កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ ទៅដល់វៀតណាម និងត្រៀមហែក្នុងក្រុងហាណូយ នាថ្ងៃទី២៤ ខែមីនា
23, Mar 2023 , 9:53 am        
រូបភាព
លោក​ ហោ សារុន បេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC និង លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម។ រូបភាពពី AKP
លោក​ ហោ សារុន បេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC និង លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម។ រូបភាពពី AKP
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ នៅយប់ថ្ងៃទី២២ ខែមីនា តាមរយៈជើងហោះហើរពីខេត្តសៀមរាប។ ភ្លើងគប់ត្រូវរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម មុនធ្វើពិធីដង្ហែក្នុងក្រុងហាណូយនៅថ្ងៃទី២៤ ខែមីនា។
 
ពិធីដង្ហែភ្លើងគប់ ដែលដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC បានទៅដល់ក្រុងហាណូយដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។
 
ភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ដែលមានទីតាំងក្នុងក្រុងហាណូយ នៅថ្ងៃទី២៤ ខែមីនា មុនបន្តឆ្ពោះទៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៥ ខែមីនា។ 
 
អគ្គិជ័យកីឡា និងភ្លើងគប់ នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង១១ក្នុងតំបន់អាស៊ាន ដែលជាសមាជិកត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម ដោយប្រទេសដែលត្រូវហែទៅដល់បន្ទាប់ពីហ្វីលីពីន គឺព្រុយណេ។
 
ចេញពីព្រុយណេ នឹងដង្ហែបន្តបន្ទាប់ឆ្ពោះទៅប្រទេសឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនមកដល់ភ្នំពេញ ដើម្បីហែចូលចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមេសា។
 
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com