អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខច្រានចោលសំណើរុស្ស៊ីលើការស៊ើបអង្កេតការផ្ទុះបំពង់ឧស្ម័ន Nord Stream
28, Mar 2023 , 3:33 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) នៅថ្ងៃទី ២៧ ខែមីនា បានច្រានចោលសេចក្តីព្រាងដោយទីក្រុងមូស្គូ ដែលអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ពីរុស្ស៊ីទៅអាល្លឺម៉ង់កាលពីឆ្នាំមុន។


បំពង់បង្ហូរឧស្ម័ន Nord Stream ដែលជាបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ ស្ថិតនៅក្រោមសមុទ្របាល់ទិក កាលពីខែកញ្ញាឆ្នាំមុនត្រូវបានគេរកឃើញថាមានការខូចខាត។ ក្រោយឧបទ្ទវហេតុនេះ បណ្តាប្រទេសលោកខាងលិចចោទប្រកាន់រុស្ស៊ីថាជាអ្នកនៅពីក្រោយការផ្ទុះនេះ ខណៈវិមានក្រេមឡាំងបានចោទប្រកាន់លោកខាងលិចថាជាអ្នកបំផ្លិចបំផ្លាញ។
 
បន្ទាប់ពីការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream រុស្ស៊ីបានដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ឱ្យរៀបចំការស៊ើបអង្កេតដោយឯករាជ្យ។ សំណើនេះទទួល​បាន​សំឡេងគាំទ្រពី​ចិន និង​ប្រេស៊ីល ខណៈសមាជិក១២​រូបផ្សេងទៀតរបស់ក្រុមប្រឹក្សាបានបោះឆ្នោតអនុប្បវាទ។
 
សំណើរបស់រុស្ស៊ី បានអំពាវនាវឱ្យមានការបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេតអន្តរជាតិ មានតម្លាភាព និងមិនលំអៀងលើគ្រប់ទិដ្ឋភាពនៃសកម្មភាពនៃការបំផ្លិចបំផ្លាញលើបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង ២ រួមទាំងការកំណត់អត្តសញ្ញាណជនល្មើស អ្នកនៅក្រោយ អ្នករៀបចំ និងអ្នកសមគំនិតផងដែរ។
 
«យើងមានមន្ទិលសង្ស័យយ៉ាងខ្លាំង ចំពោះគោលបំណង និងតម្លាភាពនៃការស៊ើបអង្កេតថ្នាក់ជាតិដែលធ្វើឡើងដោយរដ្ឋមួយចំនួននៅអឺរ៉ុប»។ ប្រេសិតរុស្ស៊ីលោក Vassily Nebenzia បានលើកឡើងបែបនេះ ទាក់ទងនឹងការស៊ើបអង្កេតរបស់ប្រទេសអឺរ៉ុបមួយចំនួនកន្លងមក។ 
 
លោកបានបន្តថា រុស្ស៊ីកាន់តែមានការសង្ស័យពី​គោល​បំណងនៃ​ការ​ស៊ើប​អង្កេតកន្លងមក ដោយសារមិន​បង្ហាញឱ្យច្បាស់ពី​អ្វី​ដែល​បានរកឃើញ ប៉ុន្តែព្យាយាមលាក់​ព័ស្តុតាង និង​បោស​សម្អាត​កន្លែង​ឧក្រិដ្ឋកម្មទៅវិញ។ លើសពីនេះ លោកក៏បាន​បន្ថែម​ថា រុស្ស៊ីបានមើលឃើញកាន់តែច្បាស់ពីជនសង្ស័យ​​បំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream​ បន្ទាប់ពីការបោះឆ្នោតនេះ។ 
 
ស៊ុយអែត អាល្លឺម៉ង់ និងដាណឺម៉ាក កន្លងមកបានធ្វើការរួមគ្នាស៊ើបអង្កេតលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។ សមាជិកជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ បានលើកឡើងថាពួកគេមានទំនុកចិត្តលើការស៊ើបអង្កេតរបស់ប្រទេសទាំង ៣ ហើយបានសង្កត់ធ្ងន់ថាទង្វើរបស់រុស្ស៊ីគឺព្យាយាមបង្វែរការចាប់អារម្មណ៍ពីសង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះ៕
 

Tag:
 UNSC
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com