ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ៖ សមយុទ្ធជាមួយទ័ពចិន នឹងធ្វើឲ្យទ័ពកម្ពុជា ចេះប្រើសម្ភារៈទំនើបៗ 21, Mar 2023 , 3:59 pm
សកម្មភាពកងទ័ពឡើងយន្តហោះ ក្នុងអំឡុងពេលធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន កាលពីឆ្នាំ២០១៩។ រូបពីក្រសួងការពារជាតិ
×
ដោយ៖ ទេពញាណ
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មើលឃើញថា កងទ័ពកម្ពុជា នឹងទទួលបានផលប្រយោជន៍ពីការធ្វើសមយុទ្ធជាមួយកងទ័ពចិន។ ផលប្រយោជន៍ដែលលោកមើលឃើញនោះ គឺកងទ័ពកម្ពុជា នឹងទទួលបានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដែលស្របតាមស្ថានការណ៍ប្រទេសជាតិ។
ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន លោក ថោង សូលីម៉ូ ថ្លែងថា ឆ្នាំកន្លងៗមក និងបច្ចុប្បន្ន ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា មានភារកិច្ចច្រើនដែលត្រូវរៀបចំព្រឹត្តិការណ៍នានា ហើយទាមទារឲ្យកងកម្លាំងកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការកាពារសន្តិភាព សន្តិសុខ និងការថែរក្សាសណ្តាប់ធ្នាប់។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បង្ហាញក្តីរំពឹងដែលកងទ័ពកម្ពុជានឹងទទួលបានពីការធ្វើសមយុទ្ធជាមួយកងទ័ពចិន យ៉ាងដូច្នេះថា៖«ដូចជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម ខាងមុខនេះ គឺថា នាយទាហានរបស់យើង ចេះប្រើប្រាស់សម្ភារៈ ឧបករណ៍ គ្រឿងបំពាក់ថ្មីៗទំនើបទាន់សម័យ»។
លោក ថោង សូលីម៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ រូបពីវីដេអូនៃទូរទស្សន៍ជាតិកម្ពុជា
យោងតាមទំព័ហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា សមយុទ្ធនាគមាសនេះ មានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅតំបន់យោធាភ្នំជុំរីករាយ ខេត្តកំពង់ធំ។ ក្រសួងការពារជាតិ បន្តថា នាវាដឹកសម្ភារៈយោធារបស់ភាគីចិន បានមកដល់កំពង់ផែខេត្តព្រះសីហនុ កាលម្សិលមិញ (២០មីនា)។
ក្នុងសន្និសីទខាងលើ លោក ថោង សូលីម៉ូ លើកឡើងថា កងកម្លាំងកម្ពុជា ដែលនឹងចូលរួមធ្វើសមយុទ្ធ មាន៥៨៣នាក់ ឯកងកម្លាំងរបស់ចិន មាន២៥៧នាក់។ លោកឧត្តមសេនីយ៍រូបនេះ បន្ថែមថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង និងជំនាញជាមួយគ្នាទៅវិញទៅមក។
សូមរម្លឹកថា កម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ សមយុទ្ធនេះ ត្រូវបានផ្អាកអស់៣ដង គឺនៅឆ្នាំ២០១៧ ឆ្នាំ២០២១ និងឆ្នាំ២០២២។ នៅឆ្នាំ២០១៧ ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទើបសមយុទ្ធនេះ ត្រូវបានផ្អាក ហើយការផ្អាក នៅឆ្នាំ២០២១ និងនៅឆ្នាំ២០២២ គឺដោយសារការរាលដាលជំងឺកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com