អន្តរជាតិ
ចិនព្រមានសងសឹង ប្រសិនបើប្រធានសភាតំណាងអាម៉េរិកជួបប្រធានាធិបតីតៃវ៉ាន់
29, Mar 2023 , 7:29 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
ចិន នៅថ្ងៃទី២៩ ខែមីនា បានព្រមានសងសឹក ប្រសិនបើប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងអំឡុងពេលលោកស្រីត្រូវឆ្លងកាត់អាម៉េរិក នៅខែក្រោយ។
 
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ត្រូវធ្វើទស្សនកិច្ចនៅអាម៉េរិកកណ្តាល ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមីនា ដោយត្រូវចុះចតនៅអាម៉េរិក។ បើទោះគ្មានការប្រកាសជាផ្លូវការក្តី ប៉ុន្តែលោកស្រី Tsai ត្រូវបានរំពឹងថា នឹងជួបជាមួយលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក។ 
 
ទាក់ទិននឹងព័ត៌មាននេះ ចិន បានព្រមានទុកជាមុនថា នឹងសងសឹក ប្រសិនបើមេដឹកនាំភាគីទាំងពីរជួបគ្នាពិតមែន។
 
«ប្រសិនបើលោកស្រី Tsai បានជួបជាមួយលោក Kevin McCarthy វានឹងជាសកម្មភាពបង្ករឿងមួយទៀត ដែលបំពានគោលការណ៍ចិនតែមួយ ធ្វើឱ្យប៉ះពាល់អធិបតេយ្យ និងបូរណភាពរបស់ចិន រួមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ លោកស្រី Zhu Fenglian អ្នកនាំពាក្យកិច្ចការតៃវ៉ាន់របស់ចិន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងក្រុងប៉េកាំង នៅថ្ងៃទី២៩ ខែមីនា។ 
 
បើតាមអ្នកនាំពាក្យរូបនេះ លោកស្រី Tsai នឹងមិនត្រឹមតែឆ្លងកាត់អាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែមេដឹកនាំតៃវ៉ាន់រូបនេះ អាចជួបជាមួយមន្រ្តី ឬសមាជិកសភាអាម៉េរិក។ ជុំវិញការជួបគ្នារវាង លោក Kevin McCarthy និងលោកស្រី Tsai លោកស្រី Zhu បានជំទាស់យ៉ាងខ្លាំង និងព្រមានសងសឹកឱ្យបានខ្លាំងបំផុត។ 
 
ជាការឆ្លើយតប លោកស្រី Tsai នៅអាកាសយានដ្ឋានអន្តរជាតិក្នុងក្រុង Taoyuan បានថ្លែងថា សម្ពាធខាងក្រៅ មិនអាចបំផ្លាញការប្តេជ្ញារបស់តៃវ៉ាន់ចំពោះពិភពលោកបានឡើយ ហើយតៃវ៉ាន់នៅតែបន្តធ្វើដំណើរ ដើម្បីសេរីភាព និងប្រជាធិបតេយ្យ។
 
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាអាម៉េរិក នៅក្នុងឆ្នាំ២០២២ កន្លងទៅ បានធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃនៅជុំវិញកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រីផេឡូស៊ី និងគ្រួសារថែមទៀត៕ 
 

Tag:
 ចិន
  អាម៉េរិក
  ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com