ជាតិ
អង្គការ PLAN លើកកម្ពស់ដល់ក្មេងស្រី-ប្រុស ឱ្យបញ្ឈប់ការរៀបការវ័យក្មេង
27, Mar 2023 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) បានប្រកាសគម្រោងថ្មីរបស់ខ្លួន ក្នុងការលើកកម្ពស់ដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ ឱ្យបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សពេញវ័យប្រកបដោយសក្តានុពល។ នេះបើតាមអង្គការ PLAN ដែលបានដាក់សម្ពោធគម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» នៅថ្ងៃទី ២៧ ខែមីនានេះ។


«ដល់ពេលត្រូវធ្វើសកម្មភាព» ជាគម្រោងគាំទ្រក្មេងស្រី និងក្មេងប្រុសវ័យជំទង់ប្រមាណ ៦០០០នាក់ ដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេងនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលភាគឦសាននៃប្រទេសកម្ពុជា ។ ជាពិសេសខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ គម្រោងនេះ អនុវត្តចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់។ 
 
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា  អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការបោះបង់ការសិក្សា នៅតែជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍របស់ក្មេងស្រីជំទង់ ។ ជាពិសេសនៅតំបន់ជនបទ ដែលប្រឈមមុខនឹងហានិភ័យ ចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេង ព្រមទាំងករណីអំពើហិង្សា និងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារជាដើម។
  

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។ រូបភាព៖ អង្គការ PLAN
 
លោកស្រី គ្វីននេត វ៉ង បានបញ្ជាក់ថា៖ «ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ចំពោះក្មេង​ស្រី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​បំផុត ​មក​ពី​គ្រួសារ​ក្រីក្រ ជាក្រុម​ជនងាយ​រង​គ្រោះ និងរស់នៅតាម​តំបន់​ជនបទ។ អាពាហ៍ពិពាហ៍​កុមារ​ជា​ញឹកញាប់​នាំ​ឱ្យ​មាន​ផល​វិបាក​អវិជ្ជមាន​ធ្ងន់ធ្ងរ ដោយ​បដិសេធ​កុមារី​រាប់​លាន​នាក់ជុំវិញ​ពិភពលោក​ នូវ​ឱកាស​ដើម្បី​បំពេញ​សក្តានុពល​របស់​ពួកគេ​»។ 
 
គម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» នឹងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រួមមាន អង្គការវឌ្ឍភាព (WP) និងសមាគមយុវជនខ្មែរ (KYA) ដែលនៅក្នុងឃុំគោលដៅចំនួន ១៦ ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីចំនួន ៥,៣២៧នាក់ និងក្មេងស្រីចំនួន ៣,៣៦១នាក់ តាមរយៈការកែលម្អបរិយាកាសរៀនសូត្រក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងអាពាហ៍ពិពាហ៍នៅវ័យក្មេង។ នេះបើតាមនាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។
 
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងដែរថា ក្មេងស្រី និងក្មេងប្រុសរៀបការវ័យក្មេង មានការកើនឡើងនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារកត្តាកូវីដ-១៩ ។ សាលារៀនបានបិទទ្វារ ទើបមានក្មេងស្រីមួយចំនួន បានរៀបការ ដោយមិនបន្តការសិក្សា។


លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
 
លោក គឹមថាន បានបន្តថា ៖«ខ្ញុំបានទទួលពីសហគមន៍ជាការប៉ាន់ប្រមាណ តែតួលេខពិត នឹងដឹងពេលចុះទៅស្រាវជ្រាវ»។
 
ដំណើរការនៃគម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» នឹងអនុត្តន៍ផ្សព្វផ្សាយនៅតាមតំបន់គោលដៅ និង លើកកម្ពស់គុណភាពលើវិស័យអប់រំ ដោយធ្វើយ៉ាងណាជួយដល់យុវជន ដែលមានហានិភ័យខ្ពស់ និងយុវជនក្រីក្រ ឱ្យពួកគេអាចបន្តការសិក្សាដល់ថ្នាក់អនុវិទ្យាល័យ។ នៅពេលពួកគេបន្តការសិក្សា មានចំណេះដឹង អត្រាបោះបង់ការសិក្សក៏ថយចុះ ហើយការរៀបការវ័យក្មេង នឹងកាត់បន្ថយ។ នេះបើតាមលោក គឹមថាន។
  


នាយករងអង្គការភ្លែនប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ៖«យើងប្រឹក្សាយោបល់ឱ្យពួកគាត់(ក្មេងស្រី និងក្មេងប្រុស) ពីបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជដើម្បីឱ្យគាត់យល់ ពីហានីភ័យនៃការរៀបការវ័យក្មេង ប្រាប់ពីការពារនៃការមានផ្ទៃពោះជាដើម។ មួយទៀតផ្ដោតលើអណាចសេដ្ឋកិច្ច ភាពជាម្ចាស់របស់ក្មេងស្រី កុំឱ្យគាត់ឆាប់យកគ្រួសារដើម្បីជាបង្អែករបស់គាត់។ ពន្យល់ពួកគាត់ពីសិទ្ធការពារ នៃការរំលាភបំពានផ្សេងៗ»។
 
យោងតាមការសិក្សាស្រាវជ្រាវនៃយុទ្ធសាស្ត្រប្រចាំប្រទេសទី​៤ ដោយអង្គការភ្លែនអន្តរជាតិកម្ពុជាគិតពីខែតុលា ឆ្នាំ២០២០ អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ ៤៨ភាគរយ មុនអាយុ ១៨ឆ្នាំ និងមុនអាយុ ១៥ឆ្នាំ មាន៨ភាគរយ និងនៅខេត្តស្ទឹងត្រែង ២៥ភាគរយ មុនអាយុ១៨ឆ្នាំ៕
 
 

Tag:
 រៀបការវ័យក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com