ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក យឹម ស៊ីណន អាចប្រឈមនឹងច្បាប់ ដោយសារសំណេរមួយលើហ្វេសប៊ុក
21, Mar 2023 , 5:51 pm        
រូបភាព
លោក យឹម ស៊ីណន ជាអ្នកគាំទ្រម្នាក់របស់លោក កឹម សុខា អាចនឹងប្រឈមុខនឹងតុលាការ ក្រោយលោក បង្ហោះសំណេរមួយលើគណនីហ្វេសប៊ុក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។


«បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ ថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ»។ ជាសំណេរបស់លោក យឹម ស៊ីណន។ ក្រោយមក លោក ក៏លុបសំណេរនេះចោលវិញ ដោយលើកហេតុផលថា មានគេអានទៅហើយយល់ច្រឡំពីអត្ថន័យរបស់លោក។ 
 
លោក សរសេរសំណេរលើកទី២ថា៖«គ្រាន់តែខ្ញុំបង្ហោះសារដែលជាសំឡេងរបស់អ្នកអង្គុយផឹកការហ្វេសោះ បែរជាមានបងប្អូនជាច្រើនគិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញចុះ»។
 
ស្រាប់តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើគណនីហ្វេសប៊ុករបស់សម្តេចឈ្មោះ  «Hun Sen» ចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិ (Comment) នៃគណនីហ្វេសប៊ុកលោក យឹម ស៊ីណន ដោយសម្តេច ប្រាប់លោក យឹម ស៊ីណនថា៖«មិនបាច់លុបទេក្មួយ»។
 
បុរសម្នាក់ សួរសម្តេចក្នុង Comment នោះថា៖«អាចមានទោសទេសម្តេច?»។ សម្តេច ឆ្លើយថា៖«បើគ្មានទោសទើបចម្លែក ព្រោះនេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណា យើងទុកជូនតុលាការជាអ្នកកាត់ក្តី៕

Tag:
 យឹម ស៊ីណន
© រក្សាសិទ្ធិដោយ thmeythmey.com