អន្តរជាតិ
កូរ៉េខាងត្បូង សម្រេចចែករំលែកព័ត៌មានចារកិច្ចជាមួយជប៉ុនឡើងវិញ
21, Mar 2023 , 8:29 pm        
រូបភាព
លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បុង (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូន នៅក្រុងតូក្យូ ក្នុងថ្ងៃទី១៦ ខែមីនា។ រូបភាព Yonhap
លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បុង (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូន នៅក្រុងតូក្យូ ក្នុងថ្ងៃទី១៦ ខែមីនា។ រូបភាព Yonhap
កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមីនា បានជូនដំណឹងភាគីជប៉ុនពីសេចក្តីសម្រេចលើការស្តារកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកិច្ចយោធាឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២១ ខែមីនា។


ទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន កាន់តែមានភាពល្អប្រសើរឡើង ក្នុងរដ្ឋបាលរបស់លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជិតខាងទាំងពីរ កាន់តែស្អិតរមួត ក្រោយពីមានការដោះស្រាយលើបញ្ហាចាប់បង្ខំកម្លាំងពលកម្មនៅសម័យសង្រ្គាម។ ជាចុងក្រោយ កូរ៉េខាងត្បូង បានជូនដំណឹងភាគីជប៉ុន ពីការសម្រេចស្តារកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកិច្ចឡើងវិញថែមទៀត។
 
តាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃទី២១ ខែមីនា រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជូនលិខិតផ្លូវការទៅរដ្ឋាភិបាលក្រុងតូក្យូតាមរយៈផ្លូវទូត ដោយប្រាប់ពីសេចក្តីសម្រេចលើកចោលការផ្អាកកិច្ចព្រមព្រៀងការចែករំលែកព័ត៌មានសន្តិសុខយោធា (GSOMIA) នៅក្នុងឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
កិច្ចព្រមព្រៀងចែករំលែកព័ត៌មានយោធានេះ ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៦ និងត្រូវបានផ្អាកការអនុវត្តទៅវិញនៅក្នុងឆ្នាំ២០១៩ ក្នុងពេលទំនាក់ទំនងក្រុងសេអ៊ូល និងក្រុងតូក្យូ មានភាពល្អក់កករជុំវិញបញ្ហាការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម។ 
 
សេចក្តីសម្រេចរបស់ភាគីកូរ៉េខាងត្បូងនេះ ជាដំណឹងល្អមួយសម្រាប់អាម៉េរិក ក៏ដូចជាប្រទេសជិតខាងទាំងពីរ ដើម្បីឈានទៅដល់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ផ្សេងៗ ស្របពេលមានការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង និងនុយក្លេអ៊ែរនៅក្នុងតំបន់។ 
 
នៅសប្តាហ៍មុន កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មី ក្រោយខកខានចាប់តាំងពីឆ្នាំ២០២២ មក។ មីស៊ីលអន្តរទ្វីបចុងក្រោយនេះ ត្រូវបានអ្នកជំនាញជឿថា អាចវាយប្រហារនៅកន្លែងណាមួយក៏បានក្នុងដីអាម៉េរិក។​
 
មុនពេលការជូនដំណឹងខាងលើ ជប៉ុន នៅថ្ងៃទី១៦ ខែមីនា ក៏បានប្រកាសលើកចោលការរឹតត្បិតការនាំចេញធាតុកម្រ ៣ប្រភេទទៅកូរ៉េខាងត្បូងផងដែរ ដែលជាប្រភេទធាតុកម្រសម្រាប់ផលិតផ្ទាំង Display និង សឺមីកុងឌុចទ័រ (Semiconductor)។ ការដកចោលការរឹតត្បិតធាតុកម្រទាំងបី នឹងជួយកូរ៉េខាងត្បូងផលិតបន្ទះឈីបបន្ថែម ខណៈពិភពលោកកំពុងមានតម្រូវការខ្លាំង៕ 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com