ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ បញ្ហាប្រឈមវិស័យកសិកម្ម គឺថ្លៃដើមផលិតខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធ
27, Mar 2023 , 9:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា។ រូបភាព៖ SPM
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា។ រូបភាព៖ SPM
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា វិស័យកសិកម្មកម្ពុជា  ចំណាយថ្លៃដើមផលិតកម្មខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត។ កត្តាចំណាយខ្ពស់នេះ ជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយទាន់ពេលវេលា។
 
ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា លោក ឌិត ទីណា បានលើកឡើងថា បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា បានជួបបញ្ហាប្រឈមមួយចំនួនរួមមាន ថ្លៃដើមផលិតកម្មខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិតដូចជា កង្វះផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពដែលចំណាយទាប ឡសម្ងួត ឃ្លាំងស្តុក ទូត្រជាក់ និងពាណិជ្ជូបនីយកម្មលើកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឱ្យអស់សក្តានុពល។
 
ទន្ទឹមនេះ តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយសម្ពាធមកលើធនធានព្រៃឈើ និងជលផល នៅតែជាប្រធានបទមួយដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ក្រសួងកសិកម្ម បានដាក់ចេញទស្សនទានទៅអនាគត ដោយមានការធានាស្ថិរភាពថ្លៃកសិផលក្នុងស្រុក កាត់បន្ថយថ្លៃដើម និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មសម្រាប់ការនាំចេញ។ ការបង្កើតជាផលិតផលប្រណិត នឹងក្លាយជាគោលដៅអាទិភាព ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំងមូល។ 
 
នៅឆ្នាំ២០២៣នេះ ក្រសួងនឹងអនុវត្តយុទ្ធសាស្រ្ត កាត់បន្ថយថ្លៃដើម ដោយប្រើពូជសុទ្ធល្អ បច្ចេកទេសទំនើប និងសន្សំសំចៃថាមពល។ ចំពោះ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម ក្រសួងនឹងផ្ដល់ឥណទានមានការប្រាក់ទាប និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម សម្រាប់ផ្ទះសំណាញ់បន្លែ។ 
ដោយឡែក ពាណិជ្ជូបនីយកម្ម ដែលជាការចងក្រងជាបណ្ដាញកសិករ ដល់អ្នកកែច្នៃ និងអាជីវករ នឹងត្រូវបានជំរុញឱ្យអនុវត្តផលិត- កម្មតាមកិច្ចសន្យា ដោយផ្អែកលើផែនការទីផ្សារជាក់លាក់។ ការរៀបចំចងក្រង ជាបណ្តាញខាងលើនឹងផ្អែកលើគោល- ការណ៍ស្ម័គ្រចិត្ត និងគោលការណ៍ទីផ្សារសេរី។
 
លោក ឌិត ទីណា បញ្ជាក់ថា ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយ ដែលអនុវត្តការចងក្រងជាបណ្តាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាបនេះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ឥណទានប្រមាណ ៣៨០លានដុល្លាររួចហើយ ដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្ម ដែលជាង៦០ភាគរយ នៃឥណទាននេះ មានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹមតែ ៥ ទៅ ៥,៥ភាគរយ ប៉ុណ្ណោះ។ 
 
លោក ឌិត ទីណា សង្ឃឹមថា នៅឆ្នាំ ២០២៣ ទំហំឥណទានការប្រាក់ទាបបែបនេះនឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់។ ចំពោះ តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ក្រសួងនឹងខិតខំបង្កើតជម្រើសផ្សេងៗ ដោយតម្រង់ទិស គម្រោងអភិវឌ្ឍន៍នានា ឱ្យមកគាំទ្រការបង្វែរមុខរបរប្រជាជន ពីការពឹងពាក់លើធនធានជលផល និងព្រៃឈើ ទៅប្រកបមុខរបរផ្សេងដែលមាននិរន្តរភាពសេដ្ឋកិច្ច៕ 
 
 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម
  លោក ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com