សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារពិភពលោក៖ ស៊ីរីត្រូវការលុយ៧,៩ពាន់លានដុល្លារក្នុងពេល៣ ឆ្នាំដើម្បីសាងសង់ឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
22, Mar 2023 , 8:29 am        
រូបភាព
គ្រោះរញ្ជួយដីនៅស៊ីរី ។ រូបភាពពី Al Jazeera ។
គ្រោះរញ្ជួយដីនៅស៊ីរី ។ រូបភាពពី Al Jazeera ។
ធនាគារពិភពលោក (WB) បានវាយតម្លៃពីគ្រោះមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ ដែលបានកើតឡើងនៅស៊ីរីដែលធ្វើឱ្យខាតបង់សរុបចំនួន៥,២ពាន់លានដុល្លារ ក្នុងនោះ ៣,៧ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ១,៥ពាន់លានដុល្លារនៅក្នុងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងសេដ្ឋកិច្ច។
 
ធនាគារពិភពលោកបានលើកឡើងនៅថ្ងៃទី ២០ ខែមីនាថា គ្រោះរញ្ជួយដីនៅស៊ីរីកាលពីខែកុម្ភៈ នឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបពិត (Real GDP) របស់ស៊ីរីចំនួន៥,៥ភាគរយនៅឆ្នាំ២០២៣ ហើយប្រទេសនេះត្រូវការទឹកប្រាក់ចំនួន៧,៩ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំសម្រាប់ការកសាងឡើងវិញ។
 
កន្លងមកធនាគារពិភពលោកបានព្យាករថា GDP របស់ស៊ីរីក្នុងឆ្នាំ ២០២៣ នឹងធ្លាក់ចុះ ៣,២ភាគរយដោយសារតែជម្លោះប្រដាប់អាវុធនៅតែបន្ត រួមជាមួយថ្លៃអាហារ និងថាមពលខ្ពស់ និងគ្រោះរាំងស្ងួតនាំឱ្យផលិតផលស្បៀងធ្លាក់ចុះ។​
 
ផលប៉ះពាល់អវិជ្ជមាននៃការរញ្ជួយដីនេះបានធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ស៊ីរីធ្លាក់ចុះពី ២,៣ភាគរយដល់៥,៥ភាគរយនៅឆ្នាំនេះ ដែលធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសកាន់តែអាក្រក់ទៅបន្ទាប់ពីជម្លោះដ៏រាំរ៉ៃរយៈពេល១២ឆ្នាំ។
 
បើតាមរបាយការណ៍វាយតម្លៃការខូចខាត និងតម្រូវការឆាប់រហ័សរបស់ធនាគារពិភពលោក ការរញ្ជួយដីនាពេលថ្មីៗនេះបានបណ្តាលឱ្យខូចខាតសរុបចំនួន ៥,២ពាន់លានដុល្លារ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធចំនួន ៣,៧ពាន់លានដុល្លារ និងការខូចខាតចំនួន ១,៥ពាន់លានដុល្លារជាមួយបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងទៀត។
 
វិស័យដែលរងគ្រោះខ្លាំងជាងគេគឺលំនៅដ្ឋាន ការដឹកជញ្ជូន បរិស្ថាន និងកសិកម្ម។ យោងតាមធនាគារពិភពលោក ក្នុងចំណោមទឹកប្រាក់ចំនួន៧,៩ពាន់លានដុល្លារ ដែលត្រូវការសម្រាប់ការកសាងឡើងវិញនោះ ៣,៧ពាន់លានដុល្លារគឺត្រូវការក្នុងឆ្នាំដំបូង និង ៤,២ពាន់លានដុល្លារត្រូវការសម្រាប់ពីរឆ្នាំបន្ទាប់។ ក្នុង​ចំណោម​នោះ វិស័យ​កសិកម្ម​មាន​តម្រូវ​ការ​ច្រើន​ជាង​គេ (២៧ភាគរយ) បន្ទាប់​មក​គឺ​លំនៅឋាន (១៨ភាគរយ) ការ​គាំពារ​សង្គម (១៦ភាគរយ) និង​មធ្យោបាយ​ដឹក​ជញ្ជូន (១២ភាគរយ)។
 
«ការធ្លាក់ចុះសេដ្ឋកិច្ចបានកើនឡើងជាចម្បងដោយសារតែហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងសកម្មភាពពាណិជ្ជកម្មដែលជាប់គាំង»។ ធនាគារខាងលើបញ្ជាក់បែបនេះ មុនព្រមានថា អតិផរណានឹងកើនឡើងយ៉ាងខ្លាំង ដែលភាគច្រើនបណ្តាលមកពីកង្វះទំនិញ ថ្លៃដឹកជញ្ជូន និងការកើនឡើងនៃតម្រូវការទូទៅសម្រាប់សម្ភារៈសំណង់។
 
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីបានឆក់យកជីវិតមនុស្សជិត ៦.០០០នាក់ និងរបួសរាប់ពាន់នាក់ទៀតនៅក្នុងប្រទេសស៊ីរី។ អគារជិត ១៨០០បានដួលរលំ ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ស្ថិរភាព​ជីវិត​របស់​ប្រជាជន​នៅ​តំបន់​រងគ្រោះ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​គឺជា​អាទិភាព​ចម្បង។
 
ទោះបីជាយ៉ាងណាក៏ដោយ អស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសស៊ីរីធ្វើឱ្យការងើបឡើងវិញកំពុងជួបនៅស្ថានភាពដ៏លំបាក ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយ កសាងឡើងវិញ និងរក្សាលំនឹងជីវិតរបស់ប្រជាជន នឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារតំបន់ភាគពាយ័ព្យនៃប្រទេសស៊ីរីនៅតែត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រឆាំង៕
 

Tag:
 ស៊ីរី
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com