ជាតិ
លោក យឹម ស៊ី​ណន និង​លោក ហ៊ុន កុសល ​ត្រូវបាន​​ចាប់ខ្លួនក្រោយបង្ហោះសារពាក់ព័ន្ធនឹងព្រះមហាក្សត្រ​
21, Mar 2023 , 8:45 pm        
រូបភាព
លោក យឹម ស៊ីណន(ពាក់អាវពណ៌លឿង) និងលោកហ៊ុន កុសល អង្គុយទន្ទឹមគ្នានៅលើកង់បី
លោក យឹម ស៊ីណន(ពាក់អាវពណ៌លឿង) និងលោកហ៊ុន កុសល អង្គុយទន្ទឹមគ្នានៅលើកង់បី
លោក យឹម ស៊ី​ណន និង​លោក ហ៊ុន កុសល ដែលត្រូវបានគេដឹងជា​សកម្មជនស្និទ្ធនឹងលោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ទី​២១ មីនា​នេះ​។ នេះ​បើ​យោងតាម​បណ្តាញ​ព័ត៌មាន Fresh News​។
 
 
​ប្រភពព័ត៌មានដដែល​​បញ្ជាក់ថា ការ​ចាប់ខ្លួននេះកើតឡើងក្រោយអ្នកទាំង២ បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួនដែលមាន​ខ្លឹមសារ​ញុះញង់​ពាក់ព័ន្ធ​នឹង​រូបភាព​អង្គ​ព្រះមហាក្សត្រ ដែល​ទ្រង់​យាង​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នាព្រឹកថ្ងៃទី២១ ខែមីនានេះ នៅ​​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​២១​មីនា​នេះ លោក យឹម ស៊ី​ណន ដែលជា​អ្នកគាំទ្រ​ម្នាក់​របស់លោក កឹម សុខា បាន​បង្ហោះ​សំណេរ​មួយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ខ្លឹមសារ​ដូច្នេះ​ថា ៖ «​បើតាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ​ថ្ងៃនេះ យើង​អាច​ឃើញច្បាស់​ថា អ្នកណា​ជា​ស្តេច​ផែនដី​ពិតប្រាកដ​»​។ 
 
​ក្រោយមក លោក ក៏​លុប​សំណេរ​នេះ​ចោល​វិញ ដោយ​លើក​ហេតុផល​ថា មាន​គេ​អាន​ទៅហើយ​យល់ច្រឡំ​ពី​អត្ថន័យ​របស់លោក ហើយ​បាន​សរសេរ​សំណេរ​លើក​ទី​២​ថា​៖«​គ្រាន់តែ​ខ្ញុំ​បង្ហោះ​សារ​ដែលជា​សំលេង​របស់​អង្គុយ​ផឹក​ការ​ហ្វេ​សោះ បែរ​ជាមាន​បងប្អូន​ជាច្រើន​គិត​ប្រៀបធៀប​ទៅ​រឿង​ផ្សេង​ទៅវិញ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​បង្ហោះ​មុននេះ ខ្ញុំ​សូម​លុបចេញ​វិញ​ចុះ​»​។​
 
​ស្រាប់តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ឈ្មោះ  «Hun Sen» ចូលទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ (Comment) នៃ​គណនី​ហ្វេ​ស​ប៊ុ​កលោក យឹម ស៊ី​ណន ដោយ​សម្តេច ប្រា​ប់លោក យឹម ស៊ី​ណន​ថា​៖«​មិនបាច់​លុប​ទេ​ក្មួយ​»​។ បន្តម​កទៀត មាន​បុរស​ម្នាក់ សួរ​សម្តេច​ក្នុង Comment នោះ​ថា​៖«​អាចមាន​ទោស​ទេស​ម្តេច​?»​។ សម្តេច ឆ្លើយថា​៖«​បើ​គ្មាន​ទោស​ទើប​ចម្លែក ព្រោះនេះ​មិនមែនជា​របៀប​បញ្ចេញមតិ​ទេ តែ​ជាការ​បំភ្លៃ​ការពិត​មួយ​ដោយ​ចេតនា​។ ទោះយ៉ាងណា យើង​ទុក​ជូន​តុលាការ​ជា​អ្នកកាត់ក្តី​។​

អត្ថបទទាក់ទង
 

ដោយឡែក លោក ហ៊ុន កុសល នៅ​ថ្ងៃទី​២១​នេះ​ដដែល ក៏បាន​បង្ហោះ​សំណេរ​មួយ​ដោយ​ភ្ជាប់​ជាមួយ​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហា​ក្សាក​ម្ពុ​ជា ព្រះករុណា ព្រះបាទ ព្រះ​នរោត្តម សីហមុនី ដែលទ្រង់​គង់ប្រថាប់ មុន​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិកីឡា នៅមុខ​ក្តារបែន ប្រាសាទអង្គរវត្ត។ ​​សារ​នោះ​មាន​ខ្លឹមសារ​ដូច្នេះ​៖ «​ឃើញ​ពួកគេ​ធ្វើបាប​ព្រះទ័យ នឹង​បន្ទាប​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក​បែបនេះ​។ ទូលបង្គំ​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ​ប្តេជ្ញា​នឹង​ប្រើ​សមត្ថភាព​ដែលមាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្តុំ​ជាមួយ​លោក​ប្រធាន កឹម សុខា ការពារ​ព្រះ​ចេស្ដា​ក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដែល​ប្រជារាស្ត្រ​ខ្មែរ​មិនអាច​ខ្វះ​បាន​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com