ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួងសុខាភិបាល ហាមពលរដ្ឋកុំឱ្យទិញផលិតផល VHOPE ដែលគ្មានបញ្ជិកាត្រឹមត្រូវ
28, Mar 2023 , 2:39 pm        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល បានរកឃើញការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ VHOPE គ្មានលេខបញ្ជិកាពីក្រសួងត្រឹមត្រូវ ដែលគិតត្រឹមថ្ងៃទី២ ខែមីនាឆ្នាំ២០២៣។


សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៨ ខែមីនានេះ រាល់ផលិតផលដែលចរាចរលើទីផ្សារទាំងអស់នៅកម្ពុជា តម្រូវឱ្យអនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ដែលត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ 
 
ពលរដ្ឋមុនពេលទិញផលិតផលឱសថគ្រប់ប្រភេទ ត្រូវពិនិត្យឱ្យបានល្អិតល្អន់តាមលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចកញ្ចប់។ ចំពោះការសម្គាល់លតាបត្រត្រឹមត្រូវ គឺនៅផ្នែកខាងលើ មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងមួយទៀតផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។ នេះបើតាមក្រសួងសុខាភិបាល។
 
ក្រសួងសុខាភិបាល បញ្ជាក់ថា៖«ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលឱសថឈ្មោះ VHOPEនេះឡើយ ព្រោះអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត»។
 
សេចក្ដីជូនព័ត៌មានដដែលបានបន្ថែមថា បន្ទាប់ពីក្រសួងផ្សព្វផ្សាយរួចហើយ ប្រសិនបើមានម្ចាស់គណនីតាមបណ្ដាញសង្គមហ្វេសប៊ុក ឬជនពាក់ព័ន្ធមួយចំនួននៅតែបន្តនាំចូល ចែកចាយ លក់ផលិតផលនេះទៀត នឹងត្រូវមានទោសតាមច្បាប់ជាធរមាន។
 
ការព្រមានរបស់ក្រសួងសុខាភិបាលនេះ ក្រោយពីមានគណនីហ្វេសប៊ុកមួយ បានផ្សព្វផ្សាយលក់ផលិតផល VHOPE នេះ ដោយអះអាងថា អាចជួយដោះស្រាយបញ្ហា ឈឺសន្លាក់ដៃជើង បញ្ហាក្រពះ ពោះវៀន និងឈឺចុងរោយចង្កេះជាដើម៕
 

Tag:
 ផលិតផលVHOPE
© រក្សាសិទ្ធិដោយ thmeythmey.com