ជាតិ
ចូលឆ្នាំខ្មែរ៖ កន្លែងស្នាក់នៅតាមតំបន់ឆ្នេរសមុទ្រ មានទេសចរកក់បណ្តើរៗហើយ
25, Mar 2023 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ តំបន់សមុទ្រ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ មិនថាថ្ងៃបុណ្យ ឬថ្ងៃចុងសប្ដាហ៍។ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ  កំពត និងខេត្តកែប ត្រូវបានភ្ញៀវទេសចរកក់បណ្តើរៗហើយ ដើម្បីទៅកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ ខេត្តទាំង៣ រំពឹងថាភ្ញៀវទេសចរ នឹងមានការកើនឡើងខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ  និងកំពុងពង្រឹងសណ្តាប់ធ្នាប់ នៅតាមតំបន់ទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

 
ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរខ្លាំង។ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តតាមទូរស័ព្ទថា មកទល់ពេលនេះ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ ត្រូវបានភ្ញៀវទេសចរកក់ទៅសម្រាកបណ្តើរៗហើយ។ 
 

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានលើកឡើងថា ខេត្តព្រះសីហនុ នឹងមានទេសចរមកកម្សាន្តច្រើនក្នុងថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០២៣។ «មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាននៅតំបន់ឆ្នេរ និងកោះ ត្រូវបានទេសចរកក់ជាបណ្ដើរៗ ប៉ុន្តែមិនទាន់ដឹងពីទិន្នន័យភ្ញៀវកក់នៅឡើយ ព្រោះមិនទាន់ដល់ថ្ងៃ។ លើសពីនេះ ខេត្តព្រះសីហនុ មិនដែលសល់កន្លែងផ្ទះនៅនោះទេ។  យើងរំពឹងថា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខភ្ញៀវអាចមានកំណើនច្រើនជាងឆ្នាំមុនៗ »។ 
 
ជាមួយគ្នានេះ ទេសចរទៅកម្សាន្តខេត្តនេះ អាចទៅទស្សនាការអភិវឌ្ឍក្រុង, លេងទឹកសមុទ្រ, ឆ្នេរខ្សាច់ស្អាតៗ រួមនឹងបណ្ដាកោះជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនោះ ទេសចរមកកម្សាន្តក្នុងខេត្តនេះ ចូលចិត្តទៅកម្សាន្តតាមតំបន់កោះ និងឆ្នេរ។ 

រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
 
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានកន្លែងស្នាក់ជិត ១មុឺនបន្ទប់។ ទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ រាល់ថ្ងៃចូលឆ្នាំ ក៏មានការបោះតង់តាមឆ្នេរ និងតាមកោះដែរ។ 
ក្រឡេកមើលខេត្តកំពតវិញ ខេត្តនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ ជារៀងរាល់ចុងសប្តាហ៍កន្លែងស្នាក់នៅក្នុងខេត្តនេះមិនសូវទំនេរនោះទេ។ ទេសចរចង់ទៅលេងខេត្តកំពត ជាពិសេសក្នុងទីរួមខេត្តត្រូវកក់កន្លែងស្នាក់នៅជាមុន ព្រោះទេសចរកើនឡើងលើសសេវាកម្មស្នាក់នៅ។
 
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា៖ «ភោជនីយដ្ឋាន យើងមិនខ្វះទេ បន្ទប់ស្នាក់នៅក៏មិនខ្វះដែរ។ កន្លងមកភ្ញៀវខ្លះត្រូវត្រឡប់ទៅវិញ ខ្លះទៀតត្រូវបោះតង់។ តែឥឡូវអាជីវកម្ម ចាប់ផ្ដើមធ្វើរីសត ផ្ទះស្នាក់ និងអាហារដ្ឋាននៅខេត្ត ដែលមានទេសចរទៅច្រើនរាល់ចុងសប្តាហ៍ »។ 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
 
បន្ថែមពីនេះ ជារៀងរាល់ឆ្នាំ កន្លែងស្នាក់នៅក្នុងខេត្តនេះ មិនដែលសល់ឡើយ។  ខេត្តកំពត មានកន្លែងស្នាក់នៅជិត ៥០០០បន្ទប់។ លោក សយ ស៊ីណុល ជឿថាភ្ញៀវទេសចរនឹងដើរកម្សាន្តតាមឆ្នេរ ក្នុងខេត្តកំពតច្រើន ក្រោយរដ្ឋបាលបានរៀបចំ។ ទេសចរបច្ចុប្បន្ន ចូលចិត្តមុជទឹកមើលផ្កាថ្ម និងស្ទូចត្រី។
 
