អន្តរជាតិ
ធនាគារ UBS ប្រកាស​ទិញ​ធនាគារ Credit Suisse ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព
21, Mar 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ស្លាកសញ្ញា​ធនាគារ​ស្វ៊ីស UBS និងធនាគារ Credit Suisse ក្នុង​ទីក្រុង Zurich ប្រទេស​ស្វ៊ីស។
រូបឯកសារ៖ ស្លាកសញ្ញា​ធនាគារ​ស្វ៊ីស UBS និងធនាគារ Credit Suisse ក្នុង​ទីក្រុង Zurich ប្រទេស​ស្វ៊ីស។
ដោយ: VOA
ធនាគារ UBS ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បង្អស់​របស់​ស្វីស គ្រោង​នឹង​ទិញ​ធនាគារ Credit Suisse ដែល​ជា​ធនាគារ​ធំ​ជាង​គេ​ទី​ពីរ​របស់​ស្វីស​និង​ជា​គូ​ប្រជែង​របស់​ខ្លួន ក្នុង​ទឹក​ប្រាក់ ៣,២៥ ពាន់​លាន​ដុល្លារ​ដើម្បី​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​ពិភាក្សា​កាលពី​ចុង​សប្ដាហ៍​ក្នុង​គោល​បំណង​បង្ការ​កុំ​ឱ្យ​មាន​វិបត្តិ​ធនាគារ​អន្តរជាតិ​ធំ​ជាង​នេះ​កើតឡើង ប៉ុន្តែ​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយសារ​ក្ដី​បារម្ភ​អំពី​រឿង​នេះ។
 
កិច្ច​ព្រមព្រៀង​ទិញ​ធនាគារ Credit Suisse នេះ​គឺ​សំខាន់​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ភាព​ចលាចល​សេដ្ឋកិច្ច​រីក​រាលដាល​នៅ​ទូទាំង​ប្រទេស​ស្វីស​និង​ធ្លាយ​ចេញ​ទៅ​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ស្វីស។
 
វិធានការ​នេះ​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ថា​ជា​វិធានការ​មួយ​ដែល​នឹង​គាំទ្រ​ស្ថិរភាព​ហិរញ្ញវត្ថុ បន្ទាប់ពី​មាន​ភាព​ចលាចល​រយៈពេល​មួយ​សប្ដាហ៍​ក្រោយពី​ធនាគារ​ពីរ​របស់​សហរដ្ឋ​អាមេរិក​បាន​ដួល​រលំ​មក។
 
ការ​ទិញ​ធនាគារ Credit Suisse នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត បន្ទាប់ពី​មាន​ការ​ពិភាក្សា​គ្នា​នៅ​ឯ​ក្រសួង​ហិរញ្ញវត្ថុ​ស្វីស​នៅ​ទីក្រុង Bern មក និង​នៅ​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​ជិត​បើក​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ​នេះ។
 
អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​គឺ​ប្រធានាធិបតី​ស្វីស​លោក Alain Berset ប្រធាន​ធនាគារ UBS លោក Colm Kelleher និង​ប្រធាន​ធនាគារ Credit Suisse លោក Axel Lehmann រួម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស្វីស​និង​ប្រធាន​នៃ​ធនាគារ​ជាតិ​ស្វីស (SNB) និង​និយ័តករ​ហិរញ្ញវត្ថុ ​FINMA ផង​ដែរ។
 
ប្រទេស​ស្វីស​មាន​កេរ្តិ៍ឈ្មោះ​ដោយសារ​ភាព​លេចធ្លោ​នៃ​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន។ លោក Berset បាន​និយាយ​ថា ការ​ទិញ​ធនាគារ Credit Suisse នេះ​គឺ​ជា «ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការ​ស្ដារ​ទំនុកចិត្ត​ឡើង​វិញ​ដែល​កំពុង​ធ្លាក់ចុះ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ពេល​ថ្មីៗ​នេះ»។
 
លោក Berset បាន​បន្ថែម​ថា ប្រសិនបើ​ធនាគារ Credit Suisse ដួល​រលំ វា​នឹង​មាន «ផល​វិបាក​ដែល​មិន​អាច​គណនា​បាន​សម្រាប់​ប្រទេស​និង​សម្រាប់​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com