អន្តរជាតិ
អាមេរិក បង្ហាញរបាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅឥណ្ឌាដែលមិនសូវល្អ
21, Mar 2023 , 4:29 pm        
រូបភាព
របាយការណ៍ប្រចាំឆ្នាំរបស់អាមេរិកស្ដីអំពីការអនុវត្តសិទ្ធិមនុស្សដែលចេញផ្សាយនៅថ្ងៃទី២០ ខែមីនា​បង្ហាញពីបញ្ហាសិទ្ធិមនុស្សដែលគួរឱ្យកត់សម្គាល់របស់ឥណ្ឌា និងការរំលោភបំពានសិទ្ធិដែលកំណត់​គោលដៅលើជនភាគតិច អ្នកប្រឆាំង រួមទាំងអ្នកកាសែតជាដើម។
 
ជាការរិះគន់ដ៏កម្រលើសម្ព័ន្ធមិត្តរបស់ខ្លួន អាម៉េរិកបានបង្ហាញរបាយការណ៍មួយដែលបញ្ជាក់ពីការ​រក​ឃើញរបស់អាមេរិកករណីបំពានសិទ្ធិមនុស្សរបស់ឥណ្ឌា។ សកម្មភាពបំពាន បង្កដោយ​រដ្ឋាភិបាល ប៉ូលិស និងមន្ត្រីនៅពន្ធនាគារមួយចំនួនទៀត។
 
យោងតាមរបាយការណ៍របស់អាមេរិក បញ្ហាសិទ្ធិមនុស្សដែលគួរឱ្យកត់សម្គាល់នៅឥណ្ឌាក៏រួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ឬប្រពឹត្តិអំពើឃោរឃៅអមនុស្សធម៌ដោយប៉ូលិស ឬ​មន្ត្រីពន្ធនាគារលើអ្នកទោសនយោបាយ​ និងអ្នកជាប់ឃុំ ក៏ដូចជាការចាប់ខ្លួន ការកាត់​ទោស​ដោយ​អយុត្តិធម៌លើអ្នកសារព័ត៌មានផងដែរ។ 
 
អ្វីដែលក្រុមការពារសិទ្ធិមនុស្សនៅឥណ្ឌាបារម្ភ គឺគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល ឥណ្ឌាដែលកំណត់គោលដៅលើប្រជាជនមូស្លីម​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់​គណបក្សជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី។
 
ក្នុងឆ្នាំ ២០២២ អាជ្ញាធរបានកម្ទេចចោលហាង និងទ្រព្យសម្បត្តិខុស ច្បាប់ដែល​ភាគច្រើន​ស្ថិត​ក្រោម​កម្មសិទ្ធិប្រជាជនមូស្លីមនៅឥណ្ឌា។ អ្នករិះគន់បានចាត់ទុកសកម្មភាពនេះ​ជាការប៉ុន​ប៉ង​ដើម្បី​បំភ័យប្រជាជនមូស្លីមចំនួន២០០លាននាក់ក្នុងប្រទេសមួយនេះ។ យ៉ាងណាមិញរដ្ឋាភិបាល​បាន​ការពារចំណាត់ការរបស់ខ្លួនជាការអនុវត្តច្បាប់ទៅវិញ។
 
«សកម្មជនសិទ្ធិមនុស្សបានរាយការណ៍ពីរដ្ឋាភិបាលដែលត្រូវបានចោទប្រកាន់ថា កំណត់គោលដៅ​លើ​អ្នករិះគន់ក្នុងចំណោមសហគមន៍មូស្លីម និងបានប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែង និងជីវភាព​របស់ពួកគេដោយគ្មានដំណើរការត្រឹមត្រូវ»។ របាយការណ៍ខាងលើសរសេរបែប​នេះ​រួ​ច​បន្តថា​ អង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភពីការប្រើប្រាស់ច្បាប់ទប់ស្កាត់សកម្មភាព​ខុស​ច្បាប់ ដើម្បីឃុំខ្លួន សកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត។
 
គួរបញ្ជាក់ថា ចាប់តាំងពីលោក ម៉ូឌី ចូលកាន់តំណែងក្នុងឆ្នាំ២០១៤ ឥណ្ឌាបាន​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់ទី១៤០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នករាយការ​ណ៍​គ្មានព្រំដែនទៅចំណាត់ថ្នាក់ទី១៥០ កាលពីឆ្នាំមុនដែលជាក​ម្រិតទាបបំផុតមិនធ្លាប់មាន៕
 
 
 
 
 

Tag:
 អាម៉េរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com