អន្តរជាតិ
លោក ហ្សេលេនស្គីអញ្ជើញលោកស៊ី ជិនភីងទៅទស្សនកិច្ចនៅអ៊ុយក្រែន
29, Mar 2023 , 8:29 pm        
រូបភាព
លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ខាងឆ្វេង) និងសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ខាងឆ្វេង) និងសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញសមភាគីចិន លោកស៊ី ជិនភីង ទៅទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីជជែកពីប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផែនការសន្តិភាពជាដើម។


ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង លោកស៊ី ជិនភីង មិនធ្លាប់ជួបលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនអ៊ុយក្រែនឡើយ។ ថ្មីៗនេះ លោកស៊ី បានធ្វើទស្សនកិច្ចនៅក្រុងមូស្គូ ក្រោយកាន់តំណែងជាប្រធានាធិបតី នៅអាណត្តិទីបី។ ជុំវិញបញ្ហានេះ លោកហ្សេលេនស្គី បានអញ្ជើញមេដឹកនាំចិន ទៅទស្សនកិច្ចនៅអ៊ុយក្រែន។ 
 
«យើងត្រៀមខ្លួនជាស្រេចដើម្បីឃើញគាត់នៅទីនេះ»។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា។ កន្លងមក ចិន បានដាក់ចេញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានរុស្ស៊ីចាត់ទុកជាចំណាត់ការមូលដ្ឋាន ក្នុងការស្វះស្វែងរកសន្តិភាព ក្នុងសង្រ្គាម ដែលបានអូសបន្លាយជាមួយឆ្នាំ។ 
 
បន្ថែមពីនេះ លោកហ្សេលេនស្គី ក៏បានស្វាគមន៍ចំពោះការចូលរួមផ្នែកការទូតរបស់ចិន ក្នុងសង្រ្គាមនៅអ៊ុយក្រែនដែរ ប៉ុន្តែអ៊ុយក្រែន នឹងពិចារណាលើការស្វះស្វែងរកសន្តិភាព លុះត្រាតែរុស្ស៊ីដកទ័ពចេញពីដែនដីអ៊ុយក្រែន ដោយរួមទាំងដែនដីចំនួន ៤ដែលរុស្ស៊ីក្តាប់យក។ 
 
កន្លងមក សំណើសន្តិភាពរបស់ចិនត្រូវបានអាម៉េរិករិះគន់យ៉ាងខ្លាំង និងចោទចិនថា មិនបានរិះគន់ការឈ្លានពានរបស់រុស្ស៊ី។ បើតាមអាម៉េរិក សំណើរកសន្តិភាពរបស់ចិន មានតែជួយឱ្យរុស្ស៊ីទទួលបានដែនដីអ៊ុយក្រែន និងប្រមូលកម្លាំងឡើងវិញប៉ុណ្ណោះ។ 
 
គួររំឭកថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ប្រាប់សមភាគីចិន ស៊ី ជិនភីង នាជំនួបក្រៅផ្លូវការថា រុស្ស៊ីបើកចំហដល់ការជជែកពីសំណើរបស់ចិនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី ក៏ស្វាគមន៍ជំហររបស់ចិនដែលចង់ដើរតួនាទីប្រកបដោយស្ថាបនាក្នុងការបញ្ចប់ជម្លោះផងដែរ៕ 
 

Tag:
 អ៊ុយក្រែន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com