ជាតិ
អ្នកជំនាញប្រពៃណី និងទំនៀមទម្លាប់ លោក ញាណ ភឿន ស្លាប់មួយចំហៀងខ្លួន ដោយសារ​លើសឈាម
28, Mar 2023 , 8:59 am        
រូបភាព
(រូប​ផ្ដល់ឱ្យ)
(រូប​ផ្ដល់ឱ្យ)
ភ្នំពេញ​៖ លោក ញាណ ភឿន រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​ មាន​ជំងឺ​លើស​ឈាម​ បណ្ដាល​ឱ្យ​ស្លាប់មួយចំហៀងខ្លួន អស់​រយៈ​ពេល​​ប្រមាណ​៥​ខែ​មក​ហើយ​។ រហូត​មក​ដល់​ពេល​នេះ លោក​បាន​ធូរ​ស្បើយ​បន្តិច​វិញ​ហើយ​​។


អ្នក​ស្រី ព្រឹម ហាយ អាយុ៦៣​ឆ្នាំ​ ត្រូវ​ជា​ភរិយា​របស់​លោក ញាណ ភឿន បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ តាម​ទូរសព្ទ​ថា​ប្ដី​របស់​អ្នក​ស្រី​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យព្រៃ​នគរ ឯប្រទេស​វៀត​ណាម​ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ ដើម្បី​ព្យាបាល​​​។ ពេទ្យនៅ​ប្រទេស​​វៀត​ណាម​ បាន​បញ្ជាក់​ប្រាប់​អ្នក​ស្រី​ ព្រឹម ហាយ ថា ​អាការ​ជំងឺ​របស់​លោក​ ញាណ​ ភឿន ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ខ្លាំង​ ដោយ​សារ​តែ​ឈាម​បុក​ឡើង​ស្ទើរ​តែ​ពេញ​​​ខួរ​​​ក្បាល​ ដែល​ពិបាក​នឹង​ជួយ​សង្គ្រោះ​។
 
ជា​មួយ​គ្នា​នោះ ​ពេទ្យ​បាន​បញ្ជាក់បន្ថែម​​ថា​ បើ​ទោះ​បី​ជា​អ្នក​ជំងឺ​អាច​ដឹង​ខ្លួន​​វិញក្ដី​ ក៏​ពិបាក​នឹង​ព្យាបាល​ជា ហើយ​ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ប្រទេស​នេះ ច្រើន​តែ​ដឹង​ខ្លួន​មក​ជា​មួយ​នឹង​ការ​វង្វេង​ស្មារតី​ ហើយ​នឹង​បាត់​ការ​ចង​ចាំ​។
 
អ្នក​ស្រី ព្រឹម​ ហាយ ពន្យល់​បន្ថែម​៖«ពេទ្យ​នៅ​​វៀត​ណាម គេ​ថាគាត់​​ធ្ងន់ធ្ងរ​ខ្លាំង​។ ឈាម​បុក​ឡើង​​ធ្វើ​ឱ្យ​ជាំ​ក្បាល ​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​។ ពេទ្យ​ថាជំងឺនេះ បើ​ទោះ​បី​ជា​ដឹង​ខ្លួន​វិញ ក៏​​ពិបាក​នឹង​​ជាដែរ​។ ហើយ​អ្នក​ជំងឺ​ភាគ​ច្រើន ក្រោយ​ដឹង​ខ្លួន ​ទៅ​ជា​រងេរងើ(វង្វេង​ស្មារតី​) បាត់​បង់ការ​ចង​ចាំ​ដែរ​​​។ ប៉ុន្តែ​គាត់​នៅ​ចង​ចាំ​ដូច​ពី​មុន​ គាត់​អត់​វង្វេង​ទេ​។ ​ពេទ្យ​​ថា​មិន​ដែល​ឃើញ​ទេ មាន​តែ​គាត់​មួយ​ ដែល​ដឹង​ខ្លួន​មក​វិញ​ស្មារតី​នៅ​ដដែល​»។
 
អ្នក​ស្រី ហាយ រំលឹកពី​ហេតុ​ការ​ណ៍​​ដែល​​លោក ញាណ ភឿន ធ្លាក់​ខ្លួន​ឈឺ​ដំបូង​។ អ្នក​ស្រី​ថា ក្នុងអំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ប្ដី​របស់​អ្នក​ស្រី បាន​ទៅ​ធ្វើ​ជា​អាចារ្យ​សម្រាប់​ពិធី​មួយ​។ លោក​​មាន​អាការ​ដើរ​មិន​ត្រង់​ផ្លូវ​ ហើយ​ជ្រុល​ទៅ​ទាត់​ជើង​តុ​ ប៉ុន្តែ​បាន​កូន​ទប់​ជាប់​មិន​ធ្វើ​ឱ្យ​​លោក​ដួល​ឡើយ​​។ 
 
ក្រោយ​ពី​បាន​ជំនួយ​ភ្លាម​ៗ​ពី​គ្រូ​ពេទ្យ​​ លោក​អាច​បន្ត​បំពេញ​តួនាទី​ជា​អាចារ្យ​បាន​ធម្មតា។ ប៉ុន្តែ​ប្រហែល​មួយ​ម៉ោង​ក្រោយ​ លោក​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ម្ដងទៀត ហើយ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​លោក​​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យឯកជន​មួយ​​។ លោក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ស្កែន​ខួរ​បាល នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ផ្សេង​ទៀត​ នៅ​ថ្ងៃ​បន្ទាប់​។ ក្រោយ​ព្យាបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រមាណ​មួយ​សប្ដាហ៍ លោក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ឯ​ព្រៃ​នគរ​ក្នុង​ប្រទេស​វៀត​ណាម​។ 
 
«គាត់(លោក ញាណ ភឿន) ​វាស់​ឈាម​រហូត ​​មិន​ដែលឃើញ​លើស​ឈាម​ទេ។ ប៉ុន្តែ​ថ្ងៃ​កម្មវិធី​នោះ កូន​ឃើញ​គាត់​ដើរ​មិន​ត្រង់​ផ្លូវ គេ​ក៏​រត់​ទៅ​ឱប​ចង្កេះ​គាត់​ទាន់​ មិន​ធ្វើឱ្យ​គាត់​ដួល​ទេ​។ យើង​យកគាត់​​ទៅ​ឆ្លុះ​ខួរ​ក្បាល​។ ពេទ្យ​នៅ​ខ្មែរ ថា​មើល​មិនសូវ​ច្បាស់ ឱ្យ​នៅ​តាម​ដាន​មួយ​អាទិត្យ​សិន​។ ដល់​មួយ​អាទិត្យ​ហើយ​ គាត់​នៅ​តែ​មិន​ប្រសើរ​ យើង​ក៏​យក​គាត់​ទៅ​វៀត​ណា​ម​»។ នេះ​ជា​ការ​បញ្ជាក់​របស់​​អ្នក​ស្រី ព្រឹម ហាយ
 
ទោះ​ជា​យ៉ាង​ណា គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២៣​​នេះ លោក​ ញាណ ភឿន បាន​ធូរ​ស្បើយ​បន្តិច​ហើយ​ ដោយ​លោក​អាច​ទទួល​ទាន​បបរ​បាន​ច្រើន​ជាង​មុន​ ហើយ​សុខភាព​ក៏​ប្រសើរ​ឡើង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ​ លោក​នៅ​តែ​ស្លាប់​មួយ​ចំហៀង​ខ្លួន​។
 
«​ពីមុន​ហូប​បានតិច ប៉ុន្តែ​ពេល​នេះ​បាន​បបរ​មួយ​ចាន​ដែរ។ ​ពេទ្យ​ឱ្យ​ទៅ​ពិនិត្យ​មួយ​ខែ​ម្ដង​ ប៉ុន្តែដោយ​សារ​អាការគាត់​ធូរ​​ស្រាល គេ​គ្រាន់​តែ​ឱ្យ​ទៅ​បើក​​ថ្នាំ​​ប៉ុណ្ណោះ»​ ។ នេះបើតាមភរិយាលោក ភឿន ។ ​
 
យ៉ាង​ណា​ក៏​ដោយ​ លោក ញាណ ភឿន បាន​អះ​អាងប្រាប់​សារព័ត៌មានថ្មី​ៗ​​​ថា ​ ​លោក​នៅ​តែ​អាច​ផ្ដល់​បទ​សម្ភាស ឱ្យ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​បាន​ដដែល​​​។ 
 
លោក ញាណ ភឿន៖«​ជួយ​ប្រាប់​គេ​តគ្នា​ផង​ថា​ខ្ញុំ​ឈឺ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​ផ្ដល់​សម្ភាស​បាន​។ ចង់​សួរ​អី​ក៏​បាន​ដែរ​(ទាក់ទង​នឹង​ប្រពៃណី ទំនៀម​ទម្លាប់​។ ខ្ញុំ​អាច​និយាយ​បានទាំង​អស់​​»។ 
 
សូម​បញ្ជាក់​ថា អ្នកជំនាញប្រពៃណី និងទំនៀមទម្លាប់ លោក ញាណ ភឿន បច្ចុប្បន្ន​មាន​ជន្មាយុ​៧២​ឆ្នាំ។ លោក​មាន​កូន​ចំនួន​៨​នាក់ ស្រី​​៤​នាក់​។ ថ្លៃ​ព្យាបាល​​ប្រមាណ​៥​ខែ​មក​នេះ លោក​បាន​ចំណាយ​អស់​​​ខ្ទង់​២​ម៉ឺន​ដុល្លារ​៕ 
 
 
 

Tag:
 ក្រសួង​ធម្មការ​និង​សាសនា​
  ប្រពៃណី​
  ទំនៀម​ទម្លាប់​
  ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com