ជាតិ
ប្រធាន គ.ជ.ប ស្នើជប៉ុនឱ្យប្រាប់បក្សនយោបាយនៅកម្ពុជា ឱ្យសិក្សាពីច្បាប់បោះឆ្នោត ព្រោះតែងតែប្ដឹង ដោយគ្មានភស្តុតាង
29, Mar 2023 , 3:49 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖គ.ជ.ប
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖គ.ជ.ប
ដោយ:
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្នើលោក អ៊ីអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រាប់បក្សនយោបាយនៅកម្ពុជា ឱ្យសិក្សាពីច្បាប់បោះឆ្នោត ដើម្បីកុំឱ្យប្ដឹង ដោយគ្មានភស្តុតាង។


ក្នុងជំនួបពិភាក្សាគ្នា កាលពីថ្ងៃទី២៧ មីនា ប្រធានគ.ជ.ប រូបនេះ បានថ្លែងក្នុងដូច្នេះថា៖«សំណូមពរដល់ភាគីជប៉ុន ជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះ តែងតែប្តឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង»។
 
ជាមួយគ្នានេះ លោក អាត់ស៊ូស៊ី បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ លោក អាត់ស៊ូស៊ី សង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ 
 
ឆ្លើយតបសំណើលោក ប្រាជ្ញ ចន្ទ វិញ អគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោត»។
 
បន្ថែមពីនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន ១៦លើករួចមកហើយ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
 
ពាក់ព័ន្ធនឹងការអប់រំអ្នកបោះឆ្នោត គ.ជ.ប មានកិច្ចសហប្រតិបត្តិការជាមួយជំនាញការបោះឆ្នោតមកពីអង្គការ JICA ។ គ.ជ.ប ក៏បានចុះទៅផ្សព្វផ្សាយអប់រំជាប្រចាំដល់សិស្ស និស្សិត នៅតាមសាលារៀន និងសាកលវិទ្យាល័យមួយចំនួនផងដែរ។
 
ក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ ក៏បានប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពីដំណើរទស្សនកិច្ចសង្កេតមើលការបោះឆ្នោតនៅបារាំង ដោយបានមានប្រសាសន៍ថា៖«ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង មិនដូចប្រព័ន្ធបោះឆ្នោនៅកម្ពុជាទេ ក៏ប៉ុន្តែការរៀបចំការបោះឆ្នោតមានគោលដៅដូចគ្នា គឺការបោះឆ្នោតត្រូវតែប្រកាន់យកតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៨ ខែមីនានេះ ការបោះឆ្នោតនៅកម្ពុជា និងបារាំង គឺប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែខុសគ្នាត្រង់ថា ប្រព័ន្ធនៃការបោះឆ្នោតនៅបារាំង ស្ថិតក្រោមការរៀបចំរបស់ក្រសួងមហាផ្ទៃ។ ចំណែកកម្ពុជា មានស្ថាប័នមួយដាច់ដោយឡែក និងមានគណៈកម្មការដើម្បីរៀបចំការបោះឆ្នោត ហើយប្រធានការិយាល័យបោះឆ្នោតគឺ មេឃុំ និងចៅសង្កាត់តែម្ដង។
 
នាពេលខាងមុខនេះ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ការបោះឆ្នោតមួយទៀត គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ប្រាជ្ញ ចន្ទ។
 
បើតាមលោក ប្រាជ្ញ ចន្ទ តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានទទួលជំនួយពីជប៉ុន រួមមាន ទឹកប្រាក់ជាង ១០លានដុល្លារ ជំនួយជាសម្ភារ ស៊ើវើ (server) សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្ត ហិបឆ្នោត និងជំនាញការបច្ចេកទេសជាដើម។ តាមរយៈអង្គការ JICA គ.ជ.ប ក៏មានជំនាញការមួយរូប កំពុងជួយដល់ការងារអប់រំអ្នកបោះឆ្នោតផងដែរ៕
 

Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com