បច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តកំពតកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍ និងពង្រឹងវិធានការសុវត្ថិភាពបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពជូនទេសចរដែលមកកម្សាន្តខេត្តកំពត។ «ខ្ញុំសង្ឃឹមថាឆ្នាំនេះ នឹងទទួលបានទេសចរច្រើនជាងឆ្នាំមុនៗ ព្រោះអាជ្ញាធរបានរៀបចំសង្រ្កាន្ត ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ»។ នេះជាការបន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
 
មិនខុសពីខេត្តកំពត ខេត្តកែបឯណោះវិញ មានផ្ទះស្នាក់ក្នុងសហគមន៍ជាង៤០កន្លែង  ជាគោលដៅយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តមួយនេះ។ បើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ផ្ទះស្នាក់ក្នុងខេត្តកែប មានប្រមាណ ១៥០០បន្ទប់ ត្រូវបានត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
 
ប្រធានមន្ទីរទេសចរណ៍រូបនេះ បញ្ជាក់ថា៖ «ភ្ញៀវទេសចរ ដែលមានគម្រោងកម្សាន្តនៅក្នុងថ្ងៃចូលឆ្នាំខ្មែរ គឺមានភ្ញៀវប្រមាណ ៧០ភាគរយហើយ បានកក់ផ្ទះស្នាក់ក្នុងខេត្តកែបនេះ។ ឆ្នាំមុនៗ ពេលចូលឆ្នាំ កន្លែងស្នាក់មិនដែលនៅសល់ឡើយ ដូច្នេះឆ្នាំនេះ ខ្ញុំគិតថាទេសចរនឹងមកកម្សាន្តនៅខេត្តកែបច្រើនជាងឆ្នាំមុន»។
 
ខេត្តជាប់សមុទ្រមួយនេះ មានសក្តានុពលទៅផ្នែកឆ្នេរ និងកោះ ជាពិសេសតំបន់ទេសចរណ៍កោះទន្សាយ ក៏ជាទិសដៅទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តកែប។ កោះនេះមានផ្ទៃដី២គីឡូម៉ែត្រការ៉េ ដែលមានខ្សាច់សក្បុស និងមានទឹកសមុទ្រថ្លាល្អ រាក់ ហើយមានជម្រាលសមជាកន្លែងសម្រាប់ហែលកម្សាន្ត។ 
 
ក្រៅពីទីតាំងទេសចរណ៍ ក៏មានម្ហូបសមុទ្រនៅផ្សារក្តាម ដែលភ្ញៀវទេចរមិនដែលមើលរំលង។ ក្នុងនោះដែរ រដ្ឋបាលខេត្តកែបក៏កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តទាំង៣ នឹងរៀបចំសង្រ្កាន្តនៅតាមទីរួមខេត្តនីមួយៗរៀងខ្លួន នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះ។   ប្រធានមន្ទីរទេសចរណ៍ទាំង៣ បានអំពាវនាវដល់ម្ចាស់រមណីយដ្ឋាន និងបណ្តាសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវមានតារាងតម្លៃសេវាកម្ម និងម្ហូបអាហារ ឱ្យបានត្រឹមត្រូវ ជៀសឱ្យបានការឡើងថ្លៃលើសលប់ ដែលអាចធ្វើឱ្យបាត់ភ្ញៀវទេសចរ។
 
សូមបញ្ជាក់ដែរ ក្រសួងទេសចរណ៍  ក៏បានចេញសារាចរណែនាំដល់រមណីយដ្ឋាន និងបណ្តាសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវមានតារាងតម្លៃសេវាកម្ម និងម្ហូបអាហារ ឱ្យបានត្រឹមត្រូវផងដែរ។ លើសពីនេះ រមណីយដ្ឋាន និងអាជីវកម្មណាដែលឡើងថ្លៃហួសហេតុ នឹងអាចប្រឈមចំពោះមុខច្បាប់៕ 


រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

 

Tag:
 ចូលឆ្នាំខ្មែរ
  កន្លែងស្នាក់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com