ជាតិ
សង្គមជាតិ
ការជីករ៉ែមាសលក្ខណៈគ្រួសាររបស់ពលរដ្ឋនៅតំបន់ភ្នំលុង ភាគច្រើនមិនប្រើឧបករណ៍ទំនើប
26, Mar 2023 , 9:59 pm        
រូបភាព
ដោយ:
ព្រះវិហារ៖ ពលរដ្ឋនៅតំបន់ភ្នំលុង ដែលស្ថិតក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាន និងកំពុងធ្វើអាជីវកម្មជីករ៉ែមាសដោយប្រើកម្លាំងមនុស្សជីកដីដោយដៃ រែងយករ៉ែដោយដៃ  មិនមានប្រើម៉ាស៊ីន ឬសារធាតុគីមីនោះទេ។ ពលរដ្ឋចំណាកស្រុកមួយចំនួន ក៏បានទៅ ស៊ីឈ្នួលជីករ៉ែផងដែរ។ ទាំងពលរដ្ឋរស់នៅទីនោះ និងអាជ្ញាធរ សុទ្ធតែទទួលស្គាល់ថា ការទាញយកធនធានរ៉ែមាសតាមបែបប្រពៃណីនេះ មានលក្ខណៈស្ថិតស្ថិរជាងការធ្វើអាជីវកម្មដែលប្រើប្រាស់ឧបករណ៍ទំនើបៗ និងការប្រើសារធាតុគីមីបំផ្ទុះជាដើម។ យ៉ាងណា ក៏ដោយអាជ្ញាធរមូលដ្ឋាន ជំរុញឱ្យពលរដ្ឋដែលចង់ធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារនៅទីនោះដាក់ពាក្យស្នើសុំសិទ្ធិធ្វើអាជីវកម្មពីអាជ្ញាធរ ឱ្យស្របតាមច្បាប់កំណត់។
 
លោក ប៉ុង សេងជឹង ជាអ្នកប្រកបអាជីវកម្មជីករ៉ែមាសលក្ខណៈគ្រួសារនៅភូមិរំដេងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ យូរឆ្នាំហើយ។ លោក ប៉ុង សេងជឹង បានរៀបរាប់ថា ការទាញយកធនធានរ៉ែរបស់ពលរដ្ឋកាលពីជាង ២០ឆ្នាំមុន គឺប្រព្រឹត្តទៅតាមបែបប្រពៃណីដែលប្រើប្រាស់កម្លាំងមនុស្សជីករូងដីដោយដៃ រែងដោយដៃផ្ទាល់ មិនមានប្រើម៉ាស៊ីន ឬសារធាតុគីមីនោះទេ។ 

លោក ប៉ុង សេងជឹង អ្នកជីករករ៉ែលក្ខណៈគ្រួសារ
 
បើតាមបុរសវ័យ៥៨ឆ្នាំរូបនេះ ការប្រើប្រាស់ម៉ាស៊ីន ដើម្បីបូមយករ៉ែមាស គឺចាប់កើតមានតាំងពីអំឡុងឆ្នាំ២០១២មក។ «ការជីករកដោយមិនប្រើប្រាស់ថ្មស្អុយ ឬសាធាតុគីមី ដើម្បីបំបែកដីគឺពិតជាល្អណាស់ ព្រោះនៅពេលដែលប្រើប្រាស់សារធាតុគីមីបំបែកដី ធ្វើឱ្យដីនោះពលរដ្ឋ មិនអាចប្រកបរបរអ្វីលើដីនោះបានទៀត ដោយសារគ្មានជីវជាតិ។ ប៉ុន្តែបើបូមយកដីមករែងតាមបែបធម្មជាតិ នៅទីតាំងនោះ(កន្លែងជីករ៉ែ) ពលរដ្ឋអាចដាំដំណាំបាន»។ លោក ប៉ុង សេងជឹង អះអាងបន្ថែមដូច្នេះ ដោយបន្តថា ក្រៅពីការជីកយករ៉ែមាសជាលក្ខណៈគ្រួសាររបស់ពលរដ្ឋ ក៏មានក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម កំពុងធ្វើអាជីវកម្មទ្រង់ទ្រាយធំនៅទីនោះ ចាប់តាំងពីឆ្នាំ២០១៥ មកដែរ នៅក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀងនេះ។ 
 
