កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ ទៅដល់ហ្វីលីពីន និងជាប្រទេសទីពីរបន្ទាប់ពីវៀតណាម
25, Mar 2023 , 9:59 am        
រូបភាព
រូបភាព Cambodia2023
រូបភាព Cambodia2023
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយ នៅព្រឹកថ្ងៃទី២៥ ខែមីនា ក្រោយចាកចេញពីវៀតណាមនៅយប់ថ្ងៃទី២៤ ខែមីនា។ តាមការគ្រោងទុក ភ្លើងគប់ត្រូវរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន មុនធ្វើពិធីដង្ហែក្នុងទីក្រុង Tagaytay នៅថ្ងៃទី២៧ ខែមីនា។


ពិធីដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់ជុំវិញប្រទេសអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC បានចាកចេញពីក្រុងហាណូយ ទៅដល់ក្រុង Tagaytay ដោយសុវត្ថិភាព ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក​ ផន ពៅ​ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំប្រទេសហ្វីលីពីន​ និងលោក CARL IRVING SAMBRANO អគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិកហ្វីលីពីន។

ហ្វីលីពីន ជាប្រទេសទីពីរក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលពិធីហែភ្លើងគប់ស៊ីហ្គេម បន្ទាប់ពីវៀតណាម។ ដំបូងឡើយភ្លើងគប់នេះ ត្រូវរៀបចំពិធីរត់នៅទីក្រុងម៉ានីលទេ ប៉ុន្តែត្រូវប្តូរទៅធ្វើនៅក្រុង Tagaytay វិញ។

បើតាម លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការផ្លាស់ប្ដូរទីក្រុងដង្ហែភ្លើងគប់នេះ ដើម្បីសម្រួលកម្មវិធីឲ្យប្រព្រឹត្តិទៅបានរលូន ព្រោះទីតាំងក្នុងក្រុងម៉ានីលអាចមមាញឹក ដោយកត្តាបុណ្យរ៉ាម៉ាដាន និងអាកាសធាតុ មិនអំណោយផលជាដើម។

បើមិនមានការផ្លាស់ប្តូរអ្វីទៀតទេ ក្បួនដង្ហែភ្លើងគប់ នឹងធ្វើនៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន ដោយចាប់ផ្ដើមពីម៉ោង ៧:០០ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
ព្រុយណេ ជាប្រទេសទី៣បន្ទាប់ពីហ្វីលីពីន ដែលត្រូវទទួលភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ។

ចេញពីព្រុយណេ នឹងដង្ហែបន្តបន្ទាប់ឆ្ពោះទៅប្រទេសឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនមកដល់ភ្នំពេញ ដើម្បីហែចូលចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមេសា។

 ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕


Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com