាជន នៅលើភពផែនដីនេះ។ ដូច្នេះ គេ តែងយកភ្លើងទៅបើកក្នុងការប្រកួតព្រឹត្តិការណ៍ កីឡាធំៗ រហូត ទៅដល់ពិធីបិទ ទើបអាចភ្លើងនេះរលត់បាន។»។ អគ្គលេខាធិការ CAMSOC  និយាយប្រាប់អ្នកសារព័ត៌មានដូច្នេះ។
 
លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ភ្លើង ក៏ជានិមិត្តរូបនៃ ភាពយុត្តិធម៌ នៃការប្រកួតប្រជែងក្នុងវិស័យកីឡា ដោយគោរពទៅលើគោលការណ៍រួមគ្នា។ អគ្គលេខាធិការរូបនេះ ពន្យល់បន្ថែមដូច្នេះថា៖«និមិត្តររូបនៃភ្លើងនេះហើយបានធ្វើឲ្យកីឡាករ កីឡាការិនី មានឆន្ទៈ នៃការប្រកួត ប្រជែងប្រកបដោយភាពយុត្តិធម៌ ត្រឹមត្រូវ គោរពទៅតាមគោលកាណ៍។ កីឡាករ-កីឡាការិនី យកភ្លើងនេះ ជានិមិត្តរូបនៃការប្រកួតប្រកបដោយយុត្តិធម៌។ ការប្រកួតកីឡា គឺប្រកួតដោយមានចិត្តសប្បុរស ប្រកួតដោយសេចក្ដីថ្លៃថ្នូរ លេងដោយគោរពនូវ បទបញ្ជាការប្រកួត ប្រកួតដោយគោរពក្របសីលធម៌របស់កីឡា អ៊ីចឹង មានអត្ថន័យជ្រាលជ្រៅ និងស៊ីជម្រៅសម្រាប់ ក្នុងវិស័យកីឡាកម្ពុជា ជាពិសេស គឺចលនាអូឡាំពិកនៅលើពិភពលោក។»។
 


អត្ដពលិកកម្ពុជា រត់ភ្លើងគប់ជុំវិញប្រាសាទអង្គរវត្ត វង់តូច
 
ក្នុងកម្មវិធិទទួលអគ្គិជ័យកីឡា និងកម្មវិធីរត់ភ្លើងគប់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កីឡាករ វ៉ា មិថុនា ម្ចាស់មេដាយមាសកីឡាតេក្វានដូ WT នៅស៊ីហ្គេម ប្រទេសវៀតណាម និងកីឡាការិនី វិត ចន្ថា ម្ចាសមេដាយ​​មាស​២ និង​ប្រាក់​១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ី ជាតំណាងព្រឹត្តិការណ៍ធំទាំងពីរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មកទទួលព្រះអគ្គិពីព្រះមហាក្សត្រ។ អត្ដពលិកទាំងពីរ បានចាប់រត់ជុំវិញវង់តូចនៃរមណីយដ្ឋានអង្គរ។ ក្រៅពីអត្ដពលិក២រូបនេះ ក៏មានអត្ដពលិកស៊ីហ្គេម ១០រូប និងអត្ដពលិកប៉ារ៉ាឡាំពិក ១០រូប និងរត់បណ្ដាក់គ្នា នៅជុំវិញវង់តូចនៃ ប្រាសាទអង្គរនេះជាបន្តបន្ទាប់រហូតដល់លានជន់ដំរី។ 
 
បន្ទាប់ពីការរត់ជុំវិញអង្គររួច កម្ពុជា នឹងដង្ហែភ្លើងគប់កីឡានេះ ទៅប្រទេសដែលជាសមាជិកប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ លោក វ៉ាត់ ចំរើន ប្រាប់បន្ថែមថា៖«យើង រត់ជុំវិញប្រទេសទាំងអស់នោះ ដើម្បីបានការគាំទ្រពីសមាជិកស៊ីហ្គេម របស់យើង និងសមាជិកអាស៊ានប៉ារ៉ាហ្គេម។ យើង នឹងត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីរត់បញ្ចប់នៅប្រទេសទាំងអស់នោះ ហើយរត់ជុំវិញបឹងទន្លេសាប នឹងចូលមកស្ដាតមរតកតេជោវិញ ដើម្បីប្រារព្ធពិធីជាផ្លូវការ របស់កីឡាស៊ីហ្គេម។»។
 
អគ្គលេខាធិការ Camsoc រូបនេះ ក៏បានសង្កត់ធ្ងន់ថា ភ្លើងព្រះអគ្គិនេះ មិនអាចរលត់បានទេ ហើយត្រូវថែរក្សាឲ្យបានចាប់ពីថ្ងៃប្រកួតរហូត ដល់ថ្ងៃបញ្ចប់។ «យើង បានយកមកពីព្រះអាទិត្យ។ អ៊ីចឹងភ្លើងនេះ ទោះរត់ដល់ណាក៏ដោយ គឺត្រូវថែរក្សាឲ្យ ឆេះរហូត ទៅដល់ពិធីបិទការប្រកួតស៊ីហ្គេម បានអាចពន្លត់បាន។»។ លោក វ៉ាត់ ចំរើន បាននិយាយបន្ថែមដូច្នេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ការប្រកួតនេះ នឹងចាប់ផ្ដើមថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ភ្លើងគប់
  អគ្គិកីឡា
  វ៉ាត់ ចំរើន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com