កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich តែងតាំង Tuchel ជាអ្នកចាត់ការថ្មី ជំនួស Nagelsmann
25, Mar 2023 , 4:29 pm        
រូបភាព
Bayern Munich បានចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅលោក Julian Nagelsmann កាលពីថ្ងៃទី២៤ ខែមីនា មុនពេលតែងតាំងអតីតអ្នកចាត់ការ Chelsea លោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃទី២៥ ខែមីនា។ ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់មួយនេះផ្លាស់ប្តូរអ្នកចាត់ការភ្លាមៗ ក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាង Bundesliga។

 
Nagelsmann វ័យ ៣៥ ឆ្នាំបានចូលកាន់តំណែងអ្នកចាត់ការ Bayern Munich ក្នុងឆ្នាំ ២០២១ ដោយជួយក្រុមឈ្នះពានរង្វាន់លីគអាល្លឺម៉ង់ជាលើកទី១០ជាប់ៗគ្នា ប៉ុន្តែមិនឈ្នះពានអ្វីផ្សេងទៀតឡើយកាលពីរដូវកាលមុន។
 
Bayern Munich បានធ្លាក់ចេញពីការប្រកួតពាន German Cup ជុំទី២ ដោយសារក្រុម Borussia Moenchengladbach ហើយបន្ទាប់មកត្រូវ Villarreal ទម្លាក់ពី Champions League ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្ររដូវកាលមុន។
 
ការចែកផ្លូវគ្នារវាងលោក Nagelsmann និងក្លិបយក្សអាល្លឺម៉ង់មួយនេះ បានក្លាយជាការភ្ញាក់ផ្អើលមួយ ស្របពេល Bayern Munich ត្រៀមជួបក្រុមកំពូលតារាង Borussia Dortmund នៅសប្តាហ៍ ក្នុងប្រកួតលីគ Bundesliga និងតទល់ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី១១ ខែមេសា។
លោក Oliver Kahn នាយកប្រតិបត្តិក្លិប Bayern Munich លើកឡើងជុំវិញការចែកផ្លូវជាមួយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ថា ដោយសារគុណភាពក្រុមកាន់តែខ្សោយទៅៗ បើទោះក្រុមឈ្នះជើងឯក Bundesliga ដូវកាលមុនក៏ដោយ។
 
ក្រោយចែកផ្លូវគ្នាបានមួយថ្ងៃ Bayern Munich បានតែងតាំង Tuchel ជាអ្នកចាត់ការថ្មីជំនួសវិញ។ ក្លិបអាល្លឺម៉ង់ និយាយថាអតីតអ្នកចាត់ការ Chelsea និង PSG រូបនេះ ជាគោលដៅរបស់ខ្លួនយូរមកហើយពោលគឺចាប់តាំងពីឆ្នាំ២០១៨ម្លេះ។
 
Tuchel អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានជួយ PSG ឈ្នះជើងឯក Ligue1 បារាំង និងជួយ Chelsea ឈ្នះ Champions League នៅរដូវកាលដឹកនាំដំបូងរបស់ខ្លួន មុនត្រូវបញ្ចប់តំណែងវិញ ក្រោយក្លិបតោខៀវផ្លាស់ប្តូរម្ចាស់គ្រប់គ្រងថ្មី។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Tuchel បានយល់ព្រមចុះកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៥៕
 

Tag:
 Bayern Munich
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com