ជាតិ
សេដ្ឋកិច្ច
សិក្សាគម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-សៀមរាប, រដ្ឋមន្ត្រីសាធារណការសុំ​ការ​សហការពីអភិបាល​ខេត្តពាក់ព័ន្ធ
27, Mar 2023 , 5:27 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធាណការ និងដឹកជញ្ជូន។ រូបថត៖  MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធាណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន(CRBC) នឹងចាប់ផ្តើមសិក្សាលើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ។ ដើម្បីឱ្យការសិក្សានេះបានដំណើរការដោយរលូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានស្នើសុំការគាំទ្រពីបណ្តាអភិបាលរាជធានីភ្នំពេញ-ខេត្តដែលពាក់ព័ន្ធ។
 
លោក ស៊ុន ចាន់ថុល សុំកិច្ចសហការពីអភិបាលរាជធានីភ្នំពេញ រួមទាំងអភិបាលខេត្តកណ្តាល កំពង់ចាម កំពង់ធំ​ និងខេត្តសៀមរាប ឱ្យជួយសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុន CRBC លើដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប។ នេះបើយោងតាមលិខិតស្នើសុំរបស់លោករដ្ឋមន្ត្រីសាធារណការទៅកាន់អភិបាលរាជធានី-ខេត្តទាំង៥ខាងលើនេះ​។  
 
លិខិតរបស់លោក ស៊ុន ចាន់ថុល​ នាថ្ងៃទី២៤មីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនទី៣នេះ​ដោយក្រុមហ៊ុនចិនCRBC នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធនឹងពេលវេលាជាក់លាក់នៃការចាប់ផ្តើមសិក្សាលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀម​រាបនេះ​សារព័ត៌មានថ្មីៗ(ThmeyThmey) ពុំអាចសុំការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែមិនមានអ្នកទទួល។ 
 
ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្រសួងសាធារណការក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត​​ ​ជាប់ព្រំដែនប្រទេសថៃ ដែលជាគម្រោងទី៤ ផងដែរ។
 
សូមជម្រាបថា ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ​ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាម៉េរិក។ ផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិន CRBC នេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ក្រោមទុនវិនិយោគជិត១ ៧០០លានដុល្លារ កម្ពុជាគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៣៕ ​
 

Tag:
 ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com