អន្តរជាតិ
មេដឹកនាំយោធាមីយ៉ាន់ម៉ា ប្តេជ្ញាស្តារស្ថិរភាពនយោបាយក្នុងប្រទេស​ មុនរៀបចំការបោះឆ្នោត
27, Mar 2023 , 8:29 pm        
រូបភាព
លោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងខួបកម្លាំងប្រដាប់អាវុធលើកទី ៧៨ នៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២៣។ រូបភាព AP
លោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងខួបកម្លាំងប្រដាប់អាវុធលើកទី ៧៨ នៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២៣។ រូបភាព AP
លោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែមីនា បានប្តេជ្ញាស្តារស្ថិរភាពនៅក្នុងប្រទេស មុននឹងរៀបចំការបោះឆ្នោតឡើងវិញ ដូចដែលធ្លាប់សន្យានៅពេលកន្លងមក។
 
ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០២១ មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ជាញយៗ យោធាមីយ៉ាន់ម៉ា តែងប៉ះទង្គិចជាមួយកម្លាំងស្វ័យការពាររបស់រដ្ឋាភិបាលស្រមោល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ដោយអស្ថិរភាពនៅតែបន្តបែបនេះ យោធា បានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន កាលពីខែកុម្ភៈកន្លងទៅ។ 
 
យ៉ាងណាក៏ដោយ លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅតែសន្យារៀបចំការបោះឆ្នោតឡើងវិញនៅក្នុងខួបកម្លាំងប្រដាប់អាវុធលើកទី ៧៨ ក្នុងក្រុងណៃពិដោ តែនៅពេលប្រទេសមានស្ថិរភាព ហើយក្រុមភេវរកម្មត្រូវបានដោះស្រាយ។ 
 
«សកម្មភាពភេវរកម្មរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ និងកម្លាំងស្វ័យការពារប្រជាជន ចាំបាច់ត្រូវដោះស្រាយឱ្យបានល្អ និងសម្រាប់មនុស្សទាំងអស់»។ លោក មីន អ៊ុងឡាំង បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខកម្លាំងប្រដាប់អាវុធដែលចូលរួមប្រមាណ ៨ពាន់នាក់ ដោយបន្តថា បន្ទាប់មក យោធានឹងរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ ក្រោយបញ្ចប់ស្ថានភាពអាសន្ន។ 
 
ត្រង់ចំណុចនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា បាននិយាយការពារថា សន្តិភាព និងស្ថិរភាព ពិតជាសំខាន់ណាស់ មុនពេលរៀបចំការបោះឆ្នោត។
 
ក្នុងខួបកម្លាំងប្រដាប់អាវុធលើកទី ៧៨នេះ មីយ៉ាន់ម៉ា បានបង្ហាញពីរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល និងយន្តហោះ Sukoi Su-30 ដែលបាញ់ផ្សែងពណ៌លឿង ក្រហម និងបៃតង តំណាងអោយទង់ជាតិមីយ៉ាន់ម៉ាផង។ 
 
គួររំឭកថា កន្លងមក សមាជិកអាស៊ានជាបន្តបន្ទាប់ បានជំរុញឱ្យមីយ៉ាន់ម៉ា អនុវត្តការឯកភាព ៥ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលជាប់គាំងក្នុងរយៈពេល ២ឆ្នាំមកនេះ។ ស្របគ្នានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យអាស៊ានដាក់ចេញវិធានការម៉ឹងម៉ាត់ជាងមុន៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com