ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ជំរុញឱ្យពន្លឿនវិសោធនកម្មច្បាប់ពីការត្រួតពិនិត្យគ្រឿងញៀន
22, Mar 2023 , 1:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង
ភ្នំពេញ៖ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការធ្វើវិសោធនកម្មច្បាប់ត្រួតពិនិត្យគ្រឿងញៀន ដែលបាន​អូសបន្លាយ​អស់ប្រមាណ២ឆ្នាំកន្លងមក។
 
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ សម្ដេច ស ខេង បង្ហាញ​ពីការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាគ្រឿងញៀន ដែលសមត្ថកិច្ចរឹបអូសបានជាង១៤តោនកាលពីឆ្នាំ២០២២។ តួលេខនេះ គឺមានការកើនជាង៣០០ភាគរយ បើធៀបនឹងឆ្នាំ២០២១។
 
ដើម្បីទប់ស្កាត់ករណីបទល្មើសគ្រឿងញៀន និងការពារពលរដ្ឋពីគ្រឿងញៀន សម្ដេច ស ខេង បានណែនាំ​មន្ត្រីពាក់ព័ន្ធខិតខំធ្វើវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យហើយមុនអាណត្តិនេះ។ ការលើកបែបនេះ ក៏ដោយសារសម្ដេច ស ខេង អង្កេតឃើញការអូសបន្លាយអស់ប្រមាណ២ឆ្នាំមកហើយ ស្ដីពីការធ្វើវិសោធនកម្មច្បាប់ខាងលើ។ 
 
«ពាក់ព័ន្ធនឹងច្បាប់គ្រឿងញៀននេះ តើយើងត្រូវការពេលប៉ុន្មានទៀត ឃើញសិក្សាយូរណាស់ហើយ ១ឆ្នាំទៅ២ឆ្នាំជាងហើយទេដឹង! អីក៏ពិបាកខ្លាំងម្ល៉េះ! វិសោធនកម្មយើងយកតែចំណុចមួយចំនួនទេ សូមយកចិត្តទុកដាក់ពន្លឿន»។ សម្ដេច ស ខេង លើកឡើងបែបនេះ ហើយជំរុញឱ្យគិតគូរការពារដល់ក្រុមងាររងគ្រោះពីគ្រឿងញៀន។ សម្ដេច ផ្ដោតលើការធ្វើតេស្តរកសារធាតុញៀន។ ជាមួយគ្នាដែរ សម្ដេចបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀ បើអាចហើយក្នុងអាណត្តិនេះ គឺជារឿងល្អប្រសើរ។ 
 
នៅឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនបាន៦ ៣៩០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥ ០០២នាក់ ក្នុងនោះករណីធំៗមានរហូតដល់១៧៩ករណី ដែលភាគច្រើនជាការបង្ក្រាបសារធាតិគីមីផ្សំ។ ទន្ទឹមនឹងនេះ អ្វីដែលសម្ដេច ស ខេង បារម្ភមួយទៀត គឺភាគច្រើននៃអ្នកជាប់ពន្ធនាគារជាង៣ម៉ឺននាក់ គឺមាន៥០ភាគ សុទ្ធតែជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com