ជាតិ
សង្គមជាតិ
សង្គមស៊ីវិលថា យុវជនគួរងាកមកឈឺឆ្អាលនយោបាយជាតិ ឱ្យច្រើនជាងនយោបាយអន្តរជាតិ
29, Mar 2023 , 8:59 am        
រូបភាព
យុវជនចូលរួមក្នុងកម្មវិធីកិច្ចគាំពាស្ត្រី ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR កាលពីថ្ងៃទី៨ មីនា ២០២៣
យុវជនចូលរួមក្នុងកម្មវិធីកិច្ចគាំពាស្ត្រី ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR កាលពីថ្ងៃទី៨ មីនា ២០២៣
ភ្នំពេញ៖ សង្គមស៊ីវិលប្រាប់ទៅយុវជនឱ្យងាកទៅឈឺឆ្អាលរឿងសង្គម និងនយោបាយក្នុងស្រុកឱ្យបានច្រើន ជាងនយោបាយអន្តរជាតិ ដើម្បីជាប្រយោជន៍សង្គម ដែលពួកគេរស់នៅជាក់ស្ដែង។
 
១០ឆ្នាំចុងក្រោយនេះ សន្ទុះយុវជនចាប់អារម្មណ៍ស្ថានការណ៍នយោបាយអន្តរជាតិ មានច្រើន ខណៈរឿងសង្គមក្នុងស្រុក ហាក់ពុំសូវមានយុវជនហ៊ានជជែកឱ្យផុសផុលឡើយ។ លោក​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ សង្កេតឃើញថា បញ្ហានេះ នឹងធ្វើឱ្យពលរដ្ឋអសកម្មក្នុងសង្គម។ 
 
«យុវជនខ្មែរ ជាពិសេសនិស្សិត គួរយកចិត្តទុកដាក់ និងឈឺឆ្អាលរឿងសង្គម និងនយោបាយរបស់ជាតិខ្លួនឱ្យបានច្រើន ជាងនយោបាយអន្តរជាតិ ឬទំនាក់ទំនងអន្តរជាតិ ពីព្រោះបញ្ហាក្នុងស្រុកប៉ះពាល់ផ្ទាល់ដល់ជីវភាព និងជោគវាសនារបស់អ្នក គ្រួសារ សហគមន៍ និងជាតិរបស់អ្នកផ្ទាល់ ទាំងពេលបច្ចុប្បន្ន និងអនាគត»។ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា លើកឡើងបែបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ដោយលោកបន្តទៀតថា បើយុវជនមិនចូលរួមឈឺឆ្អាលបញ្ហាសង្គមទេ នោះប្រជាធិបតេយ្យក៏មិនអាចរឹងមាំដែរ។ 

លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក ច័ន្ទរឿន
 
បញ្ហាចម្បងដែលយុវជនពុំសូវខ្វល់ខ្វាយពីព្រឹត្តិការណ៍សង្គមកម្ពុជា ពិសេសនយោបាយ គឺដោយសារលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជានៅមានកម្រិត។ ជាក់ស្ដែង ករណីចាប់សកម្មជនដែលឈឺឆ្អាលរឿងសង្គម សកម្មជននយោបាយ រួមទាំងការធ្វើទុក្ខបុកម្នេញលើបក្សក្រៅរដ្ឋាភិបាលឥតឈប់ឈរ។ លោក ប៉ា ច័ន្ទ​រឿន​ ពិនិត្យឃើញដូច្នេះ។ 
 
បើតាមលោក ច័ន្ទរឿន កត្តាទាំងនេះជំរុញឱ្យយុវជន ងាកទៅជជែកនយោបាយក្រៅប្រទេសច្រើនជាង ព្រោះគ្មានបញ្ហាប្រឈម។ ប៉ុន្តែនៅពេលយុវជនជជែកគ្នាចប់ពីនយោបាយអន្តរជាតិ ពួកគេនឹងងាកមកជួបបញ្ហជាច្រើន នៅក្នុងជីវភាពរស់នៅជាប្រចាំទៅវិញ ដោយសារពួកគេខកខានមិនបានឈឺឆ្អាល។ បើតាមលោក ច័ន្ទរឿន បញ្ហាជាច្រើន ដែលមានក្នុងសង្គម ដូចជា បញ្ហាកកស្ទះចរាចរណ៍ សន្តិសុខក្នុងមូលដ្ឋាន រួមទាំងបញ្ហារឿងស្រវឹង គ្រឿងញៀនជាដើម។ វាសុទ្ធសឹងតែជាប្រធានបទ ដែលយុវជនត្រូវនាំគ្នាជជែកពិភាក្សាឱ្យបានច្រើន។ 
 
ចំពោះហេតុផលថា មានការរឹតបន្តឹងចំពោះយុវជន ក្នុងការចូលរួមរិះគន់បញ្ហាសង្គម ឬមានការចាប់ខ្លួន រួមទាំងការធ្វើទុក្ខបុកម្នេញលើសកម្មកជនខាងលើនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ,លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនបានឡើយ។ 
 
ដើម្បីឱ្យយុវជនទៅខ្វល់ខ្វាយបញ្ហាក្នុងសង្គមឱ្យបានផុសផុលវិញ លោក​ ប៉ា ច័ន្ទ​រឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ លើកឡើងថា ត្រូវបើកឱកាសឱ្យមានការជជែកពីបញ្ហាសង្គមឱ្យបានច្រើន ពិសេសនៅសាលារៀន។ លោកសង្កត់ធ្ងន់ថា សូម្បីនយោបាយក្នុងស្រុក ក៏ត្រូវបង្រៀនឱ្យជជែក ឱ្យបានសកម្មដែរ។ លោកប្រាប់ទៅយុវជនថា៖ «ចូលរួមឱ្យសកម្មទើបសង្គមដើរទៅមុខ​។ យុវជនខ្មែរយើង ត្រូវងាកមកចាប់អារម្មណ៍ច្រើន»។
 
ទាក់ទិននឹងករណីនេះ លោក​ យ៉ង​ គឹមអេង ​បាននិយាយសំដៅទៅរដ្ឋាភិបាល និងក្រុមអ្នកតាក់តែងច្បាប់ថា ត្រូវមានគោលនយោបាយលើកទឹកចិត្តឱ្យយុវជន ចូលរួមធ្វើសេចក្ដីសម្រេចចិត្ត រៀនសូត្រ និងស្វែងយល់ពីដំណើការនយោបាយ។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់ឱកាសដល់ពួកគេឱ្យបានច្រើន។ ប៉ុន្តែប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព បានសង្កត់ធ្ងន់ថា៖ «កុំចាប់កំហុសយុវជន ក្នុងអនុវត្តសកម្មភាពសង្គមច្រើនពេក ព្រោះជាពិសោធន៍ដំបូង តែងមានខុសត្រូវ! បើចាប់កំហុស រហូតដល់ឃុំឃាំង ច្បាស់ណាស់ពួកគេលែងហ៊ានខ្វល់ពីបញ្ហាសង្គម»។ 
 

 លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព។ រូបពីហ្វេសប៊ុករបស់ YCUD 
សង្គមស៊ីវិលទាំងពីរ ស្នើអ្នកនយោបាយទាំងអស់ គួររៀបចំឱ្យមានវប្បធម៌ជជែកគ្នាដោយសន្តិវិធី ហើយគិតដល់សង្គមជាតិជំនាន់ក្រោយ។ ពួកគេជឿថា ពេលបើកលំហឱ្យមានការជជែករិះគន់បញ្ហាសង្គម ហើយអ្នកនយោបាយងាកមកបង្ហាញទស្សនៈប្រកួតប្រជែងគ្នា ដោយគោលនយោបាយនោះ យុវជននឹង​ងាកមករួមគ្នា ដោះស្រាយបញ្ហាសង្គម។
 
​​តែទស្សនៈខាងលើនេះ ត្រូវបាន លោក ជិន ម៉ាលីន អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញផ្ទុយពីសង្គមស៊ីវិល។ អ្វីដែលលោកកត់សម្គាល់ឃើញ យុវជនសព្វថ្ងៃចាប់អារម្មណ៍លើបញ្ហាសង្គម នយោបាយ មនុស្សធម៌ យ៉ាងសកម្ម។ យុវជនភាគច្រើនលើសលុប គឺមានការពេញចិត្តនឹងការវិវឌ្ឍន៍ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
 
 
លោក​ ជិន ម៉ាលីន​ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបពី ហ្វេសប៊ុករបស់លោក ម៉ាលីន 

«លើកលែងតែយុវជនមួយក្រុមទៀតតូចប៉ុណ្ណោះទេ តែធ្វើសកម្មភាពតាមការញុះញង់តាមអ្នកនយោបាយ ដើម្បីប្រយោជន៍នយោបាយ ហើយធ្លាក់ខ្លួនជ្រុលក្នុងឧបាយកលជ្រុលនិយមមួយចំនួន ឈានដល់ប្រព្រឹត្តបទល្មើស ដែលប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់»។ នេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន ដែលប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា មានតែយុវជនមួយក្រុមតូចទេ ដែលប្រឈមមុខផ្លូវច្បាប់ ខណៈយុវជនមួយក្រុមធំទៀត ចូលរួមជាមួយរដ្ឋាភិបាលយ៉ាងសកម្ម៕ 

Tag:
 សង្គម
  នយោបាយ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com