កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ មិនអាចហែចូលព្រុយណេដោយសារបុណ្យរ៉ាម៉ាឌន និងប្តូរទៅឥណ្ឌូណេស៊ីព្រឹកនេះវិញ
29, Mar 2023 , 10:59 am        
រូបភាព
រូបភាព Sovannara Khem
រូបភាព Sovannara Khem
ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរពីទីក្រុង Tagaytay ប្រទេសហ្វីលីពីន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ដើម្បីបន្តកម្មវិធីដង្ហែភ្លើងគប់តំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។

បើតាមកាលវិភាគនៃការដង្ហែភ្លើងគប់ ព្រុយណេឯណោះទេ ទើបជាប្រទេសទី៣ដែលត្រូវទទួលគប់ភ្លើងពីហ្វីលីពីន ​ ប៉ុន្តែបែជាត្រូវប្តូរទៅឥណ្ឌូណេស៊ីជំនួសវិញ។ តាមពិតឥណ្ឌូណេស៊ីជាប្រទេសទី៤ ដែលត្រូវទទួលភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២ ពីព្រុយណេ។
  
រូបភាព Sovannara Khem
ជុំវិញការផ្លាស់ប្តូរនេះ លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមតេឡេក្រាមថា ដោយសារច្បាប់ប្រទេសព្រុយណេ មិនអនុញ្ញាតឱ្យមានពិធីជួបជុំអំឡុងប្រារព្ធពិធីរ៉ាម៉ាឌន (Ramadan) ទើបពិធីដង្ហែភ្លើងគប់មិនអាចធ្វើក្នុងប្រទេសនេះបាន។
 
លោក សុខវិសាល បន្ថែមថា ពិធីហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជុំវិញប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍ ទំនងត្រូវរំលងប្រទេសព្រុយណេតែម្តងដោយសារច្បាប់មិនឱ្យមានពិធីជួបជុំអំឡុងពិធីរ៉ាម៉ាឌននេះ។
 
គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) រួមជាមួយប្រតិភូ ត្រូវចាកចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងជាប្រទេសទី៣ បន្ទាប់ពីវៀតណាម និងហ្វីលីពីន ដែលត្រូវបន្តហែភ្លើងគប់របស់កម្ពុជា។ បើមិនមានការផ្លាស់ប្តូរអ្វីនោះទេ នៅថ្ងៃទី៣០ ពិធីដង្ហែភ្លើងគប់ នឹងធ្វើក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី មុនចាកចេញទៅ ប្រទេសទីម័រខាងកើតនៅថ្ងៃបន្ទាប់។
 
ប្រទេសបន្តបន្ទាប់ទៀតរួមមាន ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនមកដល់ភ្នំពេញ ដើម្បីហែចូលចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមេសា។
 
ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com