អន្តរជាតិ
ក្រោយរបូតហុងឌូរ៉ាស ប្រធានាធិបតីតៃវ៉ាន់ថាមិនប្រជែងការទូតដុល្លារជាមួយចិន
27, Mar 2023 , 7:29 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ (រូបក្នុងរង្វង់)។ រូបភាព AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ (រូបក្នុងរង្វង់)។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៦ ខែមីនា បានលើកឡើងថា រដ្ឋាភិបាលក្រុងតៃប៉ិ នឹងមិនចូលរួមប្រជែងដោយគ្មានន័យលើការទូតដុល្លាររបស់ចិន ក្នុងការទាក់ទាញទំនាក់ទំនងការទូតពីប្រទេសផ្សេងឡើយ។


ក្រោយហុងឌូរ៉ាស ផ្តាច់ទំនាក់ទំនងការទូតផ្លូវការ ហើយបោះដៃទៅចាប់ចិន លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី២៦ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញការផ្តាច់ទំនាក់ទំនងផ្លូវការជាមួយប្រទេសនៅតំបន់អាម៉េរិកកណ្តាលមួយនេះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រី Tsai បានបញ្ជាក់ច្បាស់ៗថា តៃវាន់អាចពង្រឹងការអភិវឌ្ឍការទូតរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តក្នុងរយៈពេលយូរ តាមរយៈចំណាត់ការជាក់ស្តែង។ បើតាមមេដឹកនាំរូបនេះ តៃវ៉ាន់ នឹងមិនប្រជែងការទូតដុល្លារជាមួយចិនឡើយ។ 
 
«តៃវ៉ាន់នឹងមិនចូលរួមក្នុងការប្រកួតប្រជែងដោយគ្មានន័យលើការទូតដុល្លារជាមួយចិនឡើយ»។ លោកស្រី Tsai បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា​ ក្រុងប៉េកាំង បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្រ្កាបការចូលរួមរបស់តៃវ៉ាន់នៅក្នុងឆាកអន្តរជាតិ, បង្កើនសកម្មភាពគំរាមកំហែងយោធា និងបង្កឱ្យមានអស្ថិរភាព និងសន្តិភាពក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
ជាទូទៅ ការទូតដុល្លារសំដៅដល់ការប្រើប្រាស់ការវិនិយោគ ជំនួយហិរញ្ញវត្ថុ និងការធ្វើពាណិជ្ជកម្មជាមួយរដ្ឋមួយ ដើម្បីទាក់ទាញការទទួលស្គាល់ផ្លូវទូត ឬឥទ្ធិពលលើឆាកអន្តរជាតិ។ ជាការពិត ការទូតដុល្លារនេះ ត្រូវបានចិនប្រើប្រាស់នៅក្នុងប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ឱ្យមកទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជំនួសវិញ។ 
 
បើតាមលោកស្រី Tsai យុទ្ធសាស្រ្តរបស់ចិន មិនបានផ្លាស់ប្តូរការពិតឡើយ ហើយចិន និងតៃវ៉ាន់ មិនមែនជាដែនដីតែមួយឡើយ។ ត្រង់ចំណុចនេះ ប្រធានាធិបតីតៃវ៉ាន់ បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង មិនអាចជម្រះការប្តេជ្ញារបស់ប្រជាជនតៃវ៉ាន់ ចំពោះសេរីភាព ប្រជាធិបតេយ្យ ឬការប្តេជ្ញាទៅកាន់ពិភពលោកបានឡើយ។ 
 
បន្ថែមពីនេះ លោកស្រី Tsai បានសន្យាបន្តឈរជាមួយប្រទេសមានការគិតដូចគ្នា និងមានទំនាក់ទំនងការទូតជាមួយគ្នា ដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ និងការពារសន្តិសុខសកលឱ្យកាន់តែរឹងមាំជាមុន។ 
 
ក្រោយកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ហុងឌូរ៉ាស តៃវ៉ាន់ នៅសល់ប្រទេសមានទំនាក់ទនងការទូតជាមួយត្រឹម ១៣ ប៉ុណ្ណោះ ដែលភាគច្រើនជាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាមេរិកកណ្តាល ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក៕
 

Tag:
 ហុងឌូរ៉ាស
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com