ជាតិ
ក្រសួងទេសចរណ៍ ឱ្យម្ចាស់អាជីវកម្មតាំងបង្ហាញបញ្ជីរាយនាមសេវាកម្ម និងដាក់តម្លៃផលិតផល ដល់ភ្ញៀវ
21, Mar 2023 , 6:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឱ្យម្ចាស់អាជីវកម្ម រៀបចំដាក់តាំងបញ្ជីរាយនាមសេវាកម្ម ដោយភ្ជាប់ជាមួយតម្លៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវ និងពុំចាំបាច់តថ្លៃ។


បើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយភ្ជាប់ជាមួយតម្លៃ ដោយត្រូវ សរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេស នៅបន្ទាប់ ឬបន្ទាត់ខាងក្រោម។ រីឯភាសាបរទេសទីបី សរសេរ នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។ 
 
ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម ដែលត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ។ 
 
តាមសារាចរដដែល ម្ចាស់អាជីវកម្ម​ ត្រូវបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗ ដោយត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេ សម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍។ 
 
ចំពោះសេវាកម្មម្ហូបអាហារ តូបលក់អាហារ តូបលក់អាហារចល័ត ដែលប្រកបអាជីវកម្មជាលក្ខណៈ តូចតាច ឬការគ្រប់គ្រងលក្ខណៈគ្រួសារ ក៏ត្រូវអនុវត្តតាមការណែនាំខាងលើដែរ ឬយ៉ាងហោច ត្រូវមានដាក់តាំងបង្ហាញជារូបភាព ឬទម្រង់ងាយស្រួលផ្សេងៗ អំពីម្ហូបអាហារ ដែលមានជូនភ្ញៀវ ដោយមានការបញ្ជាក់តម្លៃជាក់លាក់។ រីឯ ការដាក់ឈ្មោះសេវាកម្ម និងឈ្មោះមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តអញ្ញាណជាតិ សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ 
 
ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលពុំអនុវត្តតាមការណែនាំ នឹងត្រូវដកហូតអាជ្ញាបណ្ណទេសចរណ៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕ 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com