លោក សាវ៉ាត់ ពេទ្យ ជាពលរដ្ឋរស់នៅភូមិរំដេងម្នាក់ទៀត ដែលបានទាញយកធនធានរ៉ែមាសពីទីតាំងដែលខ្លួនរស់នៅជាយូរឆ្នាំមកហើយដែរ។ ដ្បិតជីករករ៉ែជាលក្ខណៈគ្រួសារមែន ប៉ុន្តែពលរដ្ឋរូបនេះ ក៏ប្រើប្រាស់ម៉ាស៊ីនសម្រាប់ជីកខួងយករ៉ែពីក្នុងដី និងបានប្រើប្រាស់កម្លាំង៣នាក់ដែរ ដើម្បីគ្រប់គ្រងឧបករណ៍ និងសម្ភារ សម្រាប់ខួងយករ៉ែ។ យ៉ាងណាក៏ដោយ លោក សាវ៉ាត់ ពេទ្យ មានវ័យ២៥ឆ្នាំ ពាក់មួកឈរក្រពាត់ដៃទៅក្រោយ អាវក្រហមក្រឡាការ៉ូដៃវែង ស្លៀកខោខាប៊ូយជើងវែងរូបនេះ បញ្ជាក់ថា ការជីកខួងរករ៉ែនេះ គឺមិនលើសពីជម្រៅ៥ម៉ែត្រទៅក្រោមដីនោះទេ។ 

លោក សាវ៉ាត ពេទ្យ  ពលរដ្ឋនៅភូមិរំដេង ដែលជីករករ៉ែលក្ខណៈគ្រួសារ។
 
ការជីករករ៉ែមាស មិនងាយស្រួលប៉ុន្មានឡើយ។ គេត្រូវចំណាយមនុស្ស ២ឬ៣នាក់ ក្នុងការជីកមាស ដែលអាចបានពី ១ជី ទៅ១ជីកន្លះក្នុងមួយថ្ងៃ។ ពេលខ្លះ អ្នកជីក ក៏គ្មានសំណាងជីកចំទីតាំងដែលមានរ៉ែមាសដែរ ដែលនេះនាំឱ្យលោកត្រូវខាតពេលវេលា ថវិកា និងកម្លាំងពលកម្មផងដែរ។ លើសពីនេះ មុនសម្រេចបានជាមាសយកទៅលក់ គឺត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលទាំងការប្រើប្រាស់ម៉ាស៊ីនខ្យល់បំបែកដីដែលមានរ៉ែ បន្ទាប់មកបូមយកដីទៅរែងយករ៉ែមាស និងចុងក្រោយគឺយករ៉ែដែលរែងបាន ទៅដុតឱ្យចូលគ្នាក្លាយជាដុំមាស។ លោក សារ៉ាត់ ពេទ្យ បញ្ជាក់ដូច្នេះ មុននឹងបន្តត្អូញត្អែរពីផលលំបាកនៃរបរនេះដូច្នេះ៖ «ការជីករ៉េនេះ  មួយវិញទៀត មានការរារាំងពីមន្រ្តីបរិស្ថានចុះទៅហាមឃាត់ពួកគេមិនឱ្យជីកដី ព្រោះនាំឱ្យខូចបរិស្ថាន។ ពេលក្រុមហ៊ុនជីករណ្ដៅរាប់រយម៉ែត្រ គេអត់ហាមឃាត់ទេ តែប្រហែលគេមានអាជ្ញាបណ្ណ។ សម្រាប់ពលរដ្ឋធ្វើជាលក្ខណៈគ្រួសារដូចខ្ញុំ គេឃាត់! ខ្ញុំជីកក្នុងដីខ្ញុំ ហើយមានប្លង់រឹង»។
បើតាម លោក សារ៉ាត់ ពេទ្យ មាសដែលពលរដ្ឋរកបាននៅក្នុងភូមិរំដេង អាចលក់បានតម្លៃ ៨៥ម៉ឺនរៀល ក្នុងមួយជី។ 
 
