អន្តរជាតិ
លោកវ៉ាង យី ជំរុញឱ្យអឺរ៉ុបដើរតួនាទីក្នុងការគាំទ្រកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន
24, Mar 2023 , 4:09 pm        
រូបភាព
លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ រូបភាព AFP
លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ រូបភាព AFP
មន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី នៅថ្ងៃទី២៣ ខែមីនា បានជំរុញឱ្យអឺរ៉ុបដើរតួនាទីក្នុងការគាំទ្រកិច្ចចរចាសន្តិភាពលើវិបត្តិនៅអ៊ុយក្រែន។ បើតាមលោក វ៉ាង ចិននៅតែបន្តប្រកាន់យកតួនាទីលើកតម្កើងកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន។
 
រយៈពេល ១ឆ្នាំ ១ខែហើយ រុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន ដើម្បីសម្រេចតាមផែនការរបស់ខ្លួន។ ក្រុងជាច្រើន ត្រូវបានរុស្ស៊ីដណ្តើមយក ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញ។ ចិនចង់ឃើញអឺរ៉ុបដើរតួនាទីកាន់សំខាន់ក្នុងការដោះស្រាយវិបត្តិនេះ។
 
ជំហរនេះ ត្រូវបានលោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិនប្រាប់លោក  Emmanuel Bonne ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង។
 
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក វ៉ាង បានបញ្ជាក់ប្រាប់ភាគីបារាំងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ទៅរុស្ស៊ី នៅពេលកន្លងមក មិនត្រឹមតែជួយលើកតម្កើងកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែគឺដើម្បីសន្តិភាពមួយផងដែរ។ ត្រង់ចំណុចនេះ លោកវ៉ាង បានបង្ហាញក្តីសង្ឃឹមថា បារាំង និងបណ្តាប្រទេសអឺរ៉ុប នឹងដើរតួនាទីរបស់ខ្លួន ក្នុងវិបត្តិនៅអ៊ុយក្រែន បូករួមទាំងបទឈប់បាញ់  និងចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ។ 
 
«ចិនរំពឹងធ្វើការជាមួយបារាំង និងបណ្តាប្រទេសអឺរ៉ុប ដើម្បីដើរតួនាទីរបស់ពួកគេ»។ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់បែបនេះ។ 
 
បើតាមមន្រ្តីការទូតជាន់ខ្ពស់ចិនរូបនេះ ការដោះស្រាយវិបត្តិនយោបាយនៅអ៊ុយក្រែន គួរតែជាកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្តរវាងចិន និងអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ជាការឆ្លើយតប លោក Bonne បានបង្ហាញពីការគាំទ្រលើតួនាទីរបស់ចិន ក្នុងការលើកតម្កើងសន្តិភាពនៅអ៊ុយក្រែន។ ជុំវិញសង្រ្គាមមួយនេះ ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉ារីស មិនគាំទ្រការប្រឈមមុខដាក់គ្នាឡើយ ហើយរដ្ឋាភិបាលបារាំង និងចិនចង់បានការបញ្ចប់វិបត្តិ តាមរយៈកិច្ចចរចា។ 
 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ លោក Bonne បានថ្លែងថា ក្រុងប៉ារីស មានឆន្ទៈចូលរួមកិច្ចខិតខំជាមួយក្រុងប៉េកាំង ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន។ 
 
គួររំឮកថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុងមូស្គូ លោកស៊ី បានជំរុញជាថ្មីឱ្យមានការកិច្ចចរចា និងការពិភាក្សាប្រកបដោយសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិអ៊ុយក្រែន។ មួយរយៈចុងក្រោយនេះ ចិនបានស្វះស្វែងធ្វើជាអ្នកសម្របសម្រួលលើការស្វែងរកសន្តិភាពនៅអ៊ុយក្រែនយ៉ាងខ្លាំង បន្ទាប់ពីដាក់ចេញសេចក្តីថ្លែងការណ៍គោលជំហរលើការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ដែលមានចំនួន ១២ចំណុច៕ 
 

Tag:
 ចិន​​​​​​
  អ៊ុយក្រែន
  រុស្ស៊ី
  បារាំង
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com