អន្តរជាតិ
ណាតូរិះគន់លោក ពូទីន ពីការពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស
27, Mar 2023 , 2:42 pm        
រូបភាព
អង្គការណាតូនៅថ្ងៃទី២៦ ខែមីនារិះគន់លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញគម្រោងពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស។ ប្លុកយោធានេះ ចាត់ទុករឿងនេះជាគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅចុងសប្តាហ៍មុនបានប្រកាសពីផែនការពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុសក្បែរ ដែលនឹងធ្វើដូចទៅនឹងការដាក់អាវុធរបស់អាម៉េរិកនៅអឺរ៉ុប។ លោក ពូទីន អះអាងថា ទង្វើនេះមិនបានបំពានលើកិច្ចសន្យាមិនរីកសាយភាយនុយក្លេអ៊ែររបស់ខ្លួន។
 
ក្រោយការប្រកាសនេះ អ៊ុយក្រែនបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាការឆ្លើយតបជាបន្ទាន់មួយ។ ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Danilov ក៏បានលើកឡើងថា រុស្ស៊ីក៏មានផែនការធ្វើឱ្យបេឡារុសគ្មានស្ថិរភាពផងដែរ។ 
 
ទន្ទឹមនឹងការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនពីការប្រកាសរបស់លោក ពូទីន អង្គការណាតូចាត់ទុកការសន្យាមិនធ្វើឱ្យរីកសាយនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ី និងការពិពណ៌នាលើការដាក់ពង្រាយអាវុធរបស់អាម៉េរិកនៅក្រៅប្រទេស ជារឿងដែលមិនត្រឹមត្រូវ។ 
 
«ការយោងរបស់រុស្ស៊ីចំពោះការចែករំលែកនុយក្លេអ៊ែររបស់សមាជិកអង្គការណាតូ ជារឿងខុសទាំងស្រុង​។ សម្ព័ន្ធមិត្តណាតូធ្វើសកម្មភាពដោយគោរពទាំងស្រុងចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិ»។ អ្នកនាំពាក្យរបស់អង្គការណាតូ លោក Oana Lungescu បានលើកឡើងបែបនេះក្នុងតាមអ៊ីមែលមួយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ លើសពីនេះលោកក៏បានគូសបញ្ជាក់ថា ​រុស្ស៊ីកន្លងមកតែងធ្វើខុសសន្យាពីការ​គ្រប់គ្រង​អាវុធ​របស់​ខ្លួន។ 
 
យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនហាក់មិនឃើញមានការផ្លាស់ប្តូរសក្តានុពលរបស់ទីក្រុងមូស្គូក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយការប្រកាសរបស់រុស្ស៊ីនេះ នឹងមិនប៉ះពាល់ដល់ការពង្រាយអាវុធរបស់អង្គការណាតូឡើយ។ 
 
បេឡារុសដែលមានព្រំប្រទល់ជាប់ជាមួយសមាជិកណាតូចំនួនបី គឺប៉ូឡូញ លីទុយអានី និងឡេតូនី មានទំនាក់ទំនង​យោធា​ជិតស្និទ្ធជាមួយរុស្ស៊ី។ កន្លងមក បេឡារុសក៏បានរងការចោទប្រកាន់ថាបានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីខ្លួនដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីឆ្នាំមុនផងដែរ៕ 
 

Tag:
 ណាតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com