លោក គិត សុផល ជាកម្មករស៊ីឈ្នួលជីករ៉ែមាស នៅភូមិរំដេងនេះ។ មានវ័យ២៣ឆ្នាំ សុផល បានប្រាប់សារព័ត៌មានថ្មីៗថា រូបគេ មកស៊ីឈ្នួលជីករ៉ែមាសនេះប្រមាណ១ឆ្នាំហើយ ដោយបានកម្រៃឈ្នួលមួយថ្ងៃគឺ៤ម៉ឺនរៀល។ 
 
បើតាមយុវជនដែលស្ថិតនៅវ័យពេញកម្លាំងរូបនេះ ការងារប្រចាំថ្ងៃរបស់គេ គឺរើសថ្មចេញពីរ៉ែមាស បាញ់ដីជីករករ៉ែ និងបូមដីទុករែងយករ៉ែមាស។ កិច្ចការនេះមិនលំបាកសម្រាប់គេឡើយ ក្រៅតែពីការជីករករ៉ែហាលថ្ងៃក្ដៅ និងឈរត្រាំក្នុងទឹកយូរដែលធ្វើឱ្យចុកស្រពន់ជើងប៉ុណ្ណោះ។

លោក គិត សុផល កម្មករៃស៊ីឈ្នួលជីករ៉ែមាស
 
សម្រាប់សុផល ដោយសារការងារស៊ីឈ្នួលជីករ៉ែមាសធ្វើឱ្យគេទទួលបានចំណូលសមរម្យផ្គង់ផ្គង់គ្រួសារផងនោះ រូបគេមិនចង់ចេញទៅរកការងារធ្វើការឆ្ងាយពីផ្ទះនោះឡើយ។ យុវជនពាក់មួកបិទមុខនៅតែក្រឡង់ភ្នែករូបនេះ បានបញ្ជាក់ថា៖ «បើខ្ញុំទៅរកការងារធ្វើឆ្ងាយពីផ្ទះ ក៏មិនខុសគ្នាប៉ុន្មាននោះទេ ព្រោះខ្ញុំធ្វើការនៅទីនេះ ប្រាក់ខែអាចទទួលយកបាន ហើយបាននៅជួបជុំបងប្អូនខ្ញុំ»។
 
បុរសវ័យ ៤២ឆ្នាំម្នាក់ទៀត ជាអ្នកខេត្តបាត់ដំបង បានចំណាកស្រុកមកស៊ីឈ្នួលជីករ៉ែ នៅក្នុងក្រុមហ៊ុនមួយលើភ្នំលុងប្រមាណ១ឆ្នាំមកហើយ។ បុរសដែលសុំលាក់អត្តសញ្ញាណរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា នៅកន្លែងដែលលោកធ្វើការគេប្រើប្រាស់សារធាតុគីមីដើម្បីបំបែកថ្ម ហើយនៅទីនោះពោរពេញទៅដោយសារធាតុជាតិពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ 
 
បុរសវ័យ ៤២ឆ្នាំ រូបនេះរំឭកដូច្នេះ ខណៈលោកកំពុងអង្គុយក្នុងរោងប្រកតង់នៅក្រោមដើម ដៃទាំងពីរដាក់លើក្បាលជង្គង់។ អតីតកម្មករជីករ៉ែរូបនេះ បន្តថា ៖ «មិនមែនជាតិបារ៉តទេ! អានេះថ្នាំគេរំលាយមាសតែម្ដង! អាហ្នឹងពេលគេដាក់ថ្នាំមិនមែនថ្នាំមួយមុខទេ វាច្រើនមុខ ក្នុងមួយមុខគេដាក់ ៣គីឡូក្រាម ដែលគេដាក់ ៥មុខ ពេលដាក់អាហ្នឹងបាំងមករលាយទាំងអស់ មាសជាប់ថ្មអីក៏វារលាយដែរ! ខ្ញុំទើបឈប់ធ្វើការនៅទីនោះ ពាក់កណ្ដាលខែមីនានេះទេ។ វាប៉ះពាល់សុខភាពខ្លាំង ប្រឈមគ្រោះថ្នាក់ខ្លាំង តែដោយសារយើងអត់ហើយ ចេះតែទៅធ្វើហ្នឹងគេទៅ»។

កម្មករ កំពុងជីករករ៉ែមាស
 
កម្មករត្រូវចុះទៅក្នុងរណ្ដៅជម្រៅប្រមាណ ១០០ម៉ែត្រ ដើម្បីទៅកាយដីដែលគេបំផ្ទះមានរ៉ែមាស ដែលគេបានដាក់ភ្លើងបំភ្លឺរួចជាស្រេចុំ រណ្ដៅដីដែលត្រូវបានបំបែបនោះ គេសង់រនាំងទប់នៅខាងលើៗ ប៉ុន្តែចុះទៅដល់ក្រោមដីគ្មានអ្វីបាំង ឬរាំងទេ គឺមានសុទ្ធតែថ្ម។ ដ្បិតជាកិច្ចការប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែបុរសវ័យ៤២ឆ្នាំរូបនេះ បានតស៊ូធ្វើការនៅក្នុងរណ្ដៅជីកមាសបានមួយឆ្នាំ ដោយសារប្រាក់ឈ្នួលសមរម្យ។ លោក សង្កត់ធ្ងន់ថា៖ «នៅកន្លែងហ្នឹង(កន្លែងជីកមាស) ប្រឈមនឹងគ្រោះថ្នាក់មែន តែអត់ក្ដៅ វាត្រជាក់! ខ្ញុំចូលទៅកាយថ្ម ដែលគេបានបំផ្ទុះរួច ខ្ញុំកាយនឹងចប។ នៅទីនោះអត់ដែលមានអ្នកជួបគ្រោះថ្នាក់ដល់ជីវិតទេ មានតែអ្នកខ្ទាត់ថ្មប៉ះហើយសន្លប់»។
 
លោក ហ៊ុំ សុខហៀង តំណាងអង្គការ YRDP និងជាអ្នកដឹកនាំយុវជនទៅទស្សនកិច្ចស្វែងយល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅតំបន់រ៉ែ ក៏ដូចជាសហគមន៍មូលដ្ឋាន នៅខេត្តព្រះវិហារ បានលើកឡើងថា ពលរដ្ឋដែលជីករករ៉ែមាសលក្ខណៈនៅតំបន់ភ្នំលុង ពុំទាន់មានបច្ចេកទេសទំនើបនៅឡើយ ដោយពួកគាត់ជីករ៉ែដោយការបាញ់ទឹក។ ផ្ទុយពីការជីករ៉ែបែបប្រពៃណីរបស់ពលរដ្ឋ លោក ហ៊ុំ សុខហៀង បានអះអាងថា ការធ្វើអាជីវកម្មជីករ៉ែទ្រង់ទ្រាយធំរបស់ក្រុមហ៊ុននៅទីនោះ មានការប្រើប្រាស់សារធាតុគីមី ដែលក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងជះផលអវិជ្ជមានផ្សេងៗទៀតដែរ។
 
ក្រៅពីមើលឃើញបែបនេះហើយ តំណាងអង្គការ YRDP ដដែលបានលើកឡើងពីកង្វះខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកង្វះមណ្ឌលសុខភាព នៅក្នុងឃុំរមទមនេះ។ គោលនយោបាយរបស់រដ្ឋាភិបាលទេ បានកំណត់ថា នៅតំបន់ដែលមានការធ្វើអាជីវកម្មរ៉ែ ត្រូវបង្កើតជាមូលនិធិរ៉ែដើម្បីយកមកអភិវឌ្ឍនៅក្នុងសហគមន៍ និងឆ្លើយតបតាមតម្រូវការរបស់សហគមន៍ ដើម្បីបម្រើសុខុមាលភាពក្នុងសហគមន៍។

រ៉ែមាស ពលរដ្ឋរែងបាន
 
អ្នកស្រី វឹក យ៉ា មេឃុំរមទម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរស័ព្ទថា ដើម្បីមានសិទ្ធិធ្វើអាជីវកម្មរ៉ែ ត្រូវតែមានច្បាប់អនុញ្ញាតពីច្រកចេញចូលតែមួយនៅឃុំ ស្រុក និងខេត្ត។ ប៉ុន្តែពលរដ្ឋដែលជីករ៉ែនៅក្នុងឃុំរមទមភាគច្រើន គ្មានច្បាប់នោះទេ គឺធ្វើតាមបែបប្រពៃណី ជីក រែង តាមដូនតា និងចេះតាមគ្នីគ្នាប៉ុណ្ណោះ។ អ្នកស្រី វឹក យ៉ា បានបញ្ជាក់ថា៖ «អ្នកស្រុកជិត ឬអ្នកនៅទីនេះអត់បានជីកទេ។ មានតែអ្នកចំណាកស្រុកមកពីខេត្តផ្សេងៗ។ អ្នកមានដីខ្លួនឯងជីកលើដីក៏ខុសច្បាប់ដែរ គឺត្រូវទៅសុំច្បាប់នៅច្រកចេចូលតែមួយសិន ទើបអាចជីករ៉ែបាន។ តែពលរដ្ឋសព្វថ្ងៃអត់មានច្បាប់ទេ។ សូម្បីខ្ញុំជាអាជ្ញាធរឃុំ ពលរដ្ឋធ្វើរ៉ែមានប៉ុន្មានគ្រួសារអត់ដឹងផងហ្នឹង។ មានតែក្រុមហ៊ុនពីរទេ ដែលជីករ៉ែស្របច្បាប់នៅទីនេះ»។
សម្រាប់អ្នកស្រីមេឃុំ បានមើលឃើញពីហានិភ័យនៃការជីករករ៉ែរបស់ពលរដ្ឋជាលក្ខណៈគ្រួសារ ថាប្រៀបដូចជាផ្សេងព្រេង និងប្រថុយប្រថាននឹងគ្រោះថ្នាក់ដែរ។ បើតាមអ្នកស្រី វឹក យ៉ា មេឃុំរមទម។នៅឆ្នាំ២០២២ កន្លងទៅ មានពលរដ្ឋ៣នាក់បានស្លាប់ ដោយសារឆក់ខ្សែភ្លើង អំឡុងពេលជីកបូមយករ៉ែមាសនៅតំបន់នេះ។ 
 
យ៉ាងណាក៏ដោយ មេឃុំរូបនេះ ទទួលស្គាល់ការជីករ៉ែលក្ខណៈគ្រួសារ មានភាពយូរអង្វែងជាងសម្រាប់ប្រជាពលរដ្ឋ ដោយពួកគាត់អាចប្រកបរបចិញ្ចឹមជីវិតបានជារៀងរាល់ថ្ងៃ មិនដូចបច្ចុប្បន្ន មានកន្លែងខ្លះដាក់ម៉ាស៊ីនបូម ដាក់គ្រាប់រំសេវបំផ្ទុះ ដាក់គីមីធ្វើឱ្យរ៉ែឆាប់អស់ និងបាត់បង់៕




Tag:
 ជីករ៉ែ
  រ៉ែមាស
  ស្រុងរវៀង
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com