កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីកាតា Sheikh Jassim ដាក់ដេញថ្លៃ៦,១២ពាន់លានដុល្លារ ទិញក្លិប Man Utd
26, Mar 2023 , 8:29 pm        
រូបភាព
មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani នៅថ្ងៃទី២៥ ខែមីនា បានដាក់សំណើដេញថ្លៃទិញយកក្លិប Manchester United ចំនួន ៦,១២ពាន់លានដុល្លារ។
Sheikh Jassim ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា បានបើកការដេញថ្លៃជាលើកទី២ដើម្បីទិញយកក្លិបយក្សអង់គ្លេសមួយនេះទៅកាន់កាប់។ បើតាមការចុះផ្សាយរបស់កាសែត សារព័ត៌មាន Sky Sports អ្នកនាំពាក្យលោក Sheikh Jassim បាននិយាយថា ការដេញថ្លៃតាមរយៈមូលនិធិ Nine Two Foundation របស់ Sheikh Jassim ក្នុងចំនួន៦,១២ពាន់លានដុល្លារ និងគ្មានបំណុលឡើយ។

 
គ្រួសារ Glazer ដែលកាន់កាប់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហម បានដាក់ឱ្យមានការដេញថ្លៃលក់ក្លិបនេះ ដោយចង់បានតម្លៃកំណត់ត្រាពិភពលោក ៧,៣ ពាន់លានដុល្លារ ក្រោយកាន់កាន់ក្លិប១៨ឆ្នាំ។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Sheikh Jassim មហាសេដ្ឋីកាតាបានចូលរួមដាកដេញថ្លៃទិញក្លិប Man Utd ទាំង២លើក ក្រោយក្លិបនេះពន្យារពេលកំណត់ដេញថ្លៃ។ Jassim ដែលចង់គ្រប់គ្រងភាគហ៊ុនក្លិប Man Utd ទាំង១០០ភាគរយ សន្យាថានឹងលុបបំណុល ៦២០ លានដុល្លាររបស់ក្លិបនេះ និងវិនិយោគលើកីឡដ្ឋានថ្មី និងកន្លែងហ្វឹកហាត់ ព្រមទាំងគាំទ្រទាំងក្រុមបុរស និងក្រុមនារី។
 
យ៉ាងណាក៏ដោយ ក្លិប Man Utd មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ជុំវិញចំនួនទឹកប្រាក់ដេញថ្លៃរបស់មហាសេដ្ឋីកាតាខាងលើនេះទេ។
 
ក្រៅពី Sheikh Jassim សហគ្រិនហ្វាំងឡង់ Thomas Zilliacus ក៏បានដាក់ការដេញថ្លៃផងដែរ ប៉ុន្តែត្រូវបានគេលើកឡើងថាលោក Zilliacus ចង់បង់ថ្លៃតាមដំណាក់កាលៗប៉ុណ្ណោះ។
ដោយឡែក មហាសេដ្ឋី Jim Ratcliffe ដែលជាអ្នកគាំទ្រ Man Utd ដ៏ងប់ងល់ និងជាស្ថាបនិកក្រុមហ៊ុនផលិតសារធាតុគីមី INEOS បានដាក់ដេញថ្លៃផងដែរ បើទោះអ្នកជំនួញអង់គ្លេសរូបនេះ ធ្លាប់រិះគន់ពីការទិញក្លិបអង់គ្លេសនេះក៏ដោយ។
 
គ្រួសារ Glazer សព្វថ្ងៃកាន់ភាគហ៊ុនធំក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ ចំនួន៦៩ភាគរយ។ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchesterមួយនេះ ត្រូវបានគ្រួសារអ្នកជំនួញអាម៉េរិកទិញយកកាលពីឆ្នាំ២០០៥ ក្នុងតម្លៃមិនដល់៩៧០លានដុល្លារផង។
 
របាយការណ៍របស់ក្រុមហ៊ុន Deloitte (ក្រុមហ៊ុនព្រឹក្សាពន្ធ និងហិរញ្ញវត្ថុ) ដែលមានមូលដ្ឋាននៅអង់គ្លេស ចាត់តាំងក្លិប Man Utd ជាក្លិបកីឡាបាល់ទាត់មានជាងគេទី៤លើលោក។ ក្លិប Man Utd ក៏ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ក្នុងចំណោមវិស័យកីឡាទាំងអស់៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com