អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យបង្កើនផលិតកម្មសារធាតុសម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ
28, Mar 2023 , 10:29 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី២៧ ខែមីនា។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី២៧ ខែមីនា។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យលើគម្រោងសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៨ ខែមីនា។ ក្នុងការត្រួតពិនិត្យនោះ លោកគីម បានជំរុញឱ្យបង្កើនការផលិតសារធាតុសម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្របពេលអាម៉េរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹក។


 
ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាន់តែក្តៅឡើង ដោយសារតែការបញ្ចេញសាច់ដុំដាក់គ្នាទៅវិញទៅមករវាងកូរ៉េខាងត្បូង អាម៉េរិក និងកូរ៉េខាងជើង តាមរយៈសមយុទ្ធយោធា និងការបាញ់មីស៊ីលឥតដាច់។ ស្របពេលកំពុងមានភាពចម្រូងចម្រាសបែបនេះ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែមីនា បានទៅត្រួតពិនិត្យគម្រោងសម្រាប់អាវុធនុយក្លេអ៊ែរ នៅវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ លោកគីម បានអំពាវនាវ ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ពេល និងគ្រប់កន្លែងទាំងអស់។ 
 
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រីកច្រវាក់ផលិតកម្មនៃសារធាតុសម្រាប់ផលិតអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងពង្រឿនការបន្តការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេសក្នុងការបង្កើនចំនួនអាវុធនុយក្លេអ៊ែរផង។ 
 
ការអំពាវនាវនេះ ធ្វើឡើងស្របពេលអាម៉េរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធបញ្ជូនកងទ័ពឡើងគោករហូតដល់សប្តាហ៍ក្រោយ។ ទន្ទឹមនេះ អាម៉េរិក ក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz ដែលនឹងត្រូវចតនៅកំពង់ផែប៊ូសានផង៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com