អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង
21, Mar 2023 , 1:59 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា​ ហ្វូមីអូ​ នៅថ្ងៃទី២១ ខែមីនា កំពុងបំពេញទស្សនកិច្ចទៅអ៊ុយក្រែន ក្រោយទស្សនកិច្ចផ្លូវការនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។
 
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២០ ខែមីនា បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានជួបជាមួយសមភាគីឥណ្ឌា លោក  នារិន្ទ្រា ម៉ូឌី ដើម្បីជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី សន្តិសុខ និងពាណិជ្ជកម្មជាច្រើន។ ក្រោយចាកចេញពីឥណ្ឌា លោក ហ្វូមីអូ មិនបានត្រលប់មកប្រទេសវិញឡើយ ប៉ុន្តែលោកបានឆ្ពោះទៅប៉ូឡូញ ក្នុងគោលបំណងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK​ នាយករដ្ឋមន្រ្តីជប៉ុន បានឡើងលើរថភ្លើងនៅទីក្រុង Przemysl ប៉ូឡូញ នាវេលាម៉ោង ១និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២១ ខែមីនា ដើម្បីឆ្ពោះទៅក្រុងកៀវ ក្នុងគោលបំណងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ 
 
នេះជាលើកដំបូងនៃដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុន ទៅប្រទេសដែលកំពុងមានសង្រ្គាម ឬមានការប្រយុទ្ធគ្នា ចាប់តាំងពីចប់សង្រ្គាមលោកលើកទីពីរមក។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ ប្រមុខរដ្ឋាភិបាលជប៉ុន និងជាប្រធានផ្លាស់វេននៃក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅក្នុងឆ្នាំនេះ គ្រោងនឹងជជែកពីការគាំទ្របន្ថែមចំពោះអ៊ុយក្រែនប្រឆាំងរុស្ស៊ី ការកសាងប្រទេសឡើងវិញ ក៏ដូចជាជំនួយមនុស្សធម៌ជាដើម។ 
 
កន្លងមក រដ្ឋាភិបាលក្រុងតូក្យូ បានផ្តល់ជំនួយច្រើនជាង ៧ពាន់លានដុល្លារទៅអ៊ុយក្រែន និងបានទទួលយកប្រជាជនចំណាកស្រុកអ៊ុយក្រែនច្រើនជាង ២ពាន់នាក់ ដោយជួយឱ្យមានការងារ អប់រំ និងការគាំទ្រលើផ្ទះសម្បែង ស្របពេលប្រទេសអាស៊ីខាងកើតនេះ មានការរឹតត្បិតលើគោលនយោបាយអន្តោប្រវេសន៍។
 
កន្លងមក ជប៉ុន ក៏ធ្លាប់បានចូលរួមជាមួយបណ្តាប្រទេសលោកខាងលិចផងដែរ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន៕ 
 
 

Tag:
 ជប៉ុន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com