ជាតិ
សង្គមជាតិ
ចាប់ពីខែមេសា សមត្ថកិច្ចនឹងចុះពិនិត្យចំនួនជនបរទេសនៅតាមក្រុមហ៊ុន
24, Mar 2023 , 2:46 pm        
រូបភាព
សមត្ថកិច្ចចុះពិនិត្យជនសង្ស័យដែលបម្រុងឆ្លងដែនខុសច្បាប់នាពេលកន្លងមក។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សមត្ថកិច្ចចុះពិនិត្យជនសង្ស័យដែលបម្រុងឆ្លងដែនខុសច្បាប់នាពេលកន្លងមក។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អះអាងថា កំពុងទុកពេល៣ខែឱ្យម្ចាស់ក្រុមហ៊ុន រាយការណ៍ពីចំនួន​ពលករបរទេស ហើយសមត្ថកិច្ចនឹងចុះពិនិត្យ ដើម្បីទប់ស្កាត់ឆ្លងដែនខុសច្បាប់ ពិសេសករណីឃុំឃាំងនិងជួញដូរមនុស្ស។
 
សម្ដេច ស ខេង នៅពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា កម្ពុជាកំពុងរឹតបន្ដឹង និងគ្រប់គ្រងវត្តមានជនបរទេស។
 
បើតាម​សម្តេច ការធ្វើ​អធិការកិច្ចហត្ថពលកម្មបរទេស មាន២ដំណាក់កាល ដោយ​ទីមួយ គឺ​ការរាយការណ៍ពីចំនួនជនបរទេស ហើយទីពីរ គឺការអនុវត្ត ចុះផ្ទៀងផ្ទាត់ចំនួន​ជនបរទេស។ 
 
ពាក់ព័ន្ធនឹងការ ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពន្យល់បន្ថែមពីដំណាក់កាលទីមួយ អាជ្ញាធរទុកពេល៣ខែឱ្យម្ចាស់ក្រុមហ៊ុន ធ្វើស្វ័យប្រកាសរបាយការណ៍ពីកម្លាំងពលកម្មបរទស ពីចំនួនជនបរទស និងឯកសាកឆ្លងដែនជាដើម។
 
ជំហានបន្ទាប់សម្ដេច ស ខេង សង្កត់ធ្ងន់ថា៖ «ជំហានទី២ ក្រុមការងាររបស់យើង នឹងចុះទៅដើម្បីផ្ទៀតផ្ទាត់ ជាមួយព័ត៌មានដែលគាត់ស្វ័យរាយការណ៍។ ព្រោះជៀសវាងថា យើងធ្វើមិនបានប្រាប់មុន! យើងផ្ដល់ព័ត៌មានមុន ប៉ុន្តែបើលទ្ធផលឃើញមានបញ្ហា យើងអាចនឹងរកវិធានការផ្សេងទៀត ឧទាហរណ៍ចុះទៅដោយមិនផ្ដល់ព័ត៌មានមុន បន្ទាប់ពីយើងក្ដាប់បានថាកន្លែងហ្នឹង មានពលករខុសច្បាប់ មានការធ្វើទារុណកម្ម ឬមានការឆបោក»។
 
ជាមួយគ្នាដែរ សម្ដេច ស ខេង អះអាងថា ក្នុងនាមជាអាជ្ញាធរ គឺមានសិទ្ធិ ចុះឆែកឆេរដោយមិនផ្ដល់ព័ត៌មានមុន។  ចំណែក ក្រុមហ៊ុនណាដែលពុំបានធ្វើស្វ័យប្រកាសរបាយការណ៍ពីចំនួនជនបរទេស សមត្ថកិច្ចនៅតែមានសិទ្ធិចុះត្រួតពិនិត្យ បើស្ថិតក្នុងករណីចាំបាច់។ 
 
ទាក់ទិននឹងការគ្រប់គ្រងវត្តមានជនបរទេសនេះ កាលពីដើមខែមីនានេះ ក្រសួងការងារក៏បានក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ពិសេសដល់ជនបរទេសទាំងអស់ដែលកំពុងធ្វើការនៅកម្ពុជា ធ្វើឬបន្តសុពលភាពប័ណ្ណការងារនិងសៀវភៅការងារ ឱ្យបានមុនថ្ងៃទី៣១មីនា ឆ្នាំ២០២៣។
 
សូមជម្រាបដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។ ផែនការដែលគណៈកម្មការអន្តរបានចេញ គឺពីខែមករាដល់មីនា ម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ត្រូវធ្វើស្វ័យប្រកាសពីចំនួនជនបរទស។ ចំណែក ចំណុចមួយទៀត ពីខែមេសា ដល់ខែ មិថុនា គឺដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចជាក់ស្ដែង៕ 
 

Tag:
 ពលករបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com