កីឡាជាតិ
ជាតិ
Merlion Cup៖ គោព្រៃកម្ពុជា U-22 ត្រូវជួបម្ចាស់ផ្ទះសិង្ហបុរី ដណ្តើមលេខ៣
25, Mar 2023 , 7:29 pm        
រូបភាព
អ្នកគាំទ្រកម្ពុជា ទៅគាំទ្រ U-22 កម្ពុជា ក្នុងការប្រកួត Merlion Cup 2023 នៅសិង្ហបុរី។ រូបភាព FFC
អ្នកគាំទ្រកម្ពុជា ទៅគាំទ្រ U-22 កម្ពុជា ក្នុងការប្រកួត Merlion Cup 2023 នៅសិង្ហបុរី។ រូបភាព FFC
ក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេម អាយុក្រោម ២២ឆ្នាំកម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះសិង្ហបុរី ដើម្បីប្រជែងយកចំណាត់ថ្នាក់ទី៣ ពានរង្វាន់ Merlion Cup 2023 នៅថ្ងៃទី២៦ ខែមីនា។ ម៉ាឡេស៊ី និងហុងកុង ដែលយកឈ្នះ កម្ពុជា និងសិង្ហបុរី ត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ។

 
U-22 កម្ពុជា ប្រកួតចាញ់ម៉ាឡេស៊ី ៤-២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ប្រ័ត្រពានរង្វាន់ Merlion Cup 2023 នាថ្ងៃទី២៤ ខែមីនា នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី មុនពេលហុងកុងយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ១-០ ។ 
 
សម្រាប់ឈុត U-22 កម្ពុជា នេះជាបរាជ័យលើកដំបូងក្នុងការជួបគ្នាជាមួយម៉ាឡេស៊ី៣លើកចុងក្រោយ។ តាមរយៈជ័យជម្នះនេះ បានជួយម៉ាឡេស៊ី បន្តទៅជួបហុងកុងដែលយកឈ្នះសិង្ហបុរី នៅវគ្គផ្តាច់ព្រ័ត្រ Merlion Cup 2023។

ការប្រកួតរវាងម្ចាស់ផ្ទះសិង្ហបុរី ទល់ហុងកុង។ រូបភាពពី FAS
 
ឈុតស៊ីហ្គេមកម្ពុជាក្រោមការដឹកនាំរបស់លោក Keisuke Honda  នៅសល់មួយប្រកួតទៀតផងដែរ ដោយត្រូវដណ្តើមយកចំណាត់ថ្នាក់ទីលេខ៣ ទល់នឹងសិង្ហបុរី។
ការប្រកួតដណើមចំណាត់ថ្នាក់លេខ៣ Merlion Cup 2023 រវាងកម្ពុជា-សិង្ហបុរី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា វេលាម៉ោង៤រសៀល [ម៉ោងនៅកម្ពុជា] មុនការជួបគ្នាវគ្គផ្តាច់ព្រ័ត្ររវាង ម៉ាឡេស៊ី-ហុងកុង ដែលនឹងធ្វើឡើងនៅម៉ោង ៧:៣០នាទីយប់។
 
នេះជារដូវកាលទី៩ហើយ ដែលពានរង្វាន់ Merlion  បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៨២។ 
 
ចាប់តាំងពីបង្កើតនាឆ្នាំ១៩៨២ ពានរង្វាន់ Merlion បានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៨៦ ហើយក៏បានខកខាន។ លុះមកដល់ឆ្នាំ១៩៩២ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាប់ធ្វើម្ដងទៀត ហើយក៏ខកខានម្ដងទៀត រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីឆ្នាំនោះមក ពានរង្វាន់ Merlion ត្រូវបានផ្អាក់ការប្រកួតអស់រយៈពេល ១ទសវត្យ ហើយក៏ចាប់បន្ដប្រកួតវិញ នៅឆ្នាំ២០១៩។ 
 នាចុងឆ្នាំ២០១៩ ដោយសារតែបញ្ហាកូវីដ-១៩ ពានរង្វាន់មួយនេះ ត្រូវបានលើកពេល រហូតមកដល់ឆ្នាំ២០២៣ ដែលមានវត្តមានជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ចូលរួមប្រកួត៕
 
 

Tag:
 Merlion Cup
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com