កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាសស៊ីហ្គេម Thi Huyen អ្នកកាន់ភ្លើងគប់ស៊ីហ្គេមរត់ដង្ហែក្នុងក្រុងហាណូយ
24, Mar 2023 , 3:28 pm        
រូបភាព
Nguyen Thi Huyen កីឡាការិនីអត្តពលិកកម្មម្ចាស់មេដាយមាសស៊ីហ្គេមរបស់វៀតណាមកាន់ភ្លើងគប់រត់ដង្ហែក្នុងក្រុងហាណូយ។ រូភាពពី Cambodia2023
Nguyen Thi Huyen កីឡាការិនីអត្តពលិកកម្មម្ចាស់មេដាយមាសស៊ីហ្គេមរបស់វៀតណាមកាន់ភ្លើងគប់រត់ដង្ហែក្នុងក្រុងហាណូយ។ រូភាពពី Cambodia2023
Nguyen Thi Huyen កីឡាការិនីរត់ចម្ងាយម្ចាស់មេដាយមាសស៊ីហ្គេមរបស់វៀតណាមជាអ្នកកាន់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រត់ដង្ហែជុំវិញបឹង Hoan Kiem Lake នាទីក្រុងហាណូយ ជាមួយអត្តពលិក និងនិស្សិតខ្មែរប្រមាណ៤០០នាក់។
 
ពិធីដង្ហែ អគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែមីនា បានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន បេសកជនពិសេស តំណាង CAMSOC និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ព្រមទាំងមានការចូលរួមពីនិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីវៀតណាមរត់ដង្ហែប្រមាណ៤០០នាក់។
 


កីឡាការិនីរត់ចម្ងាយ​វៀតណាម Nguyen Thi Huyen ត្រូវបាន​ផ្តល់កិត្តិយស នាំមុខ​ក្បួន​រត់កាន់ភ្លើងគប់តាមបណ្តាផ្លូវនៅ​ក្រុង​ហាណូយ​លើ​ចម្ងាយ​ប្រមាណ​៣គីឡូម៉ែត្រ ជាពិសេសនៅជុំវិញបឹង Hoan Kiem Lake ដែលវៀតណាម​ចាត់ទុក​ជា​ទឹក​ដី​តំណាងឱ្យ​ស្ថិរភាព និង​សន្តិភាព នាទីក្រុងហាណូយ មុនបន្តប្រគល់ទៅប្រទេសផ្សេងទៀតនៅគ្រប់ប្រទេសអាស៊ានទាំងអស់។ 
 
កីឡាការិនីវៀតណាមរូបនេះជាម្ចាស់មេដាយមាសរត់ចម្ងាយ៤០០ម៉ែត្រ និងរត់បណ្តាក់ ៤x៤០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ Nguyen Thi Huyen ក៏ជាអត្តពលិកកម្រិតអូឡាំពិករបស់វៀតណាមផងដែរ។
 
ការដង្ហែភ្លើងគប់កីឡានៅក្រុងហាណូយ មានការអញ្ជើញចូលរួមពី លោកហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម លោក ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងមហាជនជាច្រើនរូប។
 


គប់ភ្លើងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវរក្សាទុកក្នុងស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមនៅយប់ថ្ងៃទី២៤ ខែមីនា មុនបន្តចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃទី២៥ ខែមីនា។
 
អគ្គិជ័យកីឡា និងភ្លើងគប់ នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង១១ក្នុងតំបន់អាស៊ាន ដែលជាសមាជិកត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម ដោយប្រទេសដែលត្រូវហែទៅដល់បន្ទាប់ពីហ្វីលីពីន គឺព្រុយណេ។
 
ចេញពីព្រុយណេ នឹងដង្ហែបន្តបន្ទាប់ឆ្ពោះទៅប្រទេសឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនមកដល់ភ្នំពេញ ដើម្បីហែចូលចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមេសា។
 
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com