អន្តរជាតិ
មន្រ្តីអាម៉េរិក៖ ការ​គាំទ្រ​រុស្ស៊ីចំពោះ​របប​យោធា​មីយ៉ាន់​ម៉ាបង្កអស្ថិរភាពនៅអាស៊ីអាគ្នេយ៍
24, Mar 2023 , 8:29 pm        
រូបភាព
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាម៉េរិក។ រូបថត AFP
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាម៉េរិក។ រូបថត AFP
ទីប្រឹក្សាក្រសួងការបរទេសអាម៉េរិកលោក Derek Chollet នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ការគាំទ្ររបស់រុស្ស៊ីចំពោះមេដឹកនាំយោធាមីយ៉ាន់ម៉ា ជារឿងមិនអាចទទួលយកបាន និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ ខណៈដែលការផ្គត់ផ្គង់អាវុធដល់របបយោធានេះនឹងធ្វើឱ្យជម្លោះនៅមីយ៉ាន់ម៉ាកាន់តែធំឡើង។


ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក Derek Chollet និយាយថា អាម៉េរិកព្រួយបារម្ភជាខ្លាំងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ខណៈបញ្ហាដែលផ្ទុះឡើងតាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានរីកធំឡើងទន្ទឹមនឹងការរីកចំរើននៃទំនាក់ទំនងរវាងរបបយោធាមីយ៉ាន់ម៉ាជាមួយរុស្ស៊ី។ 
 
«អ្នកណាក៏ដោយដែលនិយាយទៅកាន់ទីក្រុងមូស្គូ គួរតែប្រាប់ពួកគេថា ការបន្តការគាំទ្ររបបយោធារបស់រុស្ស៊ីជារឿងដែលមិនអាចទទួលយកបានទេ»។ លោក Derek Chollet បាននិយាយបែបនេះនៅក្នុងបទសម្ភាសជាមួយអ្នកកាសែតនៅថ្ងៃទី២៣ ខែមីនា។ លោកក៏បានសង្កត់ធ្ងន់ថា ការគាំទ្ររបបយោធាមិនត្រឹមតែជាបញ្ហាសម្រាប់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ បុន្តែវាក៏បានប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ 
 
លើសពីនេះ លោក Chollet ក៏បានបង្ហាញការព្រួយបារម្ភជាខ្លាំងពីការពង្រឹងទំនាក់ទំនងរវាងយោធាមីយ៉ាន់ម៉ានិងរុស្ស៊ី។ ទន្ទឹមនេះ លោកក៏បានបន្ថែមថា ការ​ផ្គត់ផ្គង់​សព្វាវុធរបស់​រុស្ស៊ីទៅឱ្យ​មីយ៉ាន់ម៉ា​ ជារឿងដែលធ្វើឱ្យលោកកាន់តែមានភាពព្រួយបារម្ភ។ 
 
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០២១។ បញ្ហានេះបានធ្វើឱ្យមនុស្សប្រហែល១,២លាននាក់ត្រូវភៀសខ្លួន។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។ 
 
កន្លងមកទាំងក្រុមសកម្មជន និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថ្កោលទោសរុស្ស៊ីដែលបានបង្ហាញសំឡេងគាំទ្ររបបយោធា ក៏ដូចជាចិន ចំពោះការផ្គត់ផ្គង់អាវុធដល់របបយោធា នៅក្រុមយោធាត្រូវចោទប្រកាន់ថាបានប្រព្រឹត្តអំពើឃោរឃៅជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល។
 
រុស្ស៊ី ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ខណៈ​ដែលប្រទេសលោក​ខាង​លិច​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើរបបយោធា។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកការទូតរបស់រុស្ស៊ី បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈដែលប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំងបានទៅបំពេញទស្សនកិច្ចជាច្រើនដងនៅរុស្ស៊ី ក៏ដូចជាទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីរុស្ស៊ីផង៕
 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com