ពលរដ្ឋកម្ពុជា ៤,៨លាននាក់នៅទូទាំងប្រទេស បានខ្ចីលុយពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៨៥ស្ថាប័ន ដែលជាសមាជិកក្រុមហ៊ុន Credit Bureau Cambodia (CBC)។ ក្នុងនោះពលរដ្ឋដែលខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបន្ទាយមានជ័យ។
ទឹកប្រាក់ចំនួន ១៩៥ ៤៣៩ ២៣៤លានរៀល (៤៨ពាន់លានដុល្លារអាម៉េរិក) គឺជាទំហំឥណទាន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកក្រុមហ៊ុន CBC បានផ្តល់ឱ្យប្រជាពលរដ្ឋ នៅក្នុង២៥ រាជធានី-ខេត្ត។ នេះជាទំហំឥណទានសរុប ដែលគិតនៅត្រឹមដំណាច់ឆ្នាំ២០២២។ ស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំ២០២២ របស់CBC បានបង្ហាញថា ពលរដ្ឋនៅភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបន្ទាយមានជ័យ ទទួលបានឥណទាន រហូតជិត៦០ភាគរយ នៃឥណទានសរុបនេះ។
យោងតាមស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំរបស់ CBC ទើបចេញផ្សាយកាលពីថ្ងៃទី២១មីនា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ឈរនៅលំដាប់ទីមួយ ដែលមានពលរដ្ឋ ៦១,៧ ម៉ឺននាក់ បានខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ៨១ ៦៨១ ៦០៦លានរៀល (២០ពាន់លានដុល្លារ)។ ទំហំនេះ គឺស្មើនឹង៤២ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស។
បន្ទាប់មកគឺខេត្តកណ្តាល មានអ្នកខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៧,៤ម៉ឺនាក់។ ទំហំទឹកប្រាក់ដែលពលរដ្ឋទាំងនេះ ខ្ចីយកមកប្រើប្រាស់មាន ១១ ៤៩៥ ៨៦០លានរៀល (ប្រមាណ ២ ៨០០លានដុល្លារ) ។ ចំនួននេះ ស្មើនឹង ៥,៩ ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស។
សម្រាប់ខេត្តសៀមរាប មានពលរដ្ឋ៣១,៦ម៉ឺននាក់ បានខ្ចីលុយពីធនាគារ និងហិរញ្ញវត្ថុ ក្នុងទំហំ១០ ៤៥៤ ៥៦៧លានរៀល(ប្រមាណ២ ៥០០លានដុល្លារ)។ ទំហំកម្ចីរបស់ពលរដ្ឋប្រចាំខេត្តនេះគឺស្មើនឹង ៥,៣ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស។
បន្ទាយមានជ័យ គឺជាខេត្តមានបរិមាណឥណទានខ្ពស់លំដាប់ទីបួន ក្នុងចំនួន ១០ ០៤៨ ៥០៨លានរៀល(ប្រមាណ២ ៤០០លានដុល្លារ)ស្មើនឹង៥,១ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស។ ខេត្តនេះ មានពលរដ្ឋចំនួន ២១,៨ម៉ឺននាក់ ដែលខ្ចីលុយទាំងនេះពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។
ដោយឡែក ខេត្តដែលមានបរិមាណឥណទានទាបនៅឡើយក្រោមទឹកប្រាក់ ១ ០០០លានរៀល (២៥ម៉ឺនដុល្លារ) គឺមានមណ្ឌលគិរី ប៉ៃលិន និងកែប។
ជារួម មានប្រហែល៧៦ភាគរយ នៃអតិថិជន ៤,៨ លាននាក់នៅទូទាំងប្រទេស បានខ្ចីប្រាក់តែ១ស្ថាប័នប៉ុណ្ណោះ និងប្រហែល១៩ភាគរយនៃអតិថិជន បានខ្ចីប្រាក់ពី២ស្ថាប័ន។ រីឯ អតិថិជន ៥ភាគរយទៀត បានខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន៣ស្ថាប័ន។ នេះបើតាមរបាយការណ៍ពីCBC៕