អន្តរជាតិ
អតីតប្រធានាធិបតីតៃវ៉ាន់៖ យើងទាំងអស់គ្នាជាប្រជាជនចិន
28, Mar 2023 , 8:29 pm        
រូបភាព
លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់។ រូបភាព Reuters
លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់។ រូបភាព Reuters
អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou នៅថ្ងៃទី២៨ ខែមីនា បានលើកឡើងថា ប្រជាជនដែលរស់នៅចិនដីគោក និងតៃវ៉ាន់ គឺសុទ្ធតែមានជាតិសាសន៍ជាចិន និងមានបុព្វជនដូចគ្នា។ ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យបក្សកាន់អំណាចតៃវ៉ាន់ចោទជាសំណួរ។ 
 
លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់នៅចន្លោះឆ្នាំ២០០៨ ដល់២០១៦ បានធ្វើទស្សនកិច្ចទៅចិនលើកដំបូង បើគិតចាប់តាំងពីបក្សកុម្មុយនីស្តចិនគ្រប់គ្រងចិនដីគោក ចាប់តាំងពីឆ្នាំ១៩៤៩មក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលចិន កំពុងគំរាមកំហែងសកម្មភាពយោធា និងផ្នែកការទូតលើតៃវ៉ាន់យ៉ាងខ្លាំង។  
 
ក្នុងការបញ្ចេញមតិនៅកន្លែងបូជាលោក ស៊ុន យ៉ាត់សេន នាក្រុងភាគខាងកើតចិន Nanjing លោក Ma បានលើកឡើងថា ប្រជាជននៅម្ខាងៗនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាប្រជាជនចិន។ 
 
«ប្រជាជននៃផ្នែកទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺប្រជាជនចិន និងមានបុព្វជននៃអធិរាជ Yan និង Yellow Emperors»។ អតីតប្រធានាធិបតីចិន បានសង្កត់ធ្ងន់បែបនេះ ដោយសំដៅដល់ប្រជាជននៃដែនដីទាំងពីរមានជាតិសាសន៍មួយរួមគ្នា។ យ៉ាងណាមិញ ក្នុងការស្រង់មតិនៅពេលកន្លងមក ប្រជាជនតៃវ៉ាន់មួយចំនួន មិនបានចាត់ទុកខ្លួនជាជនជាតិចិនឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងដំណើរទស្សនកិច្ចនៅចិននេះ លោកMa បានរងការចោទជាសំណួរពីបក្សកាន់អំណាចតៃវ៉ាន់ ជុំវិញមូលហេតុនៃដំណើរទស្សនកិច្ចនោះ ក្រោយហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងការទូត។ 
 
ទន្ទឹមនេះ អតីតប្រធានាធិបតីតៃវ៉ាន់នៅចន្លោះឆ្នាំ២០០៨ ដល់២០១៦នេះ បានបង្ហាញក្តីសង្ឃឹមថា ប្រជាជនចិនដីគោក និងកោះតៃវ៉ាន់ នឹងធ្វើការរួមគ្នា ដើម្បីស្វែងរកសន្តិភាព បញ្ចៀសសង្រ្គាម និងស្វះស្វែងរកការអភិវឌ្ឍរបស់ចិន។ ត្រង់ចំណុចនេះ លោក Ma បានចាត់ទុកវាជាការទទួលខុសត្រូវ ដែលមិនអាចគេចផុតបាន។ 
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ លោក Ma ដែលកាលនោះជាប្រធានាធិបតីតៃវ៉ាន់ ធ្លាប់ជួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅសិង្ហបុរី